ភ្នំពេញៈ ក្រុមហ៊ុន​ អេមរុ រ៉ាយស៍ ខេមបូឌា ឯ.ក (Amru Rice Cambodia Co., Ltd) ប្រកាស​ស្វែងរក​ដៃគូ​ចែកចាយ និង​នាំចេញ​សន្លឹក​គុយទាវ​មូរ​ដែលជា​ផលិតផល​ថ្មី​របស់ខ្លួន​សម្រាប់​ទីផ្សារ​អូស្ត្រាលី បារាំង អាមេរិក និង​ចក្រភព​អង់គ្លេស ដើម្បី​ជួយ​គាំទ្រ និង​លើកកម្ពស់​ជីវភាព​កសិករ​ខ្នាតតូច​តាម​បណ្តា​ខេត្ត​តំបន់ភ្នំ​ភាគ​ឦសាន​។

លោក សុង សារ៉ន នាយក​ក្រុមហ៊ុន អេមរុ រ៉ាយស៍ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​ផលិតផល​ថ្មី​របស់​ក្រុមហ៊ុន​ដែល​ទើប​បង្កើតឡើង ដើម្បី​គាំទ្រ​ទៅដល់​កសិករ​ខ្នាតតូច​មាន​ជីវភាព​ក្រីក្រ​នៅ​តំបន់​ដាច់ស្រយាល​ឱ្យទទួល​បាន​ចំណូល​សមរម្យ​ផ្គត់ផ្គង់​គ្រួសារ​។

លោក​និយាយថា​៖ «​ផលិតផល​ទាំងអស់​នេះ គឺ​វត្ថុធាតុដើម​យើង​ផលិត​ដោយ​កសិករ​ខ្នាតតូច​ដែលមាន​ដីចម្ការ​តូចៗ​រស់នៅ​តំបន់ភ្នំ​ក្នុង​ខេត្ត​ព្រះវិហារ មណ្ឌលគិរី​ក្នុង​នោះ​ក៏មាន​ជនជាតិ​ដើម​ភាគតិច​មួយចំនួន​ផងដែរ​។ យើង​គាំទ្រ​មិន​ឱ្យមាន​នរណាម្នាក់​ត្រូវបាន​គេ​ទុកចោល​ដោយ​មិនបាន​គិតគូរ​ទេ ដូចនេះ​យើង​គិតគូរ​គាត់​ក្នុង​ចង្វាក់​ផ្គត់ផ្គង់​របស់​យើង​»​។

លោក​បាន​ឱ្យដឹងទៀតថា ការផលិត​តាម​ស្តង់ដា​សរីរាង្គ​នេះ​នឹង​ជួយ​ដល់​ប្រជាកសិករ​ខ្នាតតូច​ឱ្យមាន​ចំណូល និង​ជីវភាព​សមរម្យ ដូចនេះ​ការផលិត​តាម​ស្តង់ដា​សរីរាង្គ​អាច​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មាន​លទ្ធភាព​ចាប់​ជា​ដៃគូ​ជាមួយ​ពួកគាត់​បាន​។

លោក​ប្រាប់ថា​៖ «​ការគាំទ្រ​ជួយ​ទិញ​ផលិតផល​នេះ​នឹង​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​កសិករ​ខ្នាតតូច ពិសេស​ជនជាតិដើម​ភាគតិច​»​។

លោក​ឱ្យដឹងទៀតថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​នាំចេញ​រួចហើយ​ទៅកាន់​ទីផ្សារ​ប្រទេស​ដាណឺម៉ាក និង​ហូឡង់​ដែល​កំពុងមាន​តម្រូវការ​កើនឡើង​ជា​លំដាប់​។ បន្ថែម​ពីលើ​នេះ​ក្រុមហ៊ុន​ក៏កំពុង​ស្វែងរក​ដៃគូ​នាំចូល និង​ចែកចាយ​សន្លឹក​គុយទាវ​មូរ​សរីរាង្គ​ទៅ​ប្រទេស​អូស្ត្រាលី អាមេរិក អង់គ្លេស និង​បារាំង​ដើម្បី​ពង្រីក​ទីផ្សារ​បន្ថែមទៀត​។

លោក​អះអាងថា​៖ «​យើង​រកឃើញ​ថា ទីផ្សារ​ដែលមាន​សក្តានុពល​ក្នុង​ការហូប និង​ប្រើប្រាស់​សន្លឹក​គុយទាវ​មូរ​ភាគច្រើន​ជា​ប្រទេស​ដែលមាន​​ជនជាតិ​អាស៊ី​មាន​ចំណូល​ខ្ពស់​រស់នៅ​ដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ ដែល​ពួកគាត់​ចូលចិត្ត​ហូប​គុយទាវ​មូរ​នេះ​។ យើង​ព្យាយាម​ផលិត​គុយទាវ​ដែលមាន​ស្តង់ដា​សរីរាង្គ​ស្របតាម​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដូចនេះ​យើង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការអនុលោម​តាម​ស្តង់ដា​ប្រទេស​ទាំងអស់នេះ​។ គុយទាវ​មូរ​យើង​ទើបនឹង​បង្កើត​ថ្មី​រសជាតិ ស្តង់ដា គុណភាព មាន​កម្រិត​ខ្ពស់​ដែល​អាច​ប្រកួតប្រជែង​បាន​នៅក្នុង​ទីផ្សារ​»​។

ដោយឡែក នៅក្នុង​ស្រុក​ក៏មាន​ការចាប់អារម្មណ៍ និង​ការគាំទ្រ​ច្រើន​ដែរ បើទោះជា​មិនមាន​ការទិញ​ច្រើន​ដូច​ការនាំចេញ​។ ទោះយ៉ាងណា​ក្រុមហ៊ុន​ពិតជា​រីករាយ​ក្នុង​ការឃើញ​ប្រជាជន​ខ្មែរ​គាំទ្រ​ផលិតផល​ជាតិ​។

ក្នុង​រយៈពេល ៨ ​ខែ​កន្លងមកនេះ​ក្រុមហ៊ុន​បាននិង​កំពុង​រៀបចំ​ផលិត​ និង​ដឹកជញ្ជូន​ទៅ​ប្រទេស​ដាណឺម៉ាក និង​ហូឡង់​ដោយ​ក្រុមហ៊ុន​ផលិត​បាន​ប្រហែល​ជិត ២០ ​តោន​មកហើយ ដើម្បី​ចែកចាយ​ទៅកាន់​ប្រទេស​ទាំង​ ២ ​នេះ​។ នៅពេលនេះ​ក្រុមហ៊ុន​កំពុង​ផលិត​បន្ត ដើម្បី​បង្កើន​ការនាំចេញ​ទៅកាន់​ប្រទេស​ផ្សេងទៀត​ផងដែរ​។

ក្រុមហ៊ុន​មានលទ្ធភាព​នាំចេញ​ប្រហែល ៤០ ​តោន​ ក្នុង​ឆ្នាំ​ ២០២១ នេះ ហើយ​បើសិន​គ្មានអ្វី​ប្រែប្រួល ក្រុមហ៊ុន​ប្តេជ្ញា​ជំរុញ​ការនាំចេញ​ផលិតផល​ជាតិ​ឱ្យ​កាន់តែច្រើន​ជា​លំដាប់​។ នេះ​បើតាម​លោក សុង សារ៉ន​៕ LA