ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញប្រកាស​ស្តីពី​វិធាន និង​នីតិវិធី នៃ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិ​ប​តិ្ត​ការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​គ្រប់គ្រង​ការប្រមូល​អាករ​លើ​តម្លៃបន្ថែម​លើ​ការផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវាកម្ម​ឌីជីថល ដែល​កំពុងមាន​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អេ​​ឡិច​ត្រូ​និក​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ក្រសួង ចុះ​ថ្ងៃទី​ ៨ ខែ កញ្ញា ឆ្នាំ​ ២០២១​។​

​ប្រកាស​នេះ​ធ្វើឡើង​នៅក្នុង​គោលបំណង​ដើម្បី​កំណត់​វិធាន និង​នីតិវិធី​អនុវត្ត និង​គ្រប់គ្រង​ការប្រមូល​អាករ​លើ​តម្លៃបន្ថែម​លើ​ការផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវាកម្ម​ឌីជីថល ដែល​បានធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន​ដែល​មិនមាន​គ្រឹះស្ថាន​អចិន្ត្រៃ​យ៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​អនុក្រឹត្យ​លេខ​ ៦៥ អន​.​ក្របក​ចុះ​ថ្ងៃទី ​៨ ខែ មេសា ឆ្នាំ ​២០២១ ស្តីពី​ការ​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំ​​ពោះ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ការផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជក​ម្ម​តាម​ប្រ​ព័ន្ធ​អេឡិចត្រូនិក ​ដែល​ធ្វើឡើង​ដោយ​អ្នកផ្គត់ផ្គង់​អ​និវាស​ន​ជន​នៅក្រៅ​ព្រះរាជាណាចក្រ​កម្ពុជា មក​ព្រះរាជាណាចក្រ​កម្ពុជា និង​ចំពោះ​អ្នក​ជាប់ពន្ធ​និវាស​ន​-​ជន​ដែល​ទទួល​ការផ្គត់ផ្គង់​ទំ​និ​ញ​ឌីជីថល ឬ​សេវា​ឌីជីថល ឬក៏​រាល់​សកម្មភាព​ពាណិជ្ជក​ម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពី​អ្នក​ជាប់ពន្ធ​អ​និវាស​ន​ជន​។​

​តម្លៃ​ជាប់​អាករ​នៃ​ការផ្គត់ផ្គង់ គឺជា​ថ្លៃទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​ដែល​អ្នកលក់​យក​ពី​អ្នកទិញ​។ ក្នុងករណី​ការទូទាត់​ចំពោះ​ការផ្គត់ផ្គង់​ជាប់​អាករ​សំណង​អ្វីមួយ​ក្រៅពី​ប្រាក់កាស ដើម្បី​ជា​ផលប្រយោជន៍​ផ្ទាល់ ឬ​ប្រយោល​ដល់​អ្នកផ្គង់ផ្គង់​សំ​ណង​នោះ​ ត្រូវ​គិត​ក្នុងតម្លៃ​ជាប់​អាករ​តាម​តម្លៃ​ទីផ្សារ​។​

​ប្រសិនបើ ជា​តម្លៃ​ជាប់​អាករ​របស់​ទំនិញ​ឌីជីថល ឬ​សេវាកម្ម​ឌីជីថល​ដែល​បាន​ផ្គត់ផ្គង់​មិន​តំណាងឱ្យ​តម្លៃពិត រដ្ឋបាល​សារពើពន្ធ​អាច​កំណត់​ចេញ​នូវ​តម្លៃ​មួយ ហើយ​តម្លៃ​នោះ​ត្រូវ​ចាត់ទុកជា​តម្លៃ​ត្រឹមត្រូវ​រហូតដល់​មាន​ភ័ស្តុតាង​បញ្ជាក់​ដែល​រដ្ឋបាល​សារពើពន្ធ​យល់ព្រម​។​

​ប្រកាស​នេះ​ធ្វើឡើង​ស្រប​តាមច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​ដែល​បាន​ចូល​ជា​ធរមាន​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។​

​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ធ្លាប់បាន​លើក​ឡើង​នៅក្នុង​ឯកសារ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​កាលពី​ថ្មីៗ​នេះ​ថា ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ ​ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០៣៥ រដ្ឋាភិបាល​ត្រូវ​សម្រេច​ឱ្យបាន​នូវ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ដោយ​អនុលោម​តាម​គោល​ការណ៍​ចំនួន ៣ គឺ​ការកសាង​មូលដ្ឋានគ្រឹះ​ឌីជីថល ការចាប់យក​ឌីជីថល និង​ការធ្វើ​បរិវត្ត​​កម្ម​ឌីជីថល​៕ LA​