ទីក្រុងបាងកកៈ នាយកដ្ឋាន​ចរចា​ពាណិជ្ជកម្ម (DTN) របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​នឹង​វាយតម្លៃ​ឡើងវិញ​នូវ​គុណសម្បត្តិ​ និង​កត្តា​វិបត្តិ​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៃ​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន (CPTPP) បន្ទាប់ពី​ប្រទេស​ចិន​បាន​ចុះហត្ថលេខា​លើ​កតិកាសញ្ញា​កាលពី​សប្តាហ៍​កន្លងទៅ​។

លោកស្រី Auramon Supthaweethum អគ្គនាយក​នៃ​នាយកដ្ឋាន​ចរចា​បាន​និយាយថា ទំហំ​ទីផ្សារ CPTPP នាពេល​នេះ​កាន់តែ​ធំ​ជាង​ទីផ្សារ​ដែលមាន​ប្រទេស​ ១១ ​ចុះ​ហត្ថលេខី ដែល​រួមមាន​ប្រទេស​ជប៉ុន អាស្ត្រាលី នូវែលសេឡង់ កាណាដា ម៉ិចស៊ិក ប៉េរូ ឈីលី សិង្ហបុរី ប្រ៊ុណេ ម៉ាឡេស៊ី និង វៀតណាម​។

លោកស្រី​បាន​និយាយថា​៖ «​ជាមួយ​ការចូល​ជា​សមាជិក​របស់​ប្រទេស​ចិន ប្រជាជន​ក្នុង​តំបន់ CPTPP នឹង​ពង្រីក​ទៅដល់​ ១,៩ ​ពាន់​លាន​នាក់ ឬក៏ ស្មើនឹង​ ២៥ ​ភាគរយ​នៃ​ប្រជាជន​សកលលោក ដែល​មាន​ផលិតផល​ក្នុងស្រុក​ស្រុក​សរុប [GDP] ប្រហែល​ ២៥,៣ ​ពាន់​ពាន់​លាន​ដុល្លារ ឬក៏​ ៣០ ​ភាគរយ​នៃ GDP ​ពិភពលោក​»​។

ទោះបីជា​បែបណា​លោកស្រី​បាន​បន្ថែមថា CPTPP នៅមាន​ទំហំ​តូច​ជាង កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែលមាន​ប្រទេស​ ១៥ ​ជា​សមាជិក ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា កម្ពុជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង នូវែលសេឡង់​។

RCEP ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ធំ​បំផុត​នៅក្នុង​ពិភពលោក ដែល​គ្របដណ្តប់​ប្រជាជន​ ២,៣ ​ពាន់​លាន​នាក់ ឬ​ស្មើនឹង​ ៣០ ​ភាគរយ​នៃ​ប្រជាជន​សរុប ដោយមាន​ផលិតផល​ក្នុងស្រុក​សរុប (GDP) ២៨,៥ ​ពាន់​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ ៣៣,៦ ​ភាគរយ​នៃ GDP សកលលោក​។

លោកស្រី​និយាយថា​៖ «​ការសម្រេចចិត្ត​របស់​ចិន​ដើម្បី​ចូលរួម​កិច្ចព្រមព្រៀង CPTPP នឹង​ជួយ​ពង្រីក​ពាណិជ្ជកម្ម​ និង​ឱកាស​វិនិយោគ​ក្នុងចំណោម​ប្រទេស​ជា​សមាជិក ជាពិសេស​ការចូលរួម​ក្នុង​ច្រវ៉ាក់​ផ្គត់ផ្គង់​តំបន់ ដោយសារ​ចិន​ជា​ធនធាន​វត្ថុធាតុដើម​សំខាន់​ និង​ជា​មូលដ្ឋាន​ផលិតកម្ម​ក្នុង​តំបន់​»​។

លោកស្រី​បន្ថែមថា​៖ «​ទន្ទឹមនឹង​នោះដែរ វា​បាន​បង្ហាញថា ចិន​រួចរាល់​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្តង់ដារ​ និង​ច្បាប់​ដើម្បី​ឲ្យ​ស៊ីគ្នា​ជាមួយ​ប្រទេស​ជា​សមាជិក ដូចជា ការការពារ​កម្មសិទ្ធ​បញ្ញា សិទ្ធិមនុស្ស ពាណិជ្ជកម្ម​អេឡិចត្រូនិក និង ប្រតិបត្តិការ​របស់​សហគ្រាស​រដ្ឋ​»៕ The Nation (Thailand)-ANN/RR