ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​ប្រាប់​ឱ្យ​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ទាំងអស់​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​ឱ្យមក​ដាក់ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យបាន​មុន​ថ្ងៃទី​ ១ ខែ ធ្នូ ឆ្នាំ​ ២០២១​។

សេចក្តី​ជូនដំណឹង​ក្រសួង​កាលពី​ថ្ងៃទី​ ១៥ កញ្ញា សរសេរ​ថា ទោះបីជា​ក្រសួង​បាន​ធ្វើការ​ផ្សព្វផ្សាយ និង​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ជាច្រើន​លើក​រួចមកហើយ ប៉ុន្តែ​ដល់ពេល​នេះ​ក្រសួង​សង្កេតឃើញថា សហគ្រាស ក្រុមហ៊ុន​ដែល​បាននិងកំពុង​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មួយចំនួន​ធំ​ពុំទាន់​បានមក​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅឡើយ​ទេ​។

លិខិត​បាន​បន្តថា​៖ «​ជាថ្មី​ម្តងទៀត ក្រសួង​សូម​ស្នើឱ្យ​លោក-លោកស្រី សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ទាំងអស់​ដែល​បានធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សូម​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​លិខិតអនុញ្ញាត ឬ​អាជ្ញាបណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យបាន​មុន​ថ្ងៃទី​ ១ ខែ ធ្នូ ឆ្នាំ​ ២០២១ ជា​កំណត់​»​។

យោងតាម​លិខិត​ខាងលើ​ចាប់ពី​ថ្ងៃទី​ ១ ខែ ធ្នូ ឆ្នាំ​ ២០២១ តទៅ បើ​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​គ្មាន​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​នឹងត្រូវ​ទទួល​ការផាកពិន័យ​ជា​ប្រាក់ ឬ​បញ្ឈប់​សកម្មភាព​អាជីវកម្ម ឬ​ប្រឈម​នឹង​វិធានការ​នានា​ដូច​មានចែង​ក្នុង​លិខិត​បទដ្ឋាន​ច្បាប់​ជា​ធរមាន​។

លិខិត​ក្រសួង​ឱ្យដឹងទៀតថា ចំពោះ​ពាក្យស្នើសុំ​បែបបទ លក្ខខណ្ឌ និង​ឯកសារ​តម្រូវ​ផ្សេងៗ​អាច​ទាញយក​តាមរយៈ​គេហទំព័រ www.ecommercelicensing.moc.gov.kh ឬ​គេហទំព័រ​ក្រសួងពាណិជ្ជកម្ម www.moc.gov.kh​។

ច្បាប់​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២ ខែ វិច្ឆិកា ឆ្នាំ​ ២០១៩ ដោយ​មានបំណង​គ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា និង​អន្តរជាតិ និង​ការផ្តល់​នូវ​ទំនុកចិត្ត​ដល់​សាធារណជន​ក្នុង​ការប្រើប្រាស់​ទំនាក់ទំនង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែកក្កដា​ថា ការចុះបញ្ជី​តាមច្បាប់​កំណត់​នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ទាំង​ម្ចាស់​អាជីវកម្ម (​កិត្តិនាម​) ទំនុកចិត្ត​អ្នកប្រើប្រាស់ និង​រដ្ឋាភិបាល​ (​ចំណូល​ពន្ធ​)​។

បើតាម​លោក សុវិជាតិ ច្បាប់​នេះ​ក៏បាន​លើកលែង​សម្រាប់​ការចុះបញ្ជី​ប្រភេទ​សកម្មភាព​មួយចំនួន​ដូចជា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេឡិចត្រូនិក​អំពី​ទំនិញ ឬ​សេវា​ដែល​មិន​បង្កើតជា​សំណើ​នៃ​កិច្ចសន្យា​ការកក់បម្រុង​ទុក​នូវ​សេវា​ដែល​មិនមាន​ការកក់ប្រាក់ ការលក់ទំនិញ ឬ​សេវា​របស់​រូបវន្តបុគ្គល ដែលមាន​ផល​របប​ក្រោម​កម្រិត​ផល​របប​ជា​អ្នក​ជាប់ពន្ធ​តូច ការលក់ទំនិញ ឬ​ផ្ដល់​សេវា​លក្ខណៈ​គ្រួសារ​តាម​រដូវកាល ការលក់ទំនិញ​ជា​ស្នាដៃ​សិល្បៈ និង​ការផ្តល់សេវា​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​លក្ខណៈ​ឯកជន ឬ​សិក្ខាសាលា​៕ LA