ភ្នំពេញៈ ប្រធាន​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា និង​ជា​មហាសេដ្ឋី​កសិកម្ម លោក ម៉ុង ឫទ្ធី បានឱ្យ​ដឹងថា សេចក្តី​ព្រាងច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្មី​នឹង​កាន់តែ​មាន​ភាពទាក់ទាញ និង​ឆ្លើយតប​នឹង​បរិបទ​នៃ​ការវិនិយោគ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។

ការលើកឡើង​បែបនេះ​របស់លោក​ត្រូវបាន​ធ្វើឡើង​អំឡុងពេល​កិច្ចប្រជុំ​ក្រុមការងារ​នៃ​គណៈកម្មការ​ទី​៣ នៃ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​ ១៦ ខែកញ្ញា​។ គណៈកម្មការ​ទី​៣ បានអនុម័ត​យល់ព្រម​ចំនួន​ ៥ ​សំឡេង​នៃ​ចំនួន​សមាជិក​គណៈកម្មកា​រទាំង​មូល​ដោយ​ឥត​កែប្រែ​ដើម្បី​ដាក់ជូន​អង្គប្រជុំ​ព្រឹទ្ធសភា​ពិនិត្យ និង​អនុម័ត​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ «​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» ដែល​នឹងមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការទាក់ទាញ​វិនិយោគិន ទាំង​ក្នុង និង​ក្រៅប្រទេស​មក​វិនិយោគ​នៅ​កម្ពុជា​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ កាលពី​ថ្ងៃទី​ ៩ ខែ កញ្ញា ឆ្នាំ​ ២០២១ កន្លងមក​។

លោក ម៉ុង ឫទ្ធី លើកឡើង​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​តាក់តែងឡើង​មាន​គោលបំណង​បង្កើត​នូវ​ក្របខ័ណ្ឌ​គតិយុត្ត​ដែល​បើកចំហ​មាន​តម្លាភាព អាច​ប៉ាន់ប្រមាណ​ទុកជាមុន​បាន​ប្រកប​ដោយ​ភាពអំណោយផល​ដល់​ការវិនិយោគ​ដើម្បី​ទាក់ទាញ និង​លើកកម្ពស់​ការវិនិយោគ ដោយ​បុគ្គល​សញ្ជាតិ​ខ្មែរ ឬ​បរទេស​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធផល​សំដៅ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​សេចក្តី​ព្រាងច្បាប់​នេះ​បាន​គិតគូរ​ពី​ការផ្តល់​ការលើក​ទឹកចិត្ត​ទៅដល់​វិស័យ អាទិភាព កម្រិត​បច្ចេកវិទ្យា និង​បច្ចេកទេស ការបង្កើត​ការងារ ការបណ្តុះបណ្តាល​ជំនាញ ការសិក្សា​ស្រាវជ្រាវ ការអភិវឌ្ឍ និង​នវានុវត្តន៍ និង​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវការ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី «​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​» នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី តាមរយៈ​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ៩ ខែកក្កដា ឆ្នាំនេះ​ដែល​ដឹកនាំ​ដោយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា​៖ «​សំណើ​ច្បាប់​នេះ គឺជា​មូលដ្ឋាន​គតិយុត្ត​សម្រាប់​ទាក់ទាញ និង​ផ្តល់​វិសាលភាព​ដល់​វិនិយោគិន​ងាយស្រួល​ក្នុង​កិច្ចវិនិយោគ​មក​កម្ពុជា​។ កម្ពុជា​យល់ឃើញ​ថា អ្នកវិនិយោគ​ត្រូវការ​សន្តិភាព ស្ថិរភាព ដែលជា​អាទិភាព​នៃ​ការសម្រេចចិត្ត​យក​កម្ពុជា​ជា​ទិសដៅ​វិនិយោគ ទោះ​ស្ថានភាព​អន្តរជាតិ​ប្រឈម​ក្នុង​វិស័យ​នយោបាយ និង​ពាណិជ្ជកម្ម​យ៉ាងណាក៏ដោយ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វិស័យ​ឯកជន​រំពឹងថា ច្បាប់​វិនិយោគ​នេះ​នឹង​ឆាប់​ចូល​ជា​ធរមាន ព្រោះ​ច្បាប់​នេះ​នឹងមាន​ភាពបត់បែន​ស្រប​នឹង​បរិបទ​ថ្មី​នៃ​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា និង​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​។ ម្យ៉ាងទៀត​វា​ក៏​ត្រូវបាន​រៀបចំ​ឡើង​ក្នុងអំឡុង​ពេលដែល​សេដ្ឋកិច្ចពិភពលោក​កំពុងស្ថិត​ក្នុង​ភាពមិនច្បាស់លាស់​ដែល​បណ្តាល​មកពី​វិបត្តិ​សុខភាព​សកល​ជំងឺ​កូវីដ​ ១៩ ផងដែរ​។

ជាមួយ​គ្នា​នេះដែរ លោក ម៉ុង ឫទ្ធី បានឱ្យ​ដឹង​ទៀតថា សេចក្តី​ព្រាងច្បាប់​នេះ​ក៏បាន​កែសម្រួល និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​នីតិវិធី​រដ្ឋបាល​ពាក់ព័ន្ធ​នឹង​យន្តការ​ស្ថាប័ន និង​នីតិវិធី​នៃ​ការស្នើសុំ​ចុះបញ្ជី ជាដើម​។ លោក​បន្តថា ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង និង​ភាពទាក់ទាញ​របស់​កម្ពុជា​ពី​សំណាក់​វិនិយោគិន សេចក្តីព្រាងច្បាប់​នេះ​ក៏បាន​បង្រួញ ពេលវេលា​ក្នុង​ការចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ពី ៣១ ​ថ្ងៃ​មក​ត្រឹម ២០ ​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ ហើយ​ការបំពេញ​ពាក្យ​ចុះបញ្ជី​អាចធ្វើ​តាមរយៈ​ការប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ផងដែរ​។

លោក ម៉ុង ឫទ្ធី និយាយថា​៖ «​សេចក្តីព្រាងច្បាប់​នេះ​នឹង​ផ្តល់​ភាពកក់ក្តៅ​ដល់​វិនិយោគិន ដោយ​សេចក្តីព្រាងច្បាប់​នេះ​បានដាក់​បញ្ចូល​នូវ​កាតព្វកិច្ច​ជា​អន្តរជាតិ​មួយចំនួន​របស់​កម្ពុជា ដើម្បី​បង្ហាញ​ដល់​វិនិយោគិន​ទាំងអស់​នូវ​ការប្តេជ្ញា​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការការពារ​ការវិនិយោគ និង​ផ្តល់​ការធានា​ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ​នូវ​ប្រព្រឹត្តិកម្ម​ដែល​មិន​រើសអើង ព្រមទាំង​ផ្តល់​សេវា​ថែទាំ​វិនិយោគ​ផងដែរ​»​។

បើតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ថ្មីៗ និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៨៧ ​គម្រោង​ជាមួយនឹង​ទុនវិនិយោគ​ជាង ២ ៩៦៩,៦២ ​លាន​ដុល្លារ​។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុងតម្លៃ​សរុប ១៧ ២១៥,៣៧ លាន​ដុល្លារ កើន ១៦,៧២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ១៤ ៧៤៨,៧៤ ​លាន​ដុល្លារ​៕ LA