ទីក្រុងប៉េកាំងៈ នៅពេល​ដែល​ភាពចលាច័ល​ទីផ្សារ​ភាគហ៊ុន​ប្រព័ន្ធ​ជុំវិញ​ក្តី​ព្រួយបារម្ភ​ក្រុមហ៊ុន​យក្ស​ចិន​នឹង​មិនអាច​ដោះបំណុល ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ប្រធាន​ក្រុមហ៊ុន Evergrande ដែល​អភិវឌ្ឍន​លំនៅឋាន​ចិន និង​ជំពាក់​បំណុល​គេ បាន​ប្រាប់​បុគ្គលិក​ថា លោក​ជឿជាក់​ថា ក្រុមហ៊ុន​យក្ស​នេះ​នឹង​ «​ឆ្លង​រួច​ផុតពី​គ្រា​ដ៏ខ្មៅ​ងងឹត​បំផុត​ក្នុងពេល​ឆាប់ៗ​នេះ​»​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ចុះ​ស្រអាប់​បាន​តស៊ូ​ ដើម្បី​លួងលោម​អ្នកទិញ​ផ្ទះ​ និង​វិនិយោគិន​ដែលមាន​កំហឹង​នៅពេល​ដែល​ខ្លួន​កំពុង​ឈានដល់​ការដួលរលំ​ជាមួយ​នឹង​បំណុល​លើសពី ៣០០ ​ពាន់​លាន​ដុល្លារ​។

សារព័ត៌មាន Securities Times ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​ថា លោក Xu Jiayin ដែល​បង្កើត​ក្រុមហ៊ុន​នេះ​នៅក្នុង​ឆ្នាំ​ ១៩៩៦ បាន​ប្រាប់​បុគ្គលិក​នៅក្នុង​លិខិត​ប្រារព្ធ​ពិធីបុណ្យ​ពាក់កណ្តាល​រដូវ​ស្លឹកឈើ​ជ្រុះ ថា​គាត់​ជឿជាក់​យ៉ាង​មុតមាំ​ថា Evergrande នឹង​អាច​ដើរ​ចេញពី​គ្រា​ដ៏ខ្មៅ​ងងឹត​ក្នុងពេល​ឆាប់ៗ​នេះ​។

លោក​បាន​បន្តថា Evergrande នឹង​បង្កើន​ការងារ​ និង​ផលិតកម្ម​ពេញលេញ ធានា​ការប្រគល​អគារ និង​ផ្តល់​ចម្លើយ​ប្រកបដោយ​ការទទួលខុសត្រូវ​ទៅកាន់​អ្នកទិញ​ផ្ទះ អ្នកវិនិយោគ ដៃគូ​ទាំងឡាយ និង​ស្ថាប័នហិរញ្ញវត្ថុ​។

លោក​ក៏​បាន​អរគុណ​ដល់​បុគ្គលិក​នៅក្នុង​លិខិត​ចំពោះ​ការខិតខំ​បំពេញ​ការងារ​របស់​ពួកគេ នៅពេល​ប្រទេស​ចិន​ប្រារព្ធ​ការឈប់​សម្រាក​សាធារណៈ​រយៈពេល​ ២ ​ថ្ងៃ​។

លិខិត​នោះបាន​ចេញមក ពេល​ដែល​ក្តីបារម្ភ​នៃ​ភាពប្រទាក់ក្រឡា​គ្នា​នៃ​ការធ្លាក់ចុះ​នៅ​ផ្សារហ៊ុន​ហុងកុង និង​ផ្សារហ៊ុន​តូក្យូ​នៅពេល​ជួញដូរ​ពេលព្រឹក ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ផ្សេងៗ​ទៀត​ក៏​ស្ថិតនៅក្នុង​បណ្តាញ​រងគ្រោះ​ដែរ​។

វិបត្តិ​របស់ Evergrande បាន​អុជ​ឲ្យ​មាន​ការតវ៉ា​ដ៏កម្រ​នៅក្រៅ​ការិយាល័យ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន​ដោយ​ក្រុម​អ្នកវិនិយោគ និង​អ្នកផ្គត់ផ្គង់​ដែល​ទាមទារ​ប្រាក់​របស់​ពួកគេ ដោយ​អ្នកខ្លះ​ក្នុងចំណោម​នោះ​អះអាងថា ពួកគេ​ត្រូវ​ក្រុមហ៊ុន​ជំពាក់​ច្រើន​រហូតដល់​ ១ ​លាន​ដុល្លារ​។

ក្រុមហ៊ុន​បាន​សារភាព​នៅ​ដើមខែ​នេះ​ថា ខ្លួន​បាន​ស្ថិតនៅក្រោម​សម្ពាធ​ដ៏ខ្លាំងក្លា និង​ប្រហែល​មិនមាន​លទ្ធភាព​ដើម្បី​បំពេញ​តាម​ការសន្យា​របស់ខ្លួន​នោះទេ​៕ RR