ភ្នំពេញៈ គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ ចំនួន ៣ ដែល​មាន​ទុន​វិនិយោគ​សរុប ៨,៥ លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជាង ៤ ៣០០ កន្លែង ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) អនុម័ត​ក្នុង​សប្តាហ៍​នេះ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ឱ្យ​ដឹង​ថា តប​តាម​សំណើ​សុំ​វិនិយោគ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ឱ្យ​ក្រុមហ៊ុន New T&K Textile Co., Ltd លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មាន​ទីតាំង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោម​ទុន​វិនិយោគ ២ លាន​ដុល្លារ អាច​បង្កើត​ការងារ​បាន ២ ៣០០ កន្លែង, គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង​របស់​ក្រុមហ៊ុន Yuan Shen Tai Co., Ltd នៅ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ ៣,២ លាន​ដុល្លារ បង្កើត​ការងារ បាន ៩៧៨ កន្លែង និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង និង​គ្រឿង​បន្សំ​ស្បែកជើង​របស់​ក្រុមហ៊ុន Fortune Broad Footwear Co., Ltd នៅ ស្រុក អង្គស្នួល ខេត្ត​កណ្តាល មាន​ទុន​វិនិយោគ ៣,៣ លាន​ដុល្លារ និង​អាច​បង្កើត​ការងារ​បាន ១ ០២៨ កន្លែង។

កម្ពុជា​រំពឹង​ថា នឹង​អាច​ស្រូប​បាន​ការ​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ពេល​ច្បាប់​វិនិយោគ​ថ្មី និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​លក្ខណៈ​តំបន់/ប្រទេស​ចិន ចូល​ជា​ធរមាន ខណៈ​សេចក្តី​ព្រាង​ច្បាប់​ទាំង​នេះ ទើប​ទទួល​បាន​ការ​អនុម័ត​ពី​រដ្ឋសភា កាល​ពី​សប្តាហ៍​មុន។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​គម្រោង​ចំនួន ៧០ ក្រោម​ទុនវិនិយោគ​សរុប ២ ៤២៨ លាន​ដុល្លារ ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១។ នេះ​បើ​យោង​តាម​ការ​គណនា​ដោយ​កាសែត ភ្នំពេញ ប៉ុស្តិ៍ ចំពោះ​តែ​គម្រោង​ត្រូវ​បាន CDC បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ចាប់​ពី​ខែ​មករា ដល់​ដំណាច់​ខែ​មិថុនា ឆ្នាំ ២០២១៕