ទីក្រុង​សេ​អ៊ូ​ល​: ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អាមេរិក Google ដែល​កំពុង​រង​ការរិះគន់​នៅ​កូរ៉េខាងត្បូង​ពីបទ​រំលោភបំពាន​អ្នកដទៃ​ដោយ​អំណាច​ទីផ្សារ​របស់ខ្លួន កាលពី​ថ្ងៃ​ពុធ បាន​ឆ្លើយតប​ទៅនឹង​ការរិះគន់​ដោយ​លើក​ហេតុផល​ថា​ខ្លួន​បានរួម​ចំណែក ១១,៩ ពាន់​ពាន់​លាន​វ៉ុ​ន (១០,២៥ ពាន់​លាន​ដុល្លារ​) នៅក្នុង​ផលប្រយោជន៍​សេដ្ឋកិច្ច​ដល់​ប្រជាជន​កូរ៉េ​កាលពី​ឆ្នាំមុន​។

ការរៀបចំ​ព្រឹត្តិការណ៍​សារព័ត៌មាន​តាម​អន​ឡាញ​ដែលមាន​ឈ្មោះថា៖ “Google សម្រាប់​កូរ៉េ​” នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​យក្ស​អាមេរិក​បាន​ដកស្រង់​ទិន្នន័យ​ពី​ក្រុមហ៊ុន​វិភាគ​ទីផ្សារ​ពិភពលោក ដើម្បី​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​វត្តមាន​របស់ខ្លួន​នៅក្នុង​ប្រទេស​កូរ៉េ​។

​លោកស្រី Susan Wojcicki ប្រធាន​គេហទំព័រ YouTube ដែល​បាន​លើក​តាម​របាយការណ៍​ចេញផ្សាយ​ដោយ Oxford Economics បាន​និយាយថា​៖ “​កាលពី​ឆ្នាំមុន​ប្រព័ន្ធ​អេកូ​ច្នៃប្រឌិត​របស់​ youtube​ បានរួម​ចំណែក​ប្រហែល ១,៦ ពាន់​ពាន់​លាន​វ៉ុ​ន​ ដល់​ផលិតផល​ក្នុងស្រុក​សរុប​របស់​កូរ៉េ​និង​បង្កើត​ការងារ​ពេញ​ម៉ោង​ចំនួន ៨៦ ៦៣០"​។​

​សេវាកម្ម​ផ្សេងទៀត​របស់​ Google ក៏បាន​សង្កត់ធ្ងន់​លើ​ការរួមចំណែក​ផ្នែក​សេដ្ឋកិច្ច​របស់​ពួកគេ​ចំពោះ​សេដ្ឋកិច្ច​កូរ៉េ​ផងដែរ​។ ក្រុមហ៊ុន​បាន​និយាយថា រួមទាំង ១,៦ ពាន់​ពាន់​លាន​វ៉ុ​ន ​របស់​ Youtube ដែល​អត្ថប្រយោជន៍​សរុប​មាន​ចំនួន ១១,៩ ពាន់​ពាន់​លាន​វ៉ុ​ន ​ក្នុង​ ១ ឆ្នាំ​។​

ក្រុមហ៊ុន​បាន​និយាយថា តាម​ប្រភេទ​អត្ថប្រយោជន៍ទឹកប្រាក់ ​៥,១ ពាន់​ពាន់​លាន​វ៉ុ​ន ​បានមកពី​ហាង​កម្មវិធី App របស់ Google ៤,២ ពាន់​ពាន់​លាន​វ៉ុ​ន​តាមរយៈ​ម៉ាស៊ីន​ស្វែងរក​របស់​Google និង ២,៥ ពាន់​ពាន់​លាន​វ៉ុ​ន​តាមរយៈ​ឧបករណ៍​ផលិតភាព​ការិយាល័យ​ដោយ​ឥតគិតថ្លៃ​របស់ខ្លួន​។

Google ក៏បាន​អះអាងថា ខ្លួន​បានផ្តល់​មកវិញ​នូវ​ផលចំណេញ​ប្រចាំឆ្នាំ​ប្រមាណ ១០,៥ ពាន់​ពាន់​លាន​វ៉ុ​ន​ ដល់​សហគ្រាស​កូរ៉េខាងត្បូង​រួមទាំង​ប្រាក់ចំណេញ​ប្រមាណ ៣,៥ ពាន់​ពាន់​លាន​វ៉ុ​ន​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​ក្នុងស្រុក​តាមរយៈ​ហាង​កម្មវិធី​របស់ខ្លួន​។

​ព្រឹត្តិការណ៍​នេះ​បានរៀបចំ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​គណៈកម្មការ​ពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​បានដាក់​ពិន័យ​ក្រុមហ៊ុន Google ចំនួន ២០៧,៤ ពាន់​លាន​វ៉ុ​ន ​ពីបទ​រំលោភ​អំណាច​ទីផ្សារ​របស់ខ្លួន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរស័ព្ទ​ចល័ត Android បន្ទាប់ពី​ការស៊ើបអង្កេត​អស់​រយៈពេល ៥ ឆ្នាំ​។

​កាលពី​ចុងខែ​មុន ប្រទេស​កូរ៉េខាងត្បូង​ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​នៅលើ​ពិភពលោក​ដែល​ប្រឆាំង​គោលនយោបាយ​ទូទាត់​ប្រាក់​ក្នុង​កម្មវិធី​ថ្មី​របស់ ​Google ដោយបាន​បង្កើត​ច្បាប់​ដែល​សំដៅ​ក្រុមហ៊ុន​នោះ ជា​“​ច្បាប់​ប្រឆាំង Google”​។​

Google ​បាន​និយាយ​បន្ទាប់ពី​រដ្ឋសភា​អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​ថា ខ្លួន​នឹង​ស្វែងរក​វិធី​ដើម្បី​អនុវត្ត​តាមច្បាប់​ថ្មី​។

​ក្នុងអំឡុងពេល​ព្រឹត្តិការណ៍​កាលពី​ថ្ងៃ​ពុធ ប្រធាន​ផ្នែក youtube បានបង្ហាញ​ពី​របៀប​ដែល​សេវាកម្ម​របស់ខ្លួន​បាន​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ជនជាតិ​កូរ៉េ​ជាច្រើន​។

បណ្តាញ ​youtube​ជិត ៥ ៥០០ នៅ​ប្រទេស​កូរ៉េខាងត្បូង​ឥឡូវនេះ​មាន​អតិថិជន​ជាង ១០០ ០០០ នាក់ ខណៈ​បណ្តាញ​ជាង ​៥០០ នៅក្នុង​ប្រទេស​មាន​អតិថិជន​ជាង ១​ លាន​នាក់​។

​ចំពោះ​ការសម្រេចចិត្ត​របស់ FTC កាលពី​ថ្ងៃ​អង្គារ​ ក្រុមហ៊ុន​បាន​និយាយថា ​ខ្លួន​មាន​គម្រោង​ប្តឹង​ឧទ្ធរណ៍​ដោយ​អះអាងថា ​វា ​“​មិនបាន​វាយតម្លៃ​យ៉ាង​ពេញលេញ​នូវ​អត្ថប្រយោជន៍​ទាំងអស់​ដែល​យើង​បាន​បង្កើតឡើង​” ដល់​អតិថិជន​អ្នក​អភិឌ្ឍន៍​កម្មវិធី​និង​អ្នក​ផលិត​ឧបករណ៍​ឡើយ​៕ Korea Herald-ANN/RR