
កម្មករដំឡើងរថយន្តនៃក្រុមហ៊ុន Fuji Heavy Industries នៅជប៉ុន។ រូបថត AFP
ភ្នំពេញៈ ក្រុមហ៊ុន HGB Motors Assembly បោះទុនប្រមាណ ៧ លានដុល្លារ វិនិយោគលើរោងចក្រផ្គុំ និងដំឡើងរថយន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ២១ ខែកញ្ញា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនក្រុមហ៊ុន HGB Motors Assembly លើគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត ភីភី ក្រុងប៉ោយប៉ែត (Poi Pet PP SEZ) ដែលមានទុនវិនិយោគ ៧ លានដុល្លារ និងអាចបង្កើតការងារ ១៦៥ កន្លែង។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា នេះជាដំណឹងល្អដែលបង្ហាញថា ប្រភេទឧស្សាហកម្មធុនធ្ងន់បានចាប់ឈានជើងចូលប្រទេសកម្ពុជា ខណៈនាពេលកន្លងមកឧស្សាហកម្មនៅកម្ពុជាភាគច្រើនជាឧស្សាហកម្មធុនស្រាល។
លោកប្រាប់ថា រោងចក្រប្រភេទនេះនឹងមានលំនឹង ហើយយូរអង្វែង ដោយមិនដូចឧស្សាហកម្មធុនស្រាល ដែលក្រុមហ៊ុនអាចចាកចេញទៅវិញពេលណាក៏បាន។
លោកនិយាយថា៖ «យើងឃើញថា អ្វីដែលកម្ពុជាយើងកំពុងមានដូចជា ស្ថិរភាពនយោបាយ និងសន្តិភាព គឺជាកត្តាជំរុញឱ្យគេហ៊ានដាក់ទុនវិនិយោគឧស្សាហកម្មប្រភេទនេះ។ តាមរយៈគម្រោងនេះ អ្វីដែលជាផលប្រយោជន៍សម្រាប់យើងគឺបង្ហាញការឱ្យឃើញពីការទុកចិត្តរបស់អ្នកវិនិយោគមកកាន់កម្ពុជា ហើយច្បាប់វិនិយោគរបស់កម្ពុជា ក៏មានការទាក់ទាញឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន»។
កាលពីថ្មីៗនេះ ក្រុមហ៊ុន RMA (Cambodia) Plc ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) ក៏បានបង្ហាញពីការបង្កើតរោងចក្រដំឡើងរថយន្តម៉ាក Ford របស់អាមេរិកដែលមានមូលដ្ឋានរោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ផងដែរ។
ទោះបីយ៉ាងណា លោក ឈឿន ក្រៃយ៉ុង ប្រធានរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា លោកមិនទាន់ទទួលបានដំណឹងពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន HGB Motor Assembly នោះទេ៕ LA
វីដេអូ៖