ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឱ្យ​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ទាំងអស់ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ឱ្យ​មក​ដាក់ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យបាន​មុន ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​កាលពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា​បាន​សរសេរ​ថា ទោះបី​ក្រសួង​បាន​ធ្វើការ​ផ្សព្វផ្សាយ និង រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជាច្រើន​លើក​រួចមកហើយ ប៉ុន្តែ​រហូតដល់​ពេលនេះ​ក្រសួង​សង្កេតឃើញថា សហគ្រាស ក្រុមហ៊ុន​ដែល​បាននិង​កំពុង​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មួយចំនួន​ធំ ពុំទាន់​បានមក​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅឡើយ​ទេ ។

លិខិត​បាន​បន្ត​ថា ជាថ្មី​ម្តងទៀត​ក្រសួង​សូម​ស្នើឱ្យ​លោក-លោកស្រី សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ទាំងអស់ ដែល​បាន​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សូម​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យបាន​មុន ថ្ងៃទី ១ ខែ​ធ្នូ ឆ្នាំ ២០២១ ជា​កំណត់។

យោង​តាម​លិខិត​ខាងលើ​ចាប់ពី​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ តទៅ ប្រសិនបើ​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​គ្មាន​លិខិត​អនុញ្ញាត ឬ​អាជ្ញាបណ្ណ​នឹង​ត្រូវ​ទទួល​ការផាកពិន័យ​ជា​ប្រាក់ ឬ​បញ្ឈប់​សកម្មភាព​អាជីវកម្ម ឬ ប្រឈម​នឹង​វិធានការ​នានា​ដូច​មាន​ចែង​ក្នុង​លិខិតបទដ្ឋាន​ច្បាប់​ជា​ធរមាន។

លិខិត​ក្រសួង​ក៏​បាន​ឱ្យ​ដឹងទៀត​ថា ចំពោះ​ពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និង​ឯកសារ​តម្រូវផ្សេងៗ​អាច​ទាញ​យកបាន​តាមរយៈ​គេហទំព័រ www.ecommercelicensing.moc.gov.kh ឬ​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម www.moc.gov.kh។ បុគ្គល​ស្នើសុំ​អាច​ដាក់​ពាក្យស្នើសុំ​ដោយផ្ទាល់​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម ឬ​តាមរយៈ​គេហទំព័រ www.ecommercelicensing.moc.gov.kh៕