ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (​ក​.​ស​.​ភ​.) បានប្រកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​៣ ដំណាក់កាល​ទី​១ ដែលមាន​សមត្ថភាព​អាច​ផ្ទុក​កុងតឺន័រ​បាន ១០០ ០០០ TEUs ក្នុង​ ១​ ឆ្នាំ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​ដែល​កំពុង​កើន​ឡើងជា​បន្តបន្ទាប់ ពិសេស​បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩ មាន​ភាព​ធូរស្រាល​។​

​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ លោក ហ៊ឺ បា​វី បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ចំណត​ផែ​កុងតឺន័រ LM១៧ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ជំហាន​ទី​៣ ដំណាក់កាល​ទី​១ ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​បាន​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ​របស់ខ្លួន ដើម្បី​ឆ្លើយតប​នឹង​កំណើន​កុងតឺន័រ​ឆ្លងកាត់​។ គម្រោង​នេះ​បាន​ប្រើប្រាស់​ទុនវិនិយោគ​ប្រមា​ណ ១៨,៤ លាន​ដុល្លារ ដែលជា​ថវិកា​ផ្ទាល់​របស់ ក​.​ស​.​ភ​. ទាំងអស់​បានមកពី​ប្រាក់ចំណេញ និង​ប្រាក់​សន្សំ​អភិវឌ្ឍ​សហគ្រាស​។​

​ចំណត​ផែ​កុងតឺន័រ LM១៧ ជំហាន​ទី​៣ ដំណាក់កាល​ទី​១ នេះ​មាន​ទីតាំងនៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល លើ​ផ្ទៃដី​ទំហំ ២,៧៥​ ហិកតា​។ គម្រោង​នេះ​ស្ថាបនា​ដោយ​ក្រុមហ៊ុន សៀង ហៃ​ខន​ស្ត្រា​ក់សិន តាមរយៈ​នីតិវិធី​ដេញថ្លៃ​អន្តរជាតិ សាធារណៈ ដោយបាន​ចាប់ផ្តើម​សាងសង់​កាលពី​ចុងឆ្នាំ​ ២០១៩ និង​បញ្ចប់​នា​ពាក់កណ្តាល​ឆ្នាំ​ ២០២១​។​

​បើ​យោងតាម​លោក ហ៊ឺ បា​វី កំណើន​កុងតឺន័រ​ឆ្លងកាត់ ក​.​ស​.​ភ​. ជា​មធ្យម​ប្រចាំ​ឆ្នាំមាន​ចន្លោះ​ពី ១៥-១៨%៕​