ទីក្រុង​ឡុងដ៍ៈ ទិន្នន័យ​ផ្លូវការ​បាន​បង្ហាញ​កាល​ពីថ្ងៃអង្គារ​ថា​ ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​នៅ​ខែ​សីហា ​ប៉ុន្តែ​នៅតែ​​ខ្ពស់​​​ដោយសារតែ​វិធានការ​គាំទ្រ​​កូវីដ ១៩ ​ដែល​​ត្រូវបាន​ចំណាយ​ច្រើន​​។

ការិយាល័យ​ស្ថិតិ​ជាតិបាន​និយាយ​ថា​ ការ​ខ្ចីប្រាក់​សុទ្ធ​ពី​វិស័យ​សាធារណៈ​ដែល​ជាវិធាន​​​​​ឱនភាព​​ដើម្បី​​ជួយសង្គ្រោះ​​របស់​រដ្ឋ​បាន​ធ្លាក់ចុះ​មក​ត្រឹម ២០,​៥ ​ពាន់​លាន​ផោន (២៨ ​ពាន់​លាន​ដុល្លារ​ ២៤ ពាន់​លាន​អឺរ៉ូ) ​កាល​ពី​ខែ​មុន។

ទោះយ៉ាងណា នោះ​គឺ​ជា​កម្រិត​ខ្ពស់​បំផុត​ទី ២ ​សម្រាប់​ខែ​នេះ ​ចាប់តាំង​ពី​កំណត់ត្រា​បាន​ចាប់ផ្តើម​បន្ទាប់​ពី​ ២៦ ​ពាន់​លាន​ផោន​ កាល​ពីខែ​សីហា​ឆ្នាំមុន។

ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ញាំញី​ដោយ​វិធានការ​គ្រា​អាសន្ន​កូវីដ ១៩ ជា​ពិសេស​គម្រោង​​កាត់​បុគ្គលិក​ឲ្យ​​ឈប់សម្រាក​រយៈពេលយូរ​ដែល​បាន​ចំណាយ​ប្រាក់​ឈ្នួល​ផ្នែក​​ឯកជន​​ភាគច្រើន​ដល់​​កម្មករ​ចក្រភព​អង់គ្លេស​រាប់លាន​នាក់ ​ប៉ុន្តែ​ត្រូវ​បញ្ចប់​នៅ​ចុង​ខែ​នេះ។

ONS ក៏បាន​បង្ហាញផង​ដែរកាល​ពីថ្ងៃ​អង្គារ​ថា ​ឱនភាព​ប្រចាំឆ្នាំ​បាន​កើន​ឡើង​លើស​ពីការ​រំពឹង​ទុក។

ការគាំទ្រ​ជំងឺ​រាតត្បាតគ្រាអាសន្ន​បាន​ជំរុញ​ឱ្យ​ខ្ចី​ប្រាក់​រហូត​​ដល់ ៣២៥,១ ពាន់​លាន​​ផោន ​នៅ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ដល់​ខែ​មីនា​ កើនឡើង​ពី​ការ​ប៉ាន់​ស្មាន​មុន​ចំនួន ២៩៨ ពាន់លានផោន។

តួលេខ​ដែល​បាន​កែប្រែ​ គឺ​ស្មើ​នឹង ១៥,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុ​ក​សរុប។

នោះ​ គឺជាកម្រិត​ខ្ពស់​បំផុត​ចាប់តាំង​ពីការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី២ ​ក្នុង​ឆ្នាំ ​១៩៤៥ នៅ​ពេល​ដែល​តួលេខ​នេះ​​​មានចំនួន ២២,៤ ភាគរយ។

ONS បាន​បន្ថែម​ថា​ ការ​កែប្រែ​នេះ​ គឺ​ដោយសារ​តែ​ការដក​ប្រាក់​កម្ចី​សង្គ្រោះ​បន្ទាន់​ ដែល​គាំទ្រ​ដោយ​រដ្ឋ​ក្នុង​អំឡុង​ពេល​មាន​ជំងឺរាត​ត្បាត៕ AFP/RR