
លោក ម៉ៅ ធនិន ពិនិត្យមើលចង្វាក់ផលិតកម្មក្នុងរោងចក្រ TK&D។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុន ធីខេ& ឌី មេនូហ្វេកធឺរីង (TK&D Manufacturing) ដែលជាសហគ្រាសក្នុងស្រុកបានសម្ពោធដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មផលិតកែវ ក្រដាស និងបំពង់បឺត ដែលកែច្នៃពីវត្ថុធាតុដើមអង្ករ ពោត និងដំឡូងមី ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេសកាលពីថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២១។
លោកស្រី ទិត សុខុម ស្ថាបនិកក្រុមហ៊ុន TK&D បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២០ ខែកញ្ញាថា ក្រុមហ៊ុនបានបោះទុនវិនិយោគជាង ៥ លានដុល្លារ ដើម្បីបង្កើតរោងចក្រផលិតកែវ ក្រដាស និងបំពង់បឺត ដោយមានទីតាំងស្ថិតនៅឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រនេះសាងសង់លើផ្ទៃដីជាង ២ ហិកតា ដោយបង្កើតការងារបានជាង ១០០ នាក់។
លោកស្រីប្រាប់ថា៖ «យើងបានចាប់ផ្តើមផលិតចាប់ពីថ្ងៃសម្ពោធ ហើយនៅដើមខែមករា ឆ្នាំ ២០២២ យើងនឹងមានផលិតចែកចាយនៅលើទីផ្សារជាលើកដំបូង។ យើងផលិតសម្រាប់នាំចេញទៅកាន់ប្រទេសអូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនទៀត ហើយយើងក៏នឹងលក់ក្នុងស្រុកផងដែរ»។
លោកស្រីបានឱ្យដឹងទៀតថា ដោយសង្កេតឃើញថា តាមបណ្តាប្រទេសជឿនលឿនមួយចំនួនបានយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និងបរិស្ថានបានជំរុញឱ្យក្រុមហ៊ុន TK&D បង្កើតសហគ្រាសនេះឡើងដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចខេត្តពោធិ៍សាត់ទាំងមូល។
លោកស្រីបន្ថែមថា នេះគឺជាផលិតផលកកើតឡើងវិញ (អាចបរិភោគបាន) ដែលមិនប៉ះពាល់សុខភាព និងបរិស្ថាន ពិសេសចូលរួមកាត់បន្ថយកាកសំណល់ប្លាស្ទិកថែមទៀតផង។
លោកស្រីប្រាប់ថា៖ «TK& D នឹងផលិតកែវក្រដាស និងបំពង់បឺតពីម្សៅអង្ករ ម្សៅពោត និងម្សៅដំឡូង ដែលអាចពិសាបានសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ផលិតផលនេះមិនប្រើសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ព្រមទាំងបង្កើតភាពបៃតងនៅកម្ពុជា»។
ក្នុងកម្មវិធីសម្ពោធនេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់បានថ្លែងស្វាគមន៍ចំពោះការវិនិយោគនេះ និងស្នើដល់សហគ្រាសឱ្យទទួលទិញផលិតផលវត្ថុធាតុដើមពីប្រជាកសិករក្នុងខេត្តនេះសម្រាប់ផ្គត់ផ្គង់ក្នុងតម្រូវការផលិតរបស់ក្រុមហ៊ុន។
លោកថ្លែងថា៖ «សូមឱ្យសហគ្រាសទទួលបានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើន ដើម្បីចូលរួមចំណែកជួយទ្រទ្រង់សេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជា សេដ្ឋកិច្ចកម្ពុជាយើងឱ្យមានការទទួលស្គាល់ពីឆាកអន្តរជាតិ»៕ LA