ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា (ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) និង​សមាគម​សហគ្រិនវ័យ​ក្មេងកម្ពុជា (YEAC) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ (MoU) នៃ​កិច្ច​ព្រមព្រៀង​ភាពជាដៃគូ ក្នុងការ​ចូលរួម​ចំណែក​លើកកម្ពស់ និង​បញ្រ្ជាប​ការ​យល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិយាបន្ន​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​សហគ្រិន​វ័យក្មេង ក៏ដូចជា​សហគ្រាស​ធុនតូច​និង​មធ្យម​នៅកម្ពុជា។

ពិធី​ចុះហត្ថលេខា​នេះធ្វើ​ឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ (Zoom) កាលពី​ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ២០២១ ដោយមាន​ការ​ចូលរួម​ពី​បណ្តាស​ហគ្រាស​ធុនតូច និង​មធ្យម គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជាច្រើន។

អនុស្សរណៈ​នេះមាន​គោល​បំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹងការ​បណ្តុះបណ្តាល ការ​រៀបចំ​ព្រឹត្តិការណ៍ និង​ការ​រៀបចំ​សិក្ខាសាលា​រួមគ្នា ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fin-Tech) សេវា​ឥណទាន​ប្រកប​ដោយ​បរិយាបន្ន និង​ការ​កសាង​បណ្តាញ​ទំនាក់ទំនង​ក្នុង​ចំណោម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​សហគ្រាស​ធុនតូច និង​មធ្យម​នៅកម្ពុជា។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នេះ ក៏មាន​អម​ផងដែរ​នូវ​វេទិកា​ពិភាក្សា​ពិសេស​ស្តីពី«មគ្គទេសក៍​ស្តារ​អាជីវកម្ម​ក្នុង​បរិបទ​កូវីដ ១៩»។ កិច្ចពិភាក្សានេះ​បាន​ផ្តោតលើ​វិធីសាស្ត្រ និង​ឥរិយាបថ ដែល​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បានប្រតិបត្តិ ដើម្បី​ឆ្លើយតប និង​ជួយ​គាំទ្រ​ដល់​សហគ្រាស​ធុនតូច និង​មធ្យម ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូវីដ ១៩។

ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា លោក អ៊ិន ចាន់នី បាន​ឱ្យដឹង​ថា កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​ទាំងបី បាន​ឆ្លុះបញ្ចាំង​ទៅ​នឹង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយា​បន្ន​ហិរញ្ញវត្ថុ​ឆ្នាំ ២០១៩-២០២៥ ក្នុង​គោលបំណង​លើក​កម្ពស់​ការ​យល់ដឹង និង​បញ្រ្ជាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅកាន់​សហគ្រិន អាជីវកម្ម​ខ្នាតតូច និងមធ្យម កសិករ និង សហគ្រិន​វ័យក្មេង។ វាក៏​នឹងក្លាយ​ជា​វេទិកា​ដើម្បី​ឱ្យ​អ្នកជំនាញ​ខាង​វិស័យ​ធនាគារ និងហិរញ្ញវត្ថុ និង​សហគ្រិន​ក៏ដូចជា​ម្ចាស់​សហគ្រាស​ធុនតូច និង​មធ្យម បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ ឈ្នះៗ​ទាំងអស់គ្នា៕