
កសិករត្រងស្រូវចេញពីម៉ាស៊ីនបោកស្រូវក្នុងខេត្តកំពង់ឆ្នាំង។ រូប រ៉ាស់ហ៊ីម
ភ្នំពេញៈ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច បានអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលទទួលហិរញ្ញប្បទានពិសេសពីរដ្ឋាភិបាលជួយបន្តទិញស្រូវពីកសិករទៅតាមតម្លៃទីផ្សារ ដែលកាន់តែខិតជិតមកដល់ខាងមុខនេះ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងដំណើរទស្សនកិច្ចរោងម៉ាស៊ិនកិនស្រូវចំនួន ៧ នៅតាមបណ្តាខេត្តផលិតស្រូវសំខាន់ៗរួមមាន បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង បន្ទាយមានជ័យ និងប៉ៃលិន កាលពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១។
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលប្រសិទ្ធភាពរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៃការប្រើប្រាស់ឥណទាននៅក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាលដែលទទួលបានតាម ARDB។
លោក កៅ ថាច ក៏បានបន្តជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នៃកិច្ចសន្យាកសិកម្ម ដើម្បីរួមចំណែកធានាតម្លៃស្រូវ និងស្ថិរភាពទីផ្សារស្រូវជូនប្រជាកសិករ។
លោកលើកឡើងថា៖ «ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់សូមបន្តទិញស្រូវពីបងប្អូនប្រជាកសិករឱ្យអស់ពីលទ្ធភាព និងគោរពតាមតម្លៃទីផ្សារ»។
ម្ចាស់រោងម៉ាស៊ិនកិនស្រូវ ងួប ហុង នៅក្នុងខេត្តកំពង់ធំបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្នុងឆ្នាំ ២០២១ នេះលោកបានទទួលបានឥណទានពិសេសពីរដ្ឋាភិបាលប្រមាណ ៣០ ម៉ឺនដុល្លារសម្រាប់ជាទុនប្រមូលទិញស្រូវពីប្រជាកសិករដែលរដូវប្រមូលផលស្រូវវស្សានឹងចូលមកដល់ខែតុលាខាងមុខ។
លោកប្រាប់ថា៖ «ពួកខ្ញុំបានទទួលកញ្ចប់ថវិកាពិសេសពីរដ្ឋាភិបាលដែលទម្លាក់មកតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មរួចហើយនៅឆ្នាំនេះចំនួនជិត ៣០ ម៉ឺនដុល្លារសម្រាប់ជាទុនប្រមូលផលស្រូវកាលពីថ្មីៗនេះ។ យើងមានផែនការបញ្ជាទិញស្រូវបញ្ចូលឃ្លាំងទាល់តែពេញឃ្លាំង និងលក់ចេញជាបន្តបន្ទាប់។ យើងអត់មានសម្រាកទេ។ យើងនឹងទិញស្រូវប្រមាណ ៣០០ តោន ក្នុង ១ ថ្ងៃ តាមតម្លៃទីផ្សារ»។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កាលពីខែមុន បានឱ្យដឹងថា គិតត្រឹមដើមខែសីហា សមាជិក CRF ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនបានទទួលឥណទានពិសេសពីរដ្ឋាភិបាលប្រមាណ ៥០ លានដុល្លារតាមរយៈធានាគារ ARDB សម្រាប់ជាទុនបង្វិលដើម្បីទិញស្រូវពីប្រជាកសិករក្នុងរដូវប្រមូល។
លោកនិយាយថា៖ «អ្វីដែលយើងដឹង គឺចាប់ដើមខែនេះមក ពួកគាត់បានខ្ចីប្រាក់ពី ARDB ជិត ៥០ លានដុល្លាររួចហើយ។ ប៉ុន្តែដើម្បីដឹងចំនួនជាក់លាក់ទាល់តែធនាគារ ARDB ទើបអាចបញ្ជាក់បានច្បាស់ ព្រោះជាអតិថិជនរបស់គាត់ ហើយរហូតមកពេលនេះប្រហែលជាអាចលើសនេះទៀតផង»។
ចាប់ពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ARDB បានទទួលកញ្ចប់ថវិកាក្រោមកម្មវិធីពិសេសពីរដ្ឋាភិបាល ៨០ លានដុល្លារ ដោយមិនទាន់រាប់បញ្ចូលមូលនិធិទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យកសិកម្មដែល ARDB ទើបទទួលបានសម្រាប់បង្កើនដើមទុនក្នុងការជំរុញការទិញស្រូវពីកសិករសំដៅធ្វើឱ្យតម្លៃស្រូវមានស្ថិរភាព និងបង្កើនសន្និធិស្រូវសម្រាប់ផ្គត់ផ្គង់ដល់ការកែច្នៃអង្ករផ្គត់ផ្គង់តម្រូវការក្នុងប្រទេស និងនាំចេញ។ នេះបើតាម ARDB កាលពីខែសីហា ឆ្នាំ ២០២១៕ LA
វីដេអូ៖