
អង្គប្រជុំព្រឹទ្ធសភា កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១។ រូបថត ព្រឹទ្ធសភា
ភ្នំពេញៈ ព្រឹទ្ធសភាបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន (FTA) ដោយរំពឹងនឹងជំរុញការនាំចេញ និងវិនិយោគមកកម្ពុជាកាន់តែច្រើន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា អង្គប្រជុំព្រឹទ្ធសភាទាំង ៣៨ សំឡេងបានពិនិត្យ និងផ្តល់យោបល់ឯកភាពទាំងស្រុងលើកិច្ចព្រមព្រៀងទាំង ២ ដោយឥតកែប្រែក្នុងកិច្ចប្រជុំនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានទៅការពារសេចក្តីព្រាងច្បាប់នេះ បានលើកឡើងថា RCEP គឺជាកិច្ចព្រមព្រៀងដែលមានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដោយវានឹងសម្រួលដល់ការពង្រីកខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់។ RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំមួយក្នុងតំបន់ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង ១០ ព្រមទាំងប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន ៥ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអូស្ត្រាលី។
លោកបន្តថា ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បង្ហាញថា តាមរយៈ RCEP កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំនៃការនាំចេញចំនួន ៧,៣ ភាគរយ និងវិនិយោគ ២៣,៤ ភាគរយ ហើយផលិតផលក្នុងស្រុកសរុបប្រមាណ ២ ភាគរយលើផលិតផលក្នុងស្រុកសរុបដែលមាននាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «កិច្ចព្រមព្រៀងនេះនឹងផ្តល់សញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគីដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសការចូលរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចកម្ពុជា និងតំបន់ឡើងវិញបានឆាប់រហ័សពីវិបត្តិកូវីដ ១៩»។
RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំនៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០ លាននាក់ ឬ ៣០ ភាគរយនៃប្រជាជនពិភពលោក។ ផលិតផលក្នុងស្រុកសរុបមានប្រមាណ ២៦,២ ទ្រីលានដុល្លារ ឬ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្ម ២៨ ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក។ នេះបើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា។
សេចក្តីប្រកាសបន្តថា៖ «កិច្ចព្រមព្រៀង RCEP មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ និងរួមចំណែកសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។ កិច្ចព្រមព្រៀងនេះមានសារៈសំខាន់ក្នុងការផ្តល់ឱកាសដល់ប្រទេសក្នុងតំបន់ ដើម្បីការពារការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ ១៩»។
ជាមួយគ្នានេះព្រឹទ្ធសភាក៏បានអនុម័តផងដែរ លើសេចក្តីព្រាងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន។
ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន លោក សូរស័ក្តិ ឱ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងមួយនេះ កម្ពុជានឹងទទួលបានការបើកទីផ្សារឱ្យបានធំ និងប្រសើរជាងមុនសម្រាប់មុខទំនិញកសិផល បន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនទៀត ស្របពេលដែលកម្ពុជាអាចផលិតបាន និងអនុលោមតាមវិធានអនាម័យ និងស្តង់ដា។
កិច្ចព្រមព្រៀងនេះក៏នឹងផ្តល់កាលានុវត្តភាពផ្នែកវិនិយោគដល់កម្ពុជាកាន់តែច្រើន ដែលរួមមានការផ្តល់ឱកាសឱ្យដល់ធុរជនកម្ពុជា ដែលមានបំណងពង្រីកទីផ្សារ និងទំនិញនាំចេញឱ្យកាន់តែសម្បូរបែបទៅកាន់ទីផ្សារចិន ព្រមទាំងទទួលបានផលប្រយោជន៍ពីការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារជូនប្រជាជន៕ LA