ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​ នា​ខែតុលា​ខាងមុខ ដើម្បី​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ​ (CKFTA) ដោយផ្ទាល់​ប្រសិនបើ​ស្ថានភាព​កូវីដ ​១៩ មាន​ភាពធូរស្រាល ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​មិន​ល្អការចុះ​ហត្ថលេខា​អាច​នឹងត្រូវ​ធ្វើឡើង​តាម​អនឡាញ​។

កម្ពុជា និង​កូរ៉េខាងត្បូង​បាន​ប្រកាស​រួមគ្នា​ពី​ការបិទបញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​តាំងពី​ខែកុម្ភៈ ឆ្នាំ​ ២០២១ ខណៈ​អ្នកជំនាញ និង​មន្ត្រី​យល់ឃើញ​ដូចគ្នា​ថា កូរ៉េខាងត្បូង​នឹង​ក្លាយជា​ទីផ្សារ​នាំចេញ​ដ៏ធំ​របស់​កម្ពុជា​ បន្ទាប់ពី​ប្រទេស​មហា​យក្ស​ចិន​។

លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា​ថា បើ​ស្ថានភាព​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​ភាពធូរស្រាល លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នឹង​ទៅ​ចុះហត្ថលេខា​ដោយផ្ទាល់​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​មិន​អំណោយផល ការចុះហត្ថលេខា​នឹងធ្វើ​តាមរយៈ​អនឡាញ​។ លោក​បាន​បន្តថា តាមរយៈ FTA នេះ ទំនិញ​កម្ពុជា​ប្រមាណ​ជាង​ ១០ ០០០ (​មួយ​ម៉ឺន​) ​បន្ទាត់​ពន្ធ​នឹង​នាំចេញ​ដោយ​រួច​ពន្ធ​ទៅ​កូរ៉េ​។

លោក​ថ្លែងថា​៖ «​ដូចគ្នា​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ដែរ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ គឺជា​កិច្ច​ខំប្រឹងប្រែង និង​ជា​ជោគជ័យ​ថ្មី​មួយទៀត​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការបើក​ច្រក​សម្រាប់​នាំចេញ​ទំនិញ​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​ (​បណ្ឌិត្យសភា​កម្ពុជា​) ​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ប្រទេស​ទាំង ២ នៅតែមាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អ​ជាមួយ​គ្នា ហើយ​វា​នឹង​កាន់តែ​ពិសេស​បន្ថែមទៀត​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ប្រទេស ២ ​ចូល​ជា​ធរមាន​។

លោក​បាន​បន្ថែមថា ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នេះ កម្ពុជា​ចាំបាច់​ត្រូវខិតខំ​បន្ថែមទៀត​ ដើម្បី​ធ្វើខ្លួន​ឱ្យក្លាយ​ទៅជា​ប្រទេស​ផលិត និង​នាំចេញ ដោយ​មិន​ត្រឹមតែ​ជាមួយ​ប្រទេស​កូរ៉េ​ប៉ុណ្ណោះ​ទេ គឺ​សម្រាប់​គ្រប់​ទីផ្សារ​លើ​ពិភពលោក​តែម្តង​។

លោក​អះអាងថា​៖ «​ការធ្វើ​ពិពិធកម្ម​ទៅលើ​ការផលិតផល​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​នឹង​ជួយ​ធ្វើឱ្យ​កម្ពុជា​អាចមាន​ឧត្តមភាព​លើ​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​»​។

បើ​យោងតាម​លោក សុវិជាតិ ទីផ្សារ​កូរ៉េ​នឹង​បង្កើន​ឱកាស​ថែមទៀត​សម្រាប់​ទំនិញ​កសិផល​, កសិផល​កែច្នៃ​, វាយនភណ្ឌ​, សម្លៀកបំពាក់​, ស្បែកជើង​, កាបូប​ធ្វើដំណើរ ផលិតផល​កៅស៊ូ​, គ្រឿង​បង្គុំ​អេឡិចត្រូនិក​, គ្រឿងបន្លាស់​, ផលិតផល​ឧស្សាហកម្ម​ស្រាល​, និង​ផលិតផល​មួយចំនួនទៀត​ដែល​ផលិត​ដោយ​អ្នកវិនិយោគ​ក្នុង និង​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​នឹង​នាំចេញ​ដោយ​រួច​ពន្ធ​ទៅ​ទីផ្សារ​កូរ៉េ​។

ទន្ទឹមនឹងនេះ​លោក​បញ្ជាក់ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ក៏​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការនាំចូល​មកវិញ​នូវ​ទំនិញ​អេឡិចត្រូនិក​, ថ្នាំពេទ្យ គ្រឿងបន្លាស់​រថយន្ត និង​សម្ភារ​បរិក្ខារ​ដែល​ជា​វត្ថុ​ធាតុដើម និង​ម៉ាស៊ីន​ឧបករណ៍​ផលិតកម្ម​ផ្សេងៗ​បម្រើឱ្យ​ការផលិត​របស់​កម្ពុជា​ដែល​នឹង​នាំឱ្យ​មាន​ការកើនឡើង​នូវ​ផលិតភាព​ផលិតកម្ម ក៏ដូចជា​គុណភាព​ផលិតផល​សម្រាប់​នាំចេញ​។

ទិន្នន័យ​ពី​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​កូរ៉េ មាន​ទឹកប្រាក់​សរុប ៤៥១,៩៨ ​លាន​ដុល្លារ​កើន ៦,៧២ ​ភាគរយ​ពី​ចំនួន ៤២៣,៥១ ​លាន​ដុល្លារ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​មាន​ទឹកប្រាក់ ១៥៩,៤ ​លាន​ដុល្លារ​ធ្លាក់ចុះ ១,៦ ​ភាគរយ និង​ការនាំ​ចូល​ពី​កូរ៉េ​មាន​ទឹកប្រាក់ ២៩២,៥៩ ​លាន​ដុល្លារ កើន ១១,៩ ​ភាគរយ​៕ LA