
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងកិច្ចប្រជុំនាពេលកន្លងទៅ។ រូបថត ក្រសួងរ៉ែ និងថាមពល
ភ្នំពេញៈ កម្ពុជាប្តេជ្ញាធ្វើសមាហរណកម្មនៃការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញឱ្យបានកាន់តែច្រើនទៅក្នុងផែនការមេរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីចូលរួមកាត់បន្ថយឧស្ម័នកាបូននៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីថាមពលអាស៊ីបូព៌ា លើកទី ១៥ នៅក្រោមប្រធានបទ «ផែនការគោលនយោបាយ បញ្ហាប្រឈម និងកិច្ចខិតខំប្រឹងប្រែងអន្តរកាលថាមពលរបស់កម្ពុជាឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកាបូន» កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះរៀបចំសហការដោយក្រសួងថាមពលនៃប្រទេសប្រ៊ុយណេ និងលេខាធិការដ្ឋានអាស៊ាន។
លោក ស៊ុយ សែម បានថ្លែងក្នុងកិច្ចប្រជុំនេះថា កម្ពុជានឹងបន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យបានជាអតិបរមាតាមដែលអាចធ្វើបាន ដើម្បីរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាមួយការធានានូវសន្តិសុខភាពគ្រប់គ្រាន់ តម្លៃសមរម្យ និងអាចទុកចិត្តបាននៃការផ្គត់ផ្គង់។
លោកនិយាយថា៖ «សម្រាប់គោលដៅនេះ យើងខ្ញុំនឹងធ្វើសមាហរណកម្មនៃការអភិវឌ្ឍគម្រោងថាមពលកកើតឡើងវិញឱ្យកាន់តែច្រើនទៅក្នុងផែនការមេថ្មីរបស់យើង។ អភិវឌ្ឍប្រព័ន្ធអាគុយស្តុកថាមពលទ្រង់ទ្រាយធំ ដើម្បីបង្កើនការទទួលយកគម្រោងថាមពលកកើតឡើងវិញបន្ថែមទៀត និងធ្វើការអនុម័តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការងារប្រសិទ្ធភាពថាមពល»។
លោកបន្តថា ទោះយ៉ាងណាក្នុងការរៀបចំផែនការអភិវឌ្ឍន៍ថាមពល ក្រសួងនៅតែឃើញថា ប្រព័ន្ធថាមពលរបស់កម្ពុជានឹងនៅបន្តពឹងផ្អែកលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលខ្លះៗ។
លោកបានថ្លែងថា៖ «ឥន្ធនៈហ្វូស៊ីលដែលយើងប្រើទាំងនេះ នឹងអាចត្រូវបានកែច្នៃប្រើប្រាស់បានស្អាតជាងមុន ដូចនេះការដាក់ពង្រាយឱ្យប្រើប្រាស់បច្ចេកវិទ្យាឥន្ធនៈហ្វូស៊ីលស្អាតដូចជាបច្ចេកវិទ្យាធ្យូងថ្មស្អាត និងបច្ចេកវិទ្យាចាប់យកកាបូន ការប្រើប្រាស់ និងស្តុកទុកកាបូនពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាក្នុងអន្តរកាលឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកាបូន។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ចំពោះការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍនវានុវត្តន៍ ក៏ដូចជាការផ្ទេរបច្ចេកវិទ្យាថ្មីៗសម្រាប់បច្ចេកវិទ្យាធ្យូងថ្មស្អាត និងបច្ចេកវិទ្យាចាប់យកប្រើប្រាស់ និងស្តុកទុកកាបូនដែលកំពុងធ្វើបច្ចុប្បន្ន»។
លោកលើកឡើងថា កម្ពុជាបន្តលើកទឹកចិត្តសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាថាមពលប្រកបដោយភាពច្នៃប្រឌិត រួមមានបច្ចេកវិទ្យាអ៊ីដ្រូហ្ស៊ែន ការផ្ទុកអាគុយស្តុកថាមពល និងប្រព័ន្ធអ៊ីនធឺណិតសម្រាប់គ្រប់គ្រងវិស័យថាមពលជាដើម ដើម្បីធ្វើឱ្យប្រសើរឡើង និងមានស្វ័យប្រវត្តិកម្មក្នុងប្រព័ន្ធថាមពលប្រកបដោយប្រសិទ្ធភាព និងស្អាតជាងមុន។
លោកថា៖ «ខ្ញុំជឿថា មានការចាំបាច់ក្នុងការបង្កើនល្បឿននៃការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាឌីជីថល ឥន្ធនៈស្អាត ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យា ថាមពលស្អាតនានា និងការអនុម័តដាក់ឱ្យប្រើប្រាស់ក្នុងប្រព័ន្ធថាមពលរបស់ប្រទេសនីមួយៗ»។
លោកបានបន្ថែមថា៖ «ជារួម កម្ពុជាបានប្តេជ្ញាចិត្តក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ក្នុងការផលិតថាមពលរបស់ខ្លួន។ ដើម្បីសម្រេចគោលដៅនេះ យើងរំពឹងថា នឹងមានការផលិតថាមពលពីប្រភពថាមពលកកើតឡើងវិញជាច្រើន។ ពិតណាស់ វាជាឱកាសសម្រាប់វិស័យឯកជន និងរដ្ឋាភិបាល ដើម្បីសហការគ្នាក្នុងការកៀរគរការវិនិយោគ និងហិរញ្ញប្បទានដើម្បីសម្រេចឱ្យបាននូវការផ្លាស់ប្តូរមួយនេះ»៕ LA