
អតិថិជនកំពុងទិញសាច់ជ្រូកក្នុងផ្សារ ១ កន្លែង ក្នុងរាជធានីភ្នំពេញ។ ហេង ជីវ័ន
ភ្នំពេញៈ ខណៈពិធីកាន់បិណ្ឌនឹងត្រូវចាប់ផ្តើមពីថ្ងៃស្អែក គេរំពឹងថា តម្រូវការសាច់នឹងកើនឡើងបន្តិច ប៉ុន្តែតម្លៃនឹងមិនហក់ឡើងទេ។ នេះបើតាមអាជីវករមួយចំនួននៅរាជធានីភ្នំពេញ។
ក្នុងឆ្នាំ ២០២១ នេះពិធីបុណ្យកាន់បិណ្ឌនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ខែកញ្ញា ដល់ថ្ងៃទី ៦ ខែតុលា។
កំពុងរៀបចំបន្លែ និងត្រីដាក់ថង់ឱ្យអតិថិជន លោកស្រី ហាក់ ឡៃហៀក ដែលជាអ្នកលក់បន្លែត្រីសាច់នៅផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញបានឱ្យដឹងថា ទំនិញនៅផ្សារនេះមួយចំនួនបានចាប់ផ្តើមឡើងថ្លៃជាបណ្តើរៗហើយ ព្រោះរដូវកាន់បិណ្ឌកាន់តែជិតចូលមកដល់។
លោកស្រីបន្ថែមថា ក្នុងឱកាសនេះតម្រូវការត្រីសាច់ បន្លែ នឹងកើនឡើងខ្លាំងសម្រាប់ចម្អិនយកទៅវត្តប្រគេនព្រះសង្ឃ។ គិតត្រឹមថ្ងៃចន្ទ ត្រីឆ្លាំង និងកញ្ចុះ មានតម្លៃ ៥០ ០០០ រៀល ក្នុង ១ គីឡូក្រាម ដោយឡើងថ្លៃចន្លោះពី ៥ ០០០ ទៅ ១០ ០០០ រៀល ក្នុង ១ គីឡូក្រាម។ ចំណែកសាច់មាន់ និងសាច់ជ្រូកនៅរក្សាតម្លៃដើម។
លោកស្រីនិយាយថា៖ «ខ្ញុំលក់ឡើងថ្លៃ ព្រោះតែត្រីទិញចូលមកថ្លៃ ហើយការដឹកជញ្ជូនក៏ឡើងថ្លៃដែរ»។
ទោះបីយ៉ាងណា លោក សុខ ធា ម្ចាស់ហាងលក់អីវ៉ាន់ចាប់ហួយនៅក្បែរផ្សារដីហុយ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញបានឱ្យដឹងថា ទំនិញក្នុងហាងលោកទាំងអស់បានរក្សាតម្លៃលក់រាយដដែលដូចជា មីមានតម្លៃ ១៩ ០០០ រៀល ក្នុង ១ កេស និងទឹកបរិសុទ្ធ ១២ ០០០ ក្នុង ១ កេស។
លោកនិយាយថា៖ «ខ្ញុំឃើញថា អ្នកទិញភាគច្រើននិយាយដូចគ្នាថា រាល់កម្មវិធីបុណ្យម្តងៗតែងឡើងថ្លៃរហូត ខ្ញុំគិតថា ប្រសិនបើយើងទិញចូលថ្លៃ យើងនឹងលក់ថ្លៃតាមនោះដែរ បើមិនដូចនេះទេយើងនឹងខាតដើមហើយ តែកុំដំឡើងថ្លៃហួសហេតុពេក»។
លោកបន្តថា កាលពីរដូវកាន់បិណ្ឌឆ្នាំមុន ទំនិញដែលលក់ដាច់ជាងគេ រួមមាន មី ត្រីខ ទឹកបរិសុទ្ធ ភេសជ្ជៈ ធូបទៀន និងទំនិញមួយចំនួនទៀត។ លោកប្រាប់ថា៖ «ប៉ុន្មានថ្ងៃមកនេះ ហាងខ្ញុំមិនលក់ដាច់ខ្លាំងដូចរាល់ឆ្នាំទេ ប៉ុន្តែប្រហែលសប្តាហ៍ក្រោយទៅទើបលក់ដាច់ ព្រោះគេត្រូវធ្វើចង្ហាន់ទៅវត្តកាន់បិណ្ឌ»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា តម្រូវការសាច់សត្វក្នុងពិធីកាន់បិណ្ឌនឹងមានតម្រូវការកើនឡើងបន្តិចជាងថ្ងៃធម្មតា ប៉ុន្តែតម្លៃនឹងមិនហក់ឡើងនោះទេ។
លោកប្រាប់ថា៖ «បើតាមមើលទៅ នារដូវកាលភ្ជុំបិណ្ឌ ខ្ញុំធានាថា តម្លៃសាច់បោះដុំអត់ឡើងទេ។ ដោយឡែក បើឡើងថ្លៃ គឺអ្នកលក់មួយចំនួននៅតាមផ្សារប៉ុណ្ណោះ។ សាច់សត្វនឹងមិនខ្វះខាតទេ ខ្ញុំធានា ១០០ ភាគរយសម្រាប់អ្នកមានតម្រូវការ។ ចំពោះសាច់មាន់ចិញ្ចឹមជាលក្ខណៈកសិដ្ឋាន គឺមិនឡើងថ្លៃនោះទេ ប៉ុន្តែបើមាន់រស់ចិញ្ចឹមលក្ខណៈគ្រួសារ ឬនៅតាមស្រែចម្ការ នឹងឡើងថ្លៃជារឿងធម្មតា ព្រោះវាមានចំនួនតិច»។
បើតាមលោក ស្រ៊ុន ពៅ សព្វថ្ងៃ ជ្រូករស់នៅរក្សាតម្លៃដដែល គឺតម្លៃចន្លោះពី ១២ ០០០ រៀល ទៅ ១៣ ០០០ រៀល ក្នុង ១ គីឡូក្រាម៕ LA
វីដេអូ៖