ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​សម្លៀកបំពាក់ ផលិតផល​ធ្វើ​ដំណើរ និង​ស្បែកជើង​ក្នុង​តម្លៃ​សរុប​ជាង ៦ ៨១៨,៦២ ​លាន​ដុល្លារ​ក្នុង​រយៈពេល ៨ ​ខែ​ ដំបូង​ឆ្នាំ​ ២០២១​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​បង្ហាញថា ក្នុងនោះ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់​មាន​តម្លៃ ៥ ០២១,៨៨ ​លាន​ដុល្លារ កើនឡើង ១៦០ ​លាន​ដុល្លារ ស្មើនឹង ៣,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០, ផលិតផល​ធ្វើ​ដំណើរ​ (​កាបូប​) មាន​ ៩០៣,១ ​លាន​ដុល្លារ និង​ផលិត​ស្បែកជើង ៨៩៣,៦៣ ​លាន​ដុល្លារ​។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​ទីផ្សារ​សំខាន់ៗ​សម្រាប់​ផលិតផល​សម្លៀកបំពាក់​មាន​ដូចជា អាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​អង់គ្លេស ជាដើម​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ដល់​កុមារ នា​ថ្ងៃទី ១៧ ខែកញ្ញា ថា ផលិតផល​សម្លៀកបំពាក់​កម្ពុជា​ទទួលបាន​ការបញ្ជា​ទិញ​កើនឡើង​ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ប៉ះពាល់​ចង្វាក់​ផលិតកម្ម​កាត់ដេរ​នៅ​ប្រទេស​ផលិត​ផលិតផល​វាយនភណ្ឌ​សំខាន់​មួយចំនួន ដូចជា បង់ក្លាដែស មីយ៉ាន់ម៉ា វៀតណាម និង​ប្រេស៊ីល ដែល​បាន​នាំឱ្យ​មាន​ការបង្វែរ​ការបញ្ជាទិញ​ពី​កម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី​អះអាង​ថា​៖ «​វិស័យ​ឧស្សាហកម្ម​របស់​យើង​បាន​ដំណើរការ​ធម្មតា​។ មាន​រោងចក្រ​ចំនួន ៤ ​ធ្លាប់​ដេរ​ម៉ាស់ ឥឡូវ​គេ​បាន​បង្វែរ​ទៅជា​ដេរ​ខោអាវ​សម្រាប់​នាំចេញ​វិញ ព្រោះ​ការបញ្ជាទិញ​មាន​ច្រើន​ដោយ​ប្រទេស​មួយចំនួន​ដូចជា ប្រេស៊ីល មីយ៉ាន់ម៉ា បង់ក្លាដែស មិនអាច​ផ្គត់ផ្គង់​បាន​តាម​តម្រូវការ​បញ្ជាទិញ ឥឡូវ​ប៉ះពាល់​ដល់​ប្រទេស​វៀតណាម គេ​បង្វែរ​ការបញ្ជាទិញ​ពី​កម្ពុជា ស្រុក​ខ្មែរ​សុវត្ថិភាព​ជាង​ឥឡូវនេះ​»​។

លោក​បន្ថែមទៀតថា ការដោះស្រាយ​បញ្ហា​វ៉ាក់សាំង គឺ​មិន​ត្រឹមតែ​ដោះស្រាយ​អាយុជីវិត​របស់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រឿង​បើក​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ក៏​ជា​រឿង​ចាំបាច់​ផងដែរ​។ លោក​បញ្ជាក់ថា​៖ «​យើង​សុខចិត្ត​ចំណាយ​រាប់រយ​លាន​ដុល្លារ​រក​ទិញ​វ៉ាក់សាំង​មកចាក់ ដើម្បី​អាច​ទាញ​មកវិញ​រាប់ពាន់​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។

លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍​ កាលពី​ខែមិថុនា​ថា ទីផ្សារ​វាយនភណ្ឌ និង​សម្លៀកបំពាក់ បាន​កើនឡើង​រហ័ស ដោយសារ​តែ​កំណើន​របស់​ប្រជាជន និង​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​កើនឡើង​ជា​បន្តបន្ទាប់​។

ទោះបីយ៉ាងណា ទីផ្សារ​លក់រាយ​បាន​ផ្លាស់ប្តូរ​ពី​ «​ការផលិត​ក្នុង​ចំនួន​ច្រើន​» ​ទៅជា​«​ក្រុម​តូចៗ​ដែលមាន​វដ្ដ​ជីវិត​រយៈពេល​ខ្លី និង​ការផលិត​ម៉ូដ​ទាន់​សម័យ​រហ័ស​» និង​ស្ថិតក្រោម​សម្ពាធ​របស់​អតិថិជន​ព្រមទាំង​ការកើនឡើង​ការទិញ​ទំនិញ​តាម​អនឡាញ ជាដើម​។

លោក​និយាយថា​៖ «​នៅ​ឆ្នាំនេះ​យើង​សំណាង​ដោយ​ទទួលបាន​ការបញ្ជាទិញ​មួយចំនួន​ពី​ប្រទេស​មីយ៉ាន់ម៉ា​។ យើង​នឹងមាន​កំណើន​កាន់តែ​ច្រើន បើ​មិន​មានការ​ផ្ទុះឡើង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​»​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម បានឱ្យដឹងថា ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​ ២០២០ សម្រេចបាន ១៧ ២១៥,៣៧ ​លាន​ដុល្លារ កើន ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​តម្លៃ ១៤ ៧៤៨,៧៤ លាន​ដុល្លារ​៕ LA