ភ្នំពេញៈ សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ (CPSF) សហការ​ជាមួយ Harvest II បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​កម្មវិធី «​បេសកកម្ម​នាំចេញ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​» ដែលជា​កម្មវិធី​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រព័ន្ធ​ឌីជីថល​ថ្មី​មួយ​ក្នុង​ការសម្របសម្រួល និង​ផ្សារភ្ជាប់​ក្រុមហ៊ុន​ក្នុងស្រុក​សំដៅ​ជំរុញ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

កម្មវិធី​ដាក់​ដំណើរការ​ជា​ផ្លូវការ​ដែល​រៀបចំ​តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ២០ ខែកញ្ញា ឆ្នាំ​ ២០២១ នេះ​មាន​គោលបំណង​ផ្តល់ជំនួយ និង​ជំនាញ​សំខាន់ៗ​ដល់​ម្ចាស់​អាជីវកម្ម​កម្ពុជា​ក្នុង​ការពង្រឹង និង​ពង្រីក​សមត្ថភាព​ផ្នែក​ផលិតកម្ម​សុវត្ថិភាព​ចំណីអាហារ និង​បង្កើត​ឱកាស​នាំ​ចេញទៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ (MENA)​។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច​ និង​គ្រឿងទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នា​ថ្ងៃទី​ ២១ ខែកញ្ញា​ថា តាមរយៈ​គម្រោង​នេះ​កម្ពុជា​បានជ្រើសរើស​ក្រុមហ៊ុន​ចំនួន ២៥ ក្នុង​វិស័យ​កសិកម្ម​ (១០ ​ជា​ក្រុមហ៊ុន​នាំចេញ​ម្រេច​) ដើម្បី​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ «​ពិព័រណ៍​ផលិតផល​សរីរាង្គ និង​ធម្មជាតិ​នៅ​មជ្ឈមបូព៌ា​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ឌូបៃ​ចាប់ពី​ថ្ងៃ​ទី​ ២៨-២៩ ខែកញ្ញា​។ ពិព័រណ៍​នេះ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ (MENA) ​ជា​លើកដំបូង ហើយក៏​ដូចជា​ឱកាស​សម្រាប់​ការនាំចេញ​ដោយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកទិញ​នៅ​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។

លោក​អះអាងថា​៖ «​នេះ​ជា​ឱកាស​ដ៏អស្ចារ្យ​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ក្នុង​ការស្វែងរក និង​វាយលុក​ទីផ្សារ​ថ្មី​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​។ ដោយ​ធ្វើការ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល CPSF នឹង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច តាមរយៈ​ការជំរុញ និង​លើកកម្ពស់​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​»​។

បើតាម​លោក ម៉ាក់ នី តាមរយៈ​កម្មវិធី​នេះ ក្រុមហ៊ុន​ទាំង​ ២៥ នឹង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​មួយចំនួន​ដូចជា ការតភ្ជាប់​ការផ្គូផ្គង​អាជីវកម្ម​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ្នកទិញ អ្នក​ចែកចាយ​អ្នក​នាំចេញ និង​ដៃគូ​ផ្សេងៗ​, ការចូលរួម​ក្នុង​សាលពិព័រណ៍​ឌីជីថល​ដែលមាន​ស្តង់​រួមមួយ​សម្រាប់​ផលិតផល​ប្រទេស​កម្ពុជា​,​អ្នក​នាំចេញ​នីមួយៗ​នឹង​រៀបចំ​តាំងពិព័រណ៍​ផលិតផល ដែល​ពួកគេ​អាច​ទាក់ទាញ និង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នកទិញ ដៃគូ និង​អ្នកចូលរួម​, និង​ធ្វើ​យុទ្ធនាការ​ឌីជីថល​ផ្សព្វផ្សាយ​ម៉ាក​យីហោ​ផលិតផល​កម្ពុជា​ទៅកាន់​អតិថិជន​គោលដៅ​នៅ​តំបន់ MENA​។

លោក Nimish Jhaveri ប្រធាន​គម្រោង​ហាវែស II បាន​និយាយថា នេះ​គឺជា​លើក​ទី​ ១ ហើយ​ដែល​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​ ២៥ ពី​វិស័យ​សាកវប្បកម្ម​នៅ​កម្ពុជា​នឹង​បង្ហាញ​ផលិតផល និង​សមត្ថភាព​របស់ខ្លួន ដល់​បណ្តា​ពាណិជ្ជករ​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង ក៏ដូចជា​ស្វែងរក​ឱកាស​នាំចេញ​ទៅកាន់​តំបន់​នោះ​ផងដែរ​។ លោក​បន្ថែមថា​៖ «​ដោយមាន​ការយល់ដឹង​កាន់តែច្រើន​ពី​តម្រូវការ​ទីផ្សារ​អន្តរជាតិ ទើប​បណ្តាល​ឱ្យ​មាន​ក្រុមហ៊ុន​កម្ពុជា​ជាច្រើន​បាន​អនុវត្ត​ស្តង់ដា​ថ្មី​ទៅលើ​គុណភាព​ផលិតផល និង​សុវត្ថិភាព​សម្រាប់​អតិថិជន និង​កំពុង​កសាង​សមត្ថភាព​ថ្មី​បន្ថែមទៀត​ទៅលើ​ផ្នែក​ការងារ​នាំចេញ​នៅក្នុង​អង្គភាព​របស់​ពួកគេ​»​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោក ស៊ាង ថៃ បានលើកឡើង​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​កម្មវិធី​ «​បេសកកម្ម​នាំចេញ​ម្រេច​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​»​ថា លោក​សូម​អបអរសាទរ​ចំពោះ​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ដែល​បាន​អភិវឌ្ឍ​ខ្លួន​ប្រកបដោយ​មោទនភាព​ក្នុងការ​ផ្តួចផ្តើម​ជំរុញ​ការនាំចេញ​ផលិតផល​ដោយ​ប្រើប្រាស់​ថ្នាល​ព័ត៌មានវិទ្យា ស្របតាម​បរិបទ​ឧស្សាហកម្ម​ជំនាន់​ទី​ ៤ ដែល​ពិភពលោក​កំពុង​អនុវត្ត​នាពេល​បច្ចុប្បន្ន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា បេសកកម្ម​នៃ​ការនាំចេញ​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង ក្នុង​ពិព័រណ៍​នេះ​នឹង​បង្កើតបាន​នូវ​ក្តីសង្ឃឹម​មួយ​ដែល​នឹង​ជួយ​ផ្សព្វផ្សាយ​កេរ្តិ៍ឈ្មោះ​ម្រេច​កម្ពុជា​លើ​ឆាក​អន្តរជាតិ​បន្ថែមទៀត និង​ជា​ស្ពាន​តភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​លើ​ផលិតផល​ម្រេច និង​គ្រឿងទេស រវាង​ពាណិជ្ជករ​កម្ពុជា និង​ពាណិជ្ជករ​នៅ​តំបន់​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ផងដែរ​»​។

លោក​ ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Richfarm Asia Co., Ltd ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ ២៥ បាន​និយាយថា ក្រុមហ៊ុន​លោក​ផ្តោតលើ​ការដាំ​ដំណាំ​ផ្លែឈើ​ហូបផ្លែ និង​ផលិតផល​កសិកម្ម​កែច្នៃ​ដើម្បី​ធ្វើការ​នាំចេញ ដោយ​កន្លងមក​ក្រុមហ៊ុន​របស់លោក​ធ្លាប់​បាន​ធ្វើការ​នាំ​ចេញទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​រួចមកហើយ​។ សម្រាប់​ការបើក​ទីផ្សារ​ថ្មី MENA គឺ​វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់ ឬ​អាច​និយាយ​បាន​ថា ជា​ទីផ្សារ​អ្នកមាន ឬ Unique Market៕ LA