The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​អាច​នឹង​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​ចិន​ឱ្យមក​កម្សាន្ត​មុនគេ




កម្ពុជា​អាច​នឹង​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​ចិន​ឱ្យមក​កម្សាន្ត​មុនគេ

Content image - Phnom Penh Post
ក្រុម​ភ្ញៀវទេសចរ​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប​។ ហេង ជីវ័ន

កម្ពុជា​អាច​នឹង​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​ចិន​ឱ្យមក​កម្សាន្ត​មុនគេ

ភ្នំពេញៈ អ្នក​ក្នុង​វិស័យ​ទេសចរណ៍​អះអាងថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការទទួល​ភ្ញៀវទេសចរ​ជនជាតិចិន​ឡើងវិញ បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​សប្តាហ៍​មុន លើកឡើង​ថា កម្ពុជា​អាច​នឹង​បើកទ្វារ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ ដើម្បី​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ​រួចរាល់ ដោយ​ផ្តើម​ពី​ភ្ញៀវ​ជនជាតិ​ចិន​។

លោក ទៀ គីឡេង ប្រធាន​សមាគម​មគ្គុទេ្ទសក៍​ទេសចរណ៍​ភាសា​ចិន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៩ កញ្ញា​ថា សមាជិក​ក្នុង​សមាគម​លោក​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​ចាប់ផ្តើម​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ពិសេស​ជនជាតិ​ចិន​ឡើងវិញ ដោយ​ពេលនេះ​ស្ទើរតែ ១០០ ​ភាគរយ​នៃ​សមាជិក​សមាគម​លោក សុទ្ធតែ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ រួចរាល់​។

លោក​បន្តថា នេះ​ជា​ការទន្ទឹង​រង់ចាំ​រយៈពេល​ជិត ២ ​ឆ្នាំ​របស់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​ទាំងអស់ ខណៈ​ក្នុងអំឡុង​ពេលនេះ​ក៏មាន​បុគ្គល​មួយចំនួន​បាន​ប្តូរ​ទៅធ្វើ​ការងារ​ផ្សេង​ផងដែរ ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​។

លោក​និយាយថា​៖ «​យើង​ត្រៀម​រួចរាល់​ក្នុង​ការទទួល​ភ្ញៀវទេសចរ​ (​ចិន​) ចូលមក​កម្សាន្ត​នៅ​កម្ពុជា ទោះបី​យើង​គិតថា ក្នុងដំណាក់កាល​ដំបូល​នេះ​មិនទាន់​មាន​ចំនួន​ច្រើន​ក៏ដោយ​»​។

បើតាម​លោក គីឡេង នៅមុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​ ១៩ សមាគម​មគ្គុទេ្ទសក៍​ទេសចរណ៍​ភាសា​ចិន​មាន​សមាជិក​ចំនួន ៨២៧ ​នាក់​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​និយាយថា វិស័យ​ឯកជន​ពិតជា​ចង់ឱ្យ​រដ្ឋាភិបាល​បើកទទួល​ភ្ញៀវទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់​ឱ្យបាន​ឆាប់ ព្រោះ​បើ​នៅ​អូសបន្លាយ​យូរ​អាច​ធ្វើឱ្យ​ប្រទេស​ជិតខាង​មានឱកាស​ស្រូប​ទាញយក​ភ្ញៀវទេសចរ​ដែលមាន​បំណង​មក​កម្សាន្ត​នៅ​កម្ពុជា ឱ្យធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ទាំងនោះ​វិញ​។ ការបើក​ដំបូង គេ​អាច​ធ្វើ​ជាមួយ​ប្រទេស​ដែល​មិនសូវមាន​ការឆ្លង​​រាលដាល​ជំងឺ​កូវីដ​ ១៩ ច្រើន និង​មាន​អត្រា​ចាក់​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ បាន​ច្រើន​។

អ្នកស្រី​លើកឡើងថា​៖ «​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​បាន​ច្រើន​នៅ​កម្ពុជា​នឹង​ក្លាយជា​ចំណុច​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការចាប់ផ្តើម​បើកទទួល​ភ្ញៀវ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់​ឡើងវិញ​។ យើង​កំពុង​រង់ចាំ​ស្វាគមន៍​ពួកគេ​»​។

ក្រសួង​ទេសចរណ៍ ធ្លាប់​លើកឡើងថា កម្ពុជា​មាន​ផែនការ​នឹង​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ គ្រប់​ដូស​ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ នេះ​តទៅ​។

លោក ហ៊ុន សែន ក្នុង​ឱកាស​នៃ​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជូន​ដល់​កុមារ​អាយុ​ចាប់ពី ៦ ​ឆ្នាំ​ដល់ ១២ ​ឆ្នាំ កាលពី​ថ្ងៃទី​ ១៧ ខែកញ្ញា លើកឡើង​ថា បន្ទាប់ពី​សម្រេចបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ កម្ពុជា​បាននិង​កំពុង​ចាប់ផ្តើម​បើក​ដំណើរការ​វិស័យ​សំខាន់ៗ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ ដោយ​ផ្តើមដំបូង​ពី​វិស័យ​អប់រំ ហើយ​បន្ទាប់មក​គឺ​វិស័យ​សេវាកម្ម​ (​ទេសចរណ៍​)​។ លោក​បន្តថា ដោយសារ​ប្រទេស​កម្ពុជា និង​ចិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា ហើយ​អត្រា​ឆ្លង​ថ្មី​នៅ​ប្រទេស​នេះ​មាន​កម្រិត​ទាប​ខ្លាំង​នោះ ហេតុនេះ​កម្ពុជា​អាច​នឹង​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​ចិន​មុនគេ​។

លោក​ថ្លែងថា​៖ «​ថ្ងៃមុន​វា​ជា​ការភ្លេចភ្លាំង​មួយ​របស់ខ្ញុំ​ដែល​ចង់​ពិភាក្សា​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​ចិន ថា​យើង​គួរ​សហការគ្នា​ធ្វើ​។ បាន​សេចក្តីថា ធ្វើ​ចត្តាឡីស័ក ៧ ​ថ្ងៃ ប៉ុន្តែ​អ្នកឯង​មាន​សិទ្ធិ​ (​ភ្ញៀវទេសចរ​) ​ដើរ​នៅក្នុង​ក្រុង ដែល​អ្នកឯង​ធ្វើ​ចត្តាឡីស័ក គឺ​មិនមែន​ធ្វើ​ចត្តាឡីស័ក​ក្នុង​បន្ទប់​នោះទេ ហើយ​បន្ទាប់ពី​ហ្នឹង​ទៅ​អ្នកឯង​ផុត ៧ ​ថ្ងៃ គឺ​អ្នកឯង​អាច​ចេញទៅ​ខេត្ត​ដទៃ​»​។ លោក​បន្តថា​៖ «​ឥឡូវ​សូមជួយ​គិត​គ្នា ដើម្បី​ឈាន​ទៅ​រក​ការបើក​ទេសចរណ៍​ឡើងវិញ ព្រោះ​កុំ​ភ្លេច​ឱ្យសោះ​ថា សេដ្ឋកិច្ច​ប្រទេស​ជឿនលឿន គឺមាន​ផ្នែក​សេវាកម្ម​នាំមុខ​»​។

របាយការណ៍​ក្រសួងទេសចរណ៍​ឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ប្រមាណ ១,០២៣ ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៧៩,២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៤,៩១៩ ពាន់​លាន​ដុល្លារ​។ ការធ្លាក់ចុះ​នេះ គឺ​បណ្តាលមកពី​វិបត្តិ​ការឆ្លង​រាលដាល​ជា​សកល​នៃ​ជំងឺ​កូវីដ​ ១៩៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍