ភ្នំពេញៈ ស្ថាប័នឯកជន ៣ រួមមាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC) សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA) និង​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC) ចាប់ដៃគ្នា​ដើម្បី​លើកកម្ពស់ និង​បញ្ជ្រាប​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ក្នុងចំណោម​សហគ្រិន​វ័យក្មេង ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ (MoU) ​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ត្រូវធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា ឆ្នាំ​ ២០២១ ដោយមាន​ការចូលរួម​ពី​បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជាច្រើន​។

អនុស្សរណៈ​នេះ​មាន​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាក់ទង​នឹង​ការបណ្តុះបណ្តាល ការរៀបចំ​ព្រឹត្តិការណ៍ និង​ការរៀបចំ​សិក្ខាសាលា​រួមគ្នា ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fin-Tech) សេវា​ឥណទាន​ប្រកប​ដោយ​បរិយាប័ន្ន និង​ការកសាង​បណ្តាញ​ទំនាក់ទំនង​ក្នុង​ចំណោម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

លោក គា បូរាណ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែងថា កិច្ច​សហប្រតិបត្តិការ​រវាង​សមាគម​ទាំង ៣ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការវិវត្ត​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្នុង​ការគាំពារ​បន្ថែម​ទៅដល់​សហគ្រិន​នៅ​កម្ពុ​ជាពិសេស​សហគ្រិន​វ័យក្មេង​ដោយ​ចូលរួម​លើកកម្ពស់​ការទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដ៏សម្បូរបែប​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​។

លោក​បន្ថែមថា​៖ «​កិច្ចសហប្រតិបត្តិការ​នៃ​សមាគម​ទាំង​ ៣ នឹង​ក្លាយជា​វេទិកា​ដ៏សំខាន់​រវាង​អ្នកជំនាញ​ហិរញ្ញវត្ថុ និង​សហគ្រិន​វ័យក្មេង​ក្នុង​ការសិក្សា​ស្វែងរក​បង្កើត​សាកល្បង​ក៏ដូចជា​អនុវត្ត​នូវ​ដំណោះស្រាយ​ថ្មីៗ​ប្រកប​ដោយ​ភាពច្នៃប្រឌិត​ ដើម្បី​ជំរុញ​ដល់​ការអភិវឌ្ឍ​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​»​។

ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា លោក ស៊ាង សុបញ្ញា ក៏បាន​រំលេច​ដែរ​ថា ការលំបាក​នៃ​ការទទួល​បាន​ឥណទាន​តែង​ត្រូវ​បានលើកឡើង​ដោយ​សមាជិក​នៃ​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា និង​ជាពិសេស​បណ្តា​សហគ្រាស​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ លោក​បន្តទៀតថា ក្នុងនោះ​បញ្ហា​ដែល​លំបាក​សម្រាប់​ការទទួល​បាន​ហិរញ្ញប្បទាន​គឺ​ការខ្វះខាត​ទ្រព្យ​បញ្ចាំ​អត្រា​ការប្រាក់​ខ្ពស់​កង្វះខាត​នៃ​របាយការណ៍​ហិរញ្ញវត្ថុ និង​កង្វះខាត​ព័ត៌មាន​ទូទៅ​ទៅលើ​ប្រភព​នៃ​ហិរញ្ញប្បទាន​បំណុល (Debt Financing)​។

លោក​បាន​បញ្ជាក់ថា​៖ «​ផ្អែក​តាម​បទពិសោធ​យើង​ដែល​ធ្វើការ​ជាមួយ​សហគ្រាស​ធុន​តូច និង​មធ្យម​ទៅលើ​ការទទួល​បាន​ហិរញ្ញវត្ថុ យើង​បាន​រកឃើញ​ថា ទ្រព្យបញ្ចាំ​គឺ​តែងតែ​ជា​កត្តា​ចម្បង​ចំពោះ​ការសម្រេចចិត្ត​លើ​ការផ្តល់​ឥណទាន ប៉ុន្តែ​ការដែល​មានចំណេះដឹង និង​ឯកសារ​គ្រប់គ្រាន់​ផ្នែក​ហិរញ្ញវត្ថុ​ក៏សំខាន់​ដូចគ្នា​ដែរ​»​។

ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក អ៊ិន ចាន់នី បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​រវាង​សមាគម​ទាំង ៣ ឆ្លុះបញ្ចាំង​ទៅនឹង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង និង​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅកាន់​សហគ្រិន អាជីវកម្ម​ខ្នាតតូច និង​មធ្យម កសិករ និង សហគ្រិន​វ័យក្មេង​។ វា​ក៏​នឹង​ក្លាយជា​វេទិកា​ដើម្បី​ឱ្យ​អ្នកជំនាញ​ខាង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ និង​សហគ្រិន​ក៏ដូចជា​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម បាន​ជួប​ពិភាក្សាគ្នា​ស្វែងរក​ដំណោះស្រាយ​ឈ្នះ​ទាំងអស់គ្នា​។

លោក​បន្តថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​ជាតិ ដោយហេតុថា សហគ្រាស​ធុន​ទាំង​នោះបាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ព្រមទាំង​បង្កើត​ការងារ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ដូច្នេះហើយ​នាពេល​ថ្មីៗ​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ដាក់ឱ្យ​អនុវត្ត​នូវ​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២ ឆ្នាំ​ ២០២១ ដែលមាន​ការចូលរួម​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ចំនួន ២៦ ដោយមាន​ប្រភព​ទុន​ប្រមាណ​ជាង ១៦០ ​លាន​ដុល្លារ​ដើម្បី​ចូលរួម​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​មាន​លក្ខណៈ​ងាយស្រួល និង​មាន​ភាពបត់បែន​រួមទាំង​ផ្តល់នូវ​អត្រា​ការប្រាក់​សមរម្យ​ ដើម្បី​បង្កើន​នូវ​ពិពិធកម្ម​សេដ្ឋកិច្ច (Financial Diversification)»៕ LA