សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) មាន​សេចក្តី​សោមនស្ស​ក្រៃលែង ក្នុង​ការប្រកាស​ដាក់ឱ្យ​ដំណើរការ​នូវ «​គម្រោង​ធានា​ឥណទាន​សម្រាប់​សហហិរញ្ញប្បទាន (CFGS)» ​ជា​ផ្លូវការ​។ គម្រោង CFGS ត្រូវបាន​បង្កើត​ឡើងជា​ពិសេស សម្រាប់​កម្ចី​សហហិរញ្ញប្បទាន​ដែល​ផ្តល់​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២ (SCFS II) របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ។

គម្រោង CFGS របស់ CGCC និង​គម្រោង SCFS II របស់​ធនាគារ SME គឺជា​ការរួម​គ្នា​នៃ​សហគ្រាស​សាធារណៈ​ទាំងពីរ​ក្នុង​ការលើកកម្ពស់​ការទទួល​បាន​ហិរញ្ញប្បទាន សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។ ខណៈដែល​គម្រោង SCFS II មាន​គោលបំណង​កាត់បន្ថយ​ចំណាយ​ (​អត្រា​ការប្រាក់​) នៃ​ឥណទាន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម CFGS របស់ CGCC គឺជា​គម្រោង​ធានា​ឥណទាន​ដែល​ដើរតួ​ជា​ទ្រព្យ​បញ្ចាំ​ចាប់ពី​ ៧០% ដល់ ៨០% នៃ​ទំហំ​កម្ចី ដើម្បី​កាត់បន្ថយ​តម្រូវការ​ទ្រព្យ​បញ្ចាំ​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ (​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​) ទៅកាន់​អ្នក​ខ្ចី​។

CGCC នឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ជំហាន​ទីមួយ​នៃ​គម្រោង CFGS ដែលមាន​ទឹកប្រាក់​សរុប ៥០ ​លាន​ដុល្លារ ដើម្បី​ធានា​ដល់​ឥណទាន​ដែល​ផ្តល់​ក្រោម​គម្រោង SCFS II​។ គម្រោង​នេះ​នឹង​ជួយ​ឱ្យមាន​ការបញ្ចេញ​ឥណទាន​ថ្មីៗ​នៅក្នុង​វិស័យ​ធនាគារ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម (PFIs) របស់ CGCC ​ទៅកាន់​ក្រុមហ៊ុន​អាជីវកម្ម​។ ទន្ទឹមនេះ PFIs នឹង​អាច​ផ្តល់​កម្ចី​ច្រើនជាង​មុន ធៀប​នឹង​តម្លៃ​នៃ​ទ្រព្យ​បញ្ចាំ​ដោយ​ហានិភ័យ​ក្នុង​ការផ្តល់​ឥណទាន​នេះ​នឹង​ត្រូវបាន​ចែករំលែក​ដោយ CGCC រហូតដល់​ ៨០%​។

CFGS គឺជា​គម្រោង​ធានា​ឥណទាន​ទី​ ២ ដែល​ត្រូវបាន​ដាក់ចេញ​ដោយ CGCC​។ គួរ​បញ្ជាក់ថា CGCC បាន​ដាក់ចេញ​គម្រោង​ធានា​ឥណទាន​ដើម្បី​ស្តារ​អាជីវកម្ម​ដែលមាន​ទំហំ​ទឹកប្រាក់​ ២០០ ​លាន​ដុល្លារ​អាមេរិក​នៅ​ខែមីនា​ឆ្នាំ​ ២០២១ ​ក្នុង​គោលបំណង​គាំទ្រ​ដល់​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។ ​គិត​ត្រឹម​ថ្ងៃទី​ ២១ ​ខែកញ្ញា​ឆ្នាំ​ ២០២១ CGCC បានផ្តល់​ការធានា​ឥណទាន​លើក​ម្ចី​ចំនួន​ ៨៥ ​កម្ចី ដែលមាន​ទំហំ​ប្រមាណ​ ១២ ​លាន​ដុល្លារ​ដល់​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​តាមរយៈ​ PFIs ​របស់ CGCC​។

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ CGCC បាន​មានប្រសាសន៍ថា​៖ «​ការដាក់ឱ្យ​ដំណើរការ​នូវ​គម្រោង CFGS របស់ CGCC គឺជា​ការឆ្លើយតប​ទាន់ពេលវេលា​ និង​ជា​ការគាំទ្រ​បន្ថែម​យ៉ាងសំខាន់​លើ​គម្រោង​ SCFS II របស់​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ក្នុង​ការចែករំលែក​ហានិភ័យ​ជាមួយ​ PFIs​។ គម្រោង​ទាំងពីរ​នេះ​នឹង​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក​ក្នុង​ការដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចម្បង​ ២ ​យ៉ាង​ក្នុង​ការទទួល​បាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ទីមួយ​គឺ​ការចំណាយ​ខ្ពស់​ក្នុង​ការទទួល​បាន​កម្ចី​ និង​ទី​ពីរ​គឺ​កង្វះ​ទ្រព្យ​បញ្ចាំ​»​។

ម្ចាស់​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ដែលមាន​សញ្ជាតិ​កម្ពុជា (​កាន់កាប់​ភាគហ៊ុន​លើសពី​ ៥០%) អាចទាក់ទង​ទៅកាន់​ PFIs របស់​ CGCC ឬ​ទាក់ទង​ផ្ទាល់​មកកាន់​ CGCC តាមរយៈ​លេខ​ទូរស័ព្ទ​ ០២៣ ៧២២ ១២៣ ​ឬ​អ៊ីម៉ែល​ info@cgcc.com.kh ឬ​ចូលទៅ​កាន់​គេហទំព័រ​ www.cgcc.com.kh សម្រាប់​ព័ត៌មាន​បន្ថែម​។

ស្ថាប័ន​ហិរញ្ញវត្ថុ​ចូលរួម​របស់​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​រួមមាន​ធនាគារ​អេប៊ីអេ​, ធនាគារ​អេស៊ីលីដា​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេអឹមខេ​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​, ធនាគារ​អាស៊ា​ប៉ាស៊ីហ្វិក​ឌីវេឡុបមេន​, ធនាគារ​ប្រេដប៊ែង​, ធនាគារ​ប្រៃសណីយ៍​កម្ពុជា​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ខេមា, ធនាគារ​កាណាឌីយ៉ា​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចម្រើន​, ធនាគារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​នៃ​កម្ពុជា​, ធនាគារ​ជេត្រាស់​រ៉ូយ៉ាល់​, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អិលអូអិលស៊ី​, ធនាគារ​ហ្វីលីព​, ធនាគារ​ភីភី​ស៊ីប៊ែង​, ធនាគារ​ព្រីនស៍​, ធនាគារ​អអេចប៊ី​, ធនាគារ​ស្ថាបនា​ និង​ធនាគារ​វីង​។ ​CGCC ស្វាគមន៍​នូវ​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​ជាមួយ​នឹង​គម្រោង​ CFGS៕