ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្រោម​កិច្ចសហការ​ជា​មួយ UNDP និង​ក្រុមហ៊ុន The Idea នឹង​រៀបចំ​ «​មហា​ពិព័រណ៍​ទិញ​ទំនិញ​តាម​អន​ឡាញ​» រយៈពេល​ ៣​ថ្ងៃ​នៅ​ចុង​សប្តាហ៍​នេះ​ ដើម្បី​លើកកម្ពស់​ការ​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ និង​ឌី​ជី​ថ​ល​នៅ​កម្ពុជា​។​

​សេចក្តីប្រកាស​ព័ត៌មាន​ឱ្យដឹងថា មហា​ពិព័រណ៍​ទិញ​ទំនិញ​តាម​អន​ឡាញ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៧-១៩ ខែកញ្ញា គឺជា​ពិព័រណ៍​អន​ឡាញ​ដំបូង​គេ​មិន​ធ្លាប់​មាននៅ​កម្ពុជា​សម្រាប់​ការ​​ទិញ​លក់ទំនិញ​ ដើម្បី​លើកទឹកចិត្ត​ម្ចាស់​អាជីវកម្ម និង​អ្នក​ចូលចិត្ត​ដើរ​ទិញ​ទំនិញ​ទាំងអស់​ឱ្យ​ងាក​មក​ទិញ​ទំនិញ​តាម​អន​ឡាញ​។​

​ក្រសួង​ឱ្យដឹងថា​៖ «​មហា​ពិព័រណ៍​មួយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​កូ​វីដ​ ១៩ លើ​សេដ្ឋកិច្ច ជាពិសេស​លើ​អាជីវកម្ម​ខ្នាតតូច​នៅ​កម្ពុជា និង​ចូលរួម​ផ្លាស់​​ប្ដូរ​ឥរិយាបថ ដោយ​ការងា​កមក​ទិញ​ទំនិញ​នៅតាម​អន​ឡាញ ព្រមទាំង​គាំទ្រ​ដល់​អាជីវកម្ម​ក្នុងស្រុក​ ដើម្បី​ចូលរួម​ពង្រឹង​វត្តមាន​អាជីវកម្ម​របស់​ពួកគាត់​តាម​វិស័យ​ឌីជីថល​»​។​

​មហា​ពិព័រណ៍​នេះ នឹង​បើកទូលាយ​សម្រាប់​អ្នកចូលរួម​គ្រប់ទិសទី​។​

​កន្លងមក​ដោយមាន​កា​រ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​អូស្ត្រាលី ក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍ និង UNDP បានប្រកាស​ពី​ការចាប់ផ្តើម​ដំណើរការ​សម្ព័ន្ធ​មួយ ដែលមាន​ឈ្មោះថា កាន់តែខ្លាំង​ជាមួយ​ឌីជីថល​។

សម្ព័ន្ធ​នេះ មាន​គោលដៅ​ភ្ជិត​គម្លាត​ចំណេះដឹង និង​ជំនាញ​របស់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម ​(MSMEs)​ ដែល​កំពុងមាន​វត្តមាន​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ខ្លះ​ហើយ ប៉ុន្តែ​មិនទាន់​មានលទ្ធភាព​កែសម្រួល​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អន​ឡាញ​របស់ខ្លួន ដើម្បី​អាចឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ដែល​បង្កឡើង​ ​ដោយសារ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​កូ​វីដ​ ១៩ នៅឡើយ​ទេ​។​

​សម្ព័ន្ធ​នេះ​ប្រើប្រាស់​អភិក្រម​ចំនួន ២ ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​ឌីជីថល ជាមួយនឹង​អតិថិ​​ជន និង MSMEs តាមរយៈ​ការប្រើ​​ប្រាស់​យុទ្ធនា​ការបង្កើន​ការយល់ដឹង ដោយ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ និងកម្មវិធី​បណ្តុះបណ្តាល​ជាក់លាក់​ដល់​ក្រុម​គោលដៅ​នីមួយៗ​។​

​យុទ្ធនា​ការបង្កើន​ការយល់ដឹង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​នេះ មាន​បំ​​ណង​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​អតិថិជន ​៣ ១០០ ០០០​ នាក់ និង MSMEs ចំនួន ១០០ ០០០​ សហគ្រាស​ ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើន​ការទិញ លក់​តាមរយៈ​ថ្នាល​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ទីផ្សារ​ឌី​ជី​ថ​ល​ដទៃទៀត​។

កម្មវិធី​នេះ​នឹង​បន្ត​ផ្តល់​ការបំពាក់​បំប៉ន​ដល់ MSMEs ចំនួន ១ ០០០ សហគ្រាស​នូវ​ជំនាញ​ចាំបាច់ ដើម្បីឱ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​របៀប​ធ្វើ​អាជីវកម្ម​ដោយផ្ទាល់ ​(​តាមបែប​ប្រពៃណី​)​ ទៅជា​អាជីវកម្ម​អន​ឡាញ ដែល​អាចឱ្យ​ពួកគេ​លក់ទំនិញ និង​សេវាកម្ម​ប្រកបដោយ​ជោគជ័យ​តាម​ប្រព័ន្ធ​អន​ឡាញ​៕ LA​