សិង្ហបុរីៈ លោក Tan See Leng រដ្ឋមន្ត្រីក្រសួង​ការងារ​សិង្ហបុរី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​ ២០ ​ខែ​កញ្ញា​នេះ​ថា ការលើកលែង​ការយក​កម្រៃ​ពលករ​បរទេស​សម្រាប់ S Pass និង​អ្នក​កាន់​ប័ណ្ណ​ការងារ​សម្រាប់​រយៈពេល​នៃ​ការជូនដំណឹង​អំពី​ការស្នាក់​នៅផ្ទះ​ (SHN) របស់​ពួកគេ​នឹង​ត្រូវបាន​ពន្យារ​ដល់​ចុងឆ្នាំ​នេះ​។

នេះ​គឺ​ដើម្បី​ជួយ​និយោជក​ក្នុង​ការនាំ​កម្មករ​មក​ដោយ​សុវត្ថិភាព​ និង​ផ្តល់​ពេលវេលា​បន្ថែមទៀត​ដល់​ពួកគេ​ក្នុង​ការកែសម្រួល​ និង​គ្រប់គ្រង​ការចំណាយ​លើ​ថ្លៃ​នៃ​តម្រូវការ​របស់ SHN​។

លោក​បណ្ឌិត Tan See Leng ក៏​ជា​រដ្ឋមន្ត្រី​ទី​ ២ ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បាន​បន្ថែមថា វា​ក៏​ដើម្បី​គាំទ្រ​ដល់​វិស័យ​សំណង់​ដែល​បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​មហោស្រព​ពាក់កណ្តាល​រដូវ​ស្លឹកឈើ​ជ្រុះ​របស់​សមាគម​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​សិង្ហបុរី (Redas)​។

ដោយ​កត់សម្គាល់ថា ការសាងសង់​បាន​ប្រឈម​នឹង​វិបត្តិ​ធនធាន​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ការរិតត្បិត​ព្រំដែន​ និង​ការដាក់កំហិត​លើ​ការធ្វើដំណើរ លោក​រដ្ឋមន្ត្រី​បាន​និយាយថា​៖ «​យើង​បានឮ​ការតស៊ូ​របស់​អ្នក ហើយ​បាន​អនុវត្ត​នូវ​ភាពបត់បែន​ពិសេស​ដើម្បី​បន្ធូរបន្ថយ​កង្វះ​កម្លាំង​មនុស្ស​ និង​ជួយ​អាជីវកម្ម​រក្សា​សមត្ថភាព​មូលដ្ឋាន​»​។

លោក​បានលើកឡើង​ទៀតថា ឧទាហរណ៍​ក្រសួង MOM បាន​ពន្យារ​សុពលភាព​នៃ​ការអនុម័ត​ជាគោលការណ៍​សម្រាប់​អ្នក​កាន់​ប័ណ្ណ​ការងារ​ទាំងអស់​ដែល​មិនអាច​ចូល​សិង្ហបុរី​បាន​។

ការអនុម័ត​ជាគោលការណ៍​គឺ​នៅពេល​ដែល​អ្នក​កាន់​ប័ណ្ណ​ការងារ​ត្រូវបាន​អនុញ្ញាតឱ្យ​ធ្វើការ​នៅ​សិង្ហបុរី ប៉ុន្តែ​ពួកគេ​មិនទាន់បាន​ចូល​សិង្ហបុរី​នៅឡើយ ពេល​គេ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​៕ ST-ANN/RR