ភ្នំពេញៈ ដើម្បី​ធ្វើឱ្យ​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើងវិញ​អាច​ទទួលបាន​ជោគជ័យ កម្ពុជា​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំង​លើ​កត្តា​សំខាន់ៗ​ចំនួន​ ២ គឺ​ការរៀបចំ​ឱ្យបាន​ល្អ​នូវ​សេវាកម្ម​ផ្នែក​ខាងក្នុង​ឱ្យស្រប​តាម​បរិបទ​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​ការបង្កើន​ទំនោរ​ការសម្រេចចិត្ត​របស់​ភ្ញៀវទេសចរ​ក្រៅ​ប្រទេស​។ នេះ​បើ​យោងតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

ថ្លែង​ក្នុង​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍​ផ្ទៃក្នុង​រយៈពេល​ ៩ ​ខែ​ដើមឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១៥ ខែកញ្ញា លោក ថោង ខុន បានឱ្យដឹងថា ក្នុងដំណាក់កាល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ទេសចរ​អន្តរជាតិ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដោយ​ពេលនេះ​វិស័យ​ទេសចរណ៍​ត្រូវ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ទេសចរ​ផ្ទៃក្នុង​ប្រទេស​តែប៉ុណ្ណោះ​។

លោក​បន្តថា ដោយសារ​បច្ចុប្បន្ន​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅក្នុង​ស្រុក​មាន​ភាពធូរស្រាល កម្ពុជា​ក៏មាន​ផែនការ​ត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ​ដែរ​។ មាន​កត្តា​ធំៗ​ ២ ដែល​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ដើម្បី​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​អន្តរជាតិ​មានដំណើរ​ការឡើង​វិញ​។

លោក​អះអាងថា​៖ «​ដើម្បី​សម្រេចបាន​ការបើកទទួល​ភ្ញៀវទេសចរ​ឡើងវិញ​ប្រកបដោយ​ជោគជ័យ កម្ពុជា​ចាំបាច់​ពឹងផ្អែក​លើ​កត្តា​កំណត់​សំខាន់ ២ គឺ​កត្តា​ខាងក្នុង​ដែល​សំដៅ​ដល់​ការត្រៀមខ្លួន​របស់​អាជីវកម្ម​ទេសចរណ៍​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​គ្រប់​ខ្សែចង្វាក់​ផលិតកម្ម​នៃ​វិស័យ​ទេសចរណ៍​។ ចំណុច​គន្លឹះ​អាទិភាព​គឺ​ត្រូវ​គិតពី​ដើមខ្សែ​ដល់​ចុង​ខ្សែ​រាប់ទាំង​ហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ​ធ្វើដំណើរ សម្បទា​ទេសចរណ៍ ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការអនុវត្ត​តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ​ស្តង់ដា (SOP) រហូតដល់​ការធ្វើ​ពិពិធកម្ម​ផលិតផល​ទេសចរណ៍ ស្របតាម​បរិបទ​ថ្មី​នៃ​តម្រូវការ និង​ការផ្គត់ផ្គង់​»​។

លោក​បន្តថា​៖ «​សម្រាប់​កត្តា​ខាងក្រៅ សំដៅ​ទៅលើ​កត្តា​ចិត្តសាស្ត្រ និង​ទំនោរ​នៃ​ការសម្រេច​ចិត្តជា​ចម្បង​របស់​ភ្ញៀវទេសចរ​ក្នុង​ការជ្រើសរើស​គោលដៅ​ទេសចរណ៍ និង​ការធ្វើដំណើរ​កម្សាន្ត ពោលគឺ​ការឱ្យ​តម្លៃ​ខ្ពស់​ទៅលើ​ភាពស្អាត​អនាម័យ និង​មាន​សុវត្ថិភាព​»​។

លោក​លើកឡើង​ទៀតថា ដើម្បី​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​ធានា​បាន​និរន្តរភាព​ក៏ត្រូវ​ទាមទារ​ឱ្យ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គិតគូរ​អំពី​គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី ដើម្បី​សម្រប​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ជាក់ស្តែង​នៅពេលនេះ​ផងដែរ​។

យោងតាម​លោក ថោង ខុន គំរូ​អាជីវកម្ម​ប្រភេទ​ថ្មី​នោះ​មានដូចជា ការចេះ​បំប្លែង​ខ្លួន​ទៅរក​ការបម្រើ​សេវាកម្ម​ទេសចរណ៍​តាមរយៈ​ការប្រើ​បច្ចេកវិទ្យា​ជា​ជំនួយ​,​ការពង្រឹង​គុណភាព​អនាម័យ និង​សុវត្ថិភាព​ក្នុង​ការផ្តល់​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ដល់​ភ្ញៀវទេសចរ​, និង​ត្រូវ​ពង្រឹង​សមត្ថភាព និង​គុណភាព ពិសេស​ការបង្កើន​ផលិតភាព​ដើម្បី​ត្រៀមខ្លួន​ការប្រកួតប្រជែង​កាន់តែ​ស្រួចស្រាល់ ទីផ្សារ​កាន់តែ​រួម​ចង្អៀត ហើយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​កាន់តែ​បង្រួម​ខ្លី​។

អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍ លោក តុប សុភ័ក បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីដើម​ខែកញ្ញា​ថា​៖ «​ក្រសួង​ទេសចរណ៍​កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​លើ​រឿងនេះ ដែល​គម្រោង​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ គឺ​ក្នុងអំឡុង​ខែវិច្ឆិកា ឬ​ខែធ្នូ ខាងមុខ​។ ទោះយ៉ាងណា​ពេលវេលា​ជាក់លាក់ ឬក៏​ការបើកទទួល​ភ្ញៀវទេសចរ​ជា​ទម្រង់​បែបណាៗ មិនទាន់​អាច​បញ្ជាក់​លម្អិត​បានទេ សូម​ចាំ​បន្តិច​សិន​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបើក​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ (​ចាក់​វ៉ាក់សាំង​រួច​) ​ឡើងវិញ គឺជា​ក្តីប្រាថ្នា​របស់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ខណៈ​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩ បានធ្វើឱ្យ​វិស័យនេះ​ត្រូវ​ជាប់គាំង​រយៈពេល​ជិត​ ២ ​ឆ្នាំ​មកហើយ​។

ការអូសបន្លាយ​ពេល​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​មិន​ត្រឹមតែ​ធ្វើឱ្យ​កម្ពុជា​បាត់​ចំណូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ធ្វើឱ្យ​វិស័យនេះ​បាត់បង់​អ្នកជំនាញ​កាន់តែច្រើន​ផងដែរ​។ អ្នកស្រី​បន្តថា ម្យ៉ាងទៀត​ស្ថានភាព​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ក្នុងស្រុក និង​ចំនួន​នៃ​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​ក៏មាន​ដំណើរការ​ល្អ​ផងដែរ​។

អ្នកស្រី​និយាយថា​៖ «​ការបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​រួចរាល់​នឹង​រួមចំណែក​យ៉ាងច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ​»​។

ទិន្នន័យ​ក្រសួង​សុខាភិបាល​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែកញ្ញា ​នៅ​ទូទាំងប្រទេស​ការចាក់​វ៉ាក់សាំង​សម្រេចបាន​ចំនួន ១១ ៥០៦ ១៩៧ ​នាក់​ស្មើនឹង ៧១,៩១ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ១៦ ​លាន​នាក់​។

ចាប់ពី​ខែមករា ដល់​ខែកក្កដា​ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ១១២ ៥៤៤ ​នាក់ ធ្លាក់ចុះ ៩០,៦ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​៕