នៅ​ច្ងៃ​ចន្ទ​សប្តាហ៍​នេះ តម្លៃ​មាស​បាន​ត្រឡប់​ពី​កម្រិត​ទាប ១ ៧៤២ ដុល្លារ និង​កម្រិត​ខ្ពស់ ១ ៧៦៥,៤០ ដុល្លារ​ក្នុង​ ១ ​អោនស៍ ហើយ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​កើនឡើង​ពី ១ ៧៤៥ ទៅ ១ ៧៨០ ដុល្លារ​។ ដោយមាន​ការលក់​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក ដោយសារ​ការព្រួយបារម្ភ​ពី​ហានិភ័យ​ពាណិជ្ជកម្ម​របស់​ចិន មាស​កំពុង​បង្ហាញ​ពី​តម្លៃ​របស់ខ្លួន​ក្នុង​នាម​ជា​ទ្រព្យសម្បត្តិ​ដែលមាន​សុវត្ថិភាព​សម្រាប់​ការវិនិយោគ​។

គេហទំព័រ Fxempire កាលពី​ថ្ងៃ​ចន្ទ បាន​រាយការណ៍​ថា​៖ «​មាស​ពិតជា​បាន​ដើរតួនាទី​ជា​ទ្រព្យសម្បត្តិ​ដែលមាន​សុវត្ថិភាព​នាពេល​បច្ចុប្បន្ននេះ ខណៈ​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​ត្រូវបាន​លក់​ចេញ​យ៉ាងច្រើន ដោយសារ​វិនិយោគិន​មាន​ការព្រួយបារម្ភ​អំពី​លទ្ធភាព​សងបំណុល​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ចិន Evergrande ។ ការលក់​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​នេះ បាន​បន្ត​ចូល​ដល់​ទីផ្សារ​ភាគហ៊ុន​សហរដ្ឋ​អាមេរិក​។ ជាក់ស្ដែង នៅ​កម្រិត​ទាប​នាពេល​បច្ចុប្បន្ននេះ ផ្សារហ៊ុន Dow Jones បាន​ធ្លាក់ចុះ ចំនួន ៩០០ ពិន្ទុ​មុនពេល​ងើបឡើង​​វិញ​»​។

គេហទំព័រ Reuters ក៏បាន​រាយការណ៍​ដែរ​ថា​៖ «​ទីផ្សារហ៊ុន​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ ដោយសារ​ការដួលរលំ​ដែល​អាច​កើត​មាននៅ Evergrande របស់​ប្រទេស​ចិន​។ កត្ដា​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការលក់​ចេញ​ភាគហ៊ុន​យ៉ាងច្រើន ហើយ​បានធ្វើឱ្យ​វិនិយោគិន​​រត់​ចេញពី​ភាគហ៊ុន​ ដើម្បី​សុវត្ថិភាព​។ ម្យ៉ាងទៀត មាស​បាន​កើនឡើង​ដោយសារ​កត្ដា​នេះ​ដូចគ្នា ប៉ុន្តែ​ការកើនឡើង​ត្រូវបាន​បន្ថយ​ដោយសារ​កម្លាំង​ប្រាក់​ដុល្លារ ដោយ​ផ្អែកទៅលើ​ការរំពឹង​ទុកជាមុន​នៃ​កិច្ចប្រជុំ​គោលនយោបាយ​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក​»​។

ចំពោះ​ផ្នែក​បច្ចេកទេស​វិញ តម្លៃ​មាស​នៅតែ​បន្ត​ប្រែប្រួល​ក្នុង​ប្រអប់​ទីផ្សារ​ដែល​បង្ហាញថា ទំនោរ​បញ្ច្រាស គឺអាច​កើតឡើង​បាន​។ ដូច្នេះ អ្នកជួញដូរ​គួរតែ​រកមើល​ការបញ្ជាក់​ផ្នែក​ព័ត៌មាន​ពី​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​ទីផ្សារ​បើកចំហ (FOMC) ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​៕