ទីក្រុងប៊ែរឡាំងៈ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​របស់​តំបន់​អឺរ៉ុប Lufthansa ដែល​រងគ្រោះ​យ៉ាងខ្លាំង​ ដោយ​ការរីករាលដាល​វីរុស​កូរ៉ូណា​បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​ស្វែងរក​បង្កើន​សាច់ប្រាក់​ជាង​ ២ ​ពាន់​លាន​អឺរ៉ូ​ទៀត​។

ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា ក្រុមប្រឹក្សាភិបាល​បាន​យល់ស្រប​ចំពោះ​ការបោះ​ផ្សាយ​ភាគហ៊ុន​ចាប់ពី​ថ្ងៃ​ពុធ ហើយ​តម្លៃ​សរុប​ត្រូវ​បាន​គេ​រំពឹងថា​មាន​រហូតដល់​ ២,១៤០ ​ពាន់​លាន​អឺរ៉ូ (២,៥១ ពាន់​លាន​ដុល្លារ​)​។

ក្រុមហ៊ុន Lufthansa បាន​និយាយថា ការផ្លាស់ប្តូរ​ដែលមាន​បំណង​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សន្ទនីយភាព​ និង​ជួយ​ទូទាត់​ជំនួយ​រដ្ឋ ដែល​បាន​ផ្តល់​ឲ្យ​ពេល​ការរីករាលដាល​ខ្លាំង ត្រូវ​បាន​បោះផ្សាយ​ដោយ​ធនាគារ​ចំនួន​ ១៤​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​សមាជិក​ទាំងអស់​នៃ​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ក៏បាន​ប្តេជ្ញា​ចូលរួម​ក្នុង​ការបង្កើន​ទ្រព្យសកម្ម និង​អនុវត្ត​សិទ្ធិ​ជាវ​ទាំងអស់​ដែល​ទទួល​បាន​ទាក់ទង​នឹង​ភាគហ៊ុន​របស់​ពួកគេ​ឱ្យបាន​ពេញលេញ​»​។

ក្រុមហ៊ុន​អាកាសចរណ៍​ដែល​រួមបញ្ចូល ក្រុមហ៊ុន​អាកាសចរណ៍ អូទ្រីស ស្វ៊ីស និង ប្រ៊ុចសែល ត្រូវបាន​សង្គ្រោះ​ពី​ការក្ស័យធន​កាលពី​ខែមិថុនា​មុន ដោយ​ការផ្តល់​កញ្ចប់​សង្គ្រោះ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​។

ពេលដែល​ការរឹតត្បិត​ការធ្វើដំណើរ​បាន​បន្ធូរបន្ថយ ហើយ​ការធ្វើដំណើរ​បាន​វិលត្រឡប់​មកវិញ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានបង្ហាញ​ការខាតបង់​សុទ្ធ​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំនេះ​ចំនួន​ ៧៥៦ ​លាន​អឺរ៉ូ ប្រៀបធៀប​ជាមួយ​ការខាតបង់​ ១,៥ ​ពាន់​លាន​អឺរ៉ុប​កាលពី​ឆ្នាំមុន ពេលដែល​ការធ្វើដំណើរ​នៅ​ទូទាំង​សកលលោក​ត្រូវបាន​បញ្ឈប់​ដោយ​កូវីដ​ ១៩​។

ទោះបីយ៉ាងណា ក្រុមហ៊ុន​និយាយថា ខ្លួន​នៅតែ​រំពឹង​ថា​មាន​ប្រតិបត្តិការ​ ៤០ ​ភាគរយ​នៃ​សមត្ថភាព​នៅមុន​វិបត្តិ​កូវីដ​ ១៩ ​សម្រាប់​ឆ្នាំនេះ​៕ RR