
ទិដ្ឋភាពទីក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ ២០២១។ ADB: សេដ្ឋកិច្ចកម្ពុជានឹងកើនត្រឹម ១,៩ ភាគរយក្នុងឆ្នាំ ២០២១។ ហេង ជីវ័ន
ភ្នំពេញៈ សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងត្រឹម ១,៩ ភាគរយក្នុងឆ្នាំ ២០២១ ដែលបណ្តាលមកពីការអូសបន្លាយពេលនៃការរាតត្បាតជំងឺកូវីដ ១៩ ប៉ុន្តែត្រូវរំពឹងថា នឹងងើបឡើងវិញនៅកម្រិត ៥,៥ ភាគរយសម្រាប់ឆ្នាំ ២០២២។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយនាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១។
លោកស្រី Sunniya Durrani-Jamal តំណាងធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់ដល់សេវាកម្ម និងតម្រូវការក្នុងស្រុក។ ការបិទខ្ទប់ និងការផ្អាកដំណើរការរោងចក្របណ្តោះអាសន្នបានប៉ះពាល់ដល់ផលិតកម្មក្នុងវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើងកាលពីដើមឆ្នាំនេះ។
លោកស្រីនិយាយថា៖ «ដោយផ្អែកលើចំណុចនេះ យើងព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានត្រឹម ១,៩ ភាគរយក្នុងឆ្នាំ ២០២១ ទាបជាងការព្យាករ ៤,០ ភាគរយកាលពីខែមេសា»។
យោងតាមការធ្វើបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADOU) ឆ្នាំ ២០២១ វិស័យកសិកម្ម ត្រូវរំពឹងថានឹងកើនឡើង ១,៥ ភាគរយ។ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក្នុងប្រទេសបានរំខានដល់ចង្វាក់ផ្គត់ផ្គង់វិស័យកសិកម្ម ប៉ុន្តែផលប៉ះពាល់ជាទូទៅមានកម្រិត។
ការនាំចេញក្នុងវិស័យកសិកម្ម កើន ៣០,៣ភាគរយក្នុងឆមាសទី១ ឆ្នាំ ២០២១ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុនជាមួយនឹងកំណើនដ៏រឹងមាំនៃការនាំចេញកសិផលក្រៅពីអង្ករ។
តម្រូវការក្នុងស្រុកសម្រាប់ម្ហូបអាហារ ការស្នាក់នៅ ការដឹកជញ្ជូន និងសេវាកម្មបម្រើផ្ទាល់ផ្សេងទៀតត្រូវបានប៉ះពាល់យ៉ាងខ្លាំង ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ ១៩ និងការបិទខ្ទប់។ ការរឹតបន្តឹងលើការធ្វើដំណើរអន្តរជាតិនៅតែមាន ហើយការមកដល់នៃភ្ញៀវអន្តរជាតិបានធ្លាក់ចុះ ៩១,៣ ភាគរយក្នុងឆមាសទី ១ នៃឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើនវិស័យសេវាកម្មត្រូវបានព្យាករថានឹងធ្លាក់ចុះ ០,៦ ភាគរយ។
ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងក្នុងឆមាសទី១ ឆ្នាំ ២០២១ មានកម្រិតទាបជាងពេលមុនមានជំងឺរាតត្បាត ទោះវាមានកម្រិតខ្ពស់ជាងឆ្នាំ ២០២០ ក៏ដោយ។ ផលិតកម្មផ្សេងៗទៀតបានបន្តលូតលាស់ ហើយសកម្មភាពសំណង់បានចាប់ផ្តើមងើបឡើងវិញជាមួយនឹងការនាំចូលសម្ភារសំណង់កើន ២៣,៥ ភាគរយក្នុងឆមាសទី១ ឆ្នាំ ២០២១។ កំណើនវិស័យឧស្សាហកម្មត្រូវបានព្យាករនៅកម្រិត ៥,៣ ភាគរយក្នុងឆ្នាំ ២០២១ ដោយអាស្រ័យនឹងលទ្ធភាពក្នុងការបង្កើនការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរស្បែកជើង និងការបន្តភាពរឹងមាំក្នុងវិស័យកម្មន្តសាលផ្សេងទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសារលិខិតនាឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ថា ទោះបីកម្ពុជាកំពុងទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ ១៩ ប៉ុន្តែអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២១ រំពឹងថានឹងអាចងើបឡើងវិញនៅក្នុងរង្វង់ ២,៥ ភាគរយបន្ទាប់ពីធ្លាក់ចុះដក ១,៩ ភាគរយក្នុងឆ្នាំ ២០២០។
ADB បានឱ្យដឹងថា រដ្ឋាភិបាលបានចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតទៅលើសេដ្ឋកិច្ច និងសង្គម។ វិធានការទាំងនោះរួមមាន ការផ្តល់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ ១៩ (ឥតគិតថ្លៃ) ការជួយឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងកម្មវិធីរៀបចំកម្ចីឡើងវិញ៕LA