ភ្នំពេញៈ ក្រុមហ៊ុន​អាកាសចរណ៍ Sky Angkor Airline បានឱ្យដឹងថា ខ្លួន​បាន​ត្រៀម​រួចហើយ​ក្នុង​ការដឹក​ភ្ញៀវ​កូរ៉េខាងត្បូង និង​ចិន​ចូលមក​ទស្សនា​ប្រទេស​កម្ពុជា នៅពេលដែល​រដ្ឋាភិបាល​គ្រោង​នឹង​ប្រកាស​បើកទទួល​ភ្ញៀវទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​នាពេល​ឆាប់ៗ​ខាងមុខ​។

ការលើកឡើង​របស់​ក្រុមហ៊ុន Sky Angkor Airline បាន​ធ្វើឡើង​ក្នុងជំនួប​ជាមួយ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា នៅ​ទីស្តីការ​ក្រសួង​ដោយ​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុមហ៊ុន Sky Angkor Airline ឱ្យ​ត្រៀមលក្ខណៈ បើក​ការហោះហើរ​ដឹកជញ្ជូន​ភ្ញៀវ​ឡើងវិញ ខណៈ​រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រៀម​ប្រកាស​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​ផងដែរ​។

លោក ថោង ខុន បាន​លើកឡើង​ថា​៖ «​រាជរដ្ឋាភិបាល​បាននិងកំពុង​ត្រៀមលក្ខណៈ​ក្នុង​ការបើក​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ (​ទេសចរ​ចាក់​វ៉ាក់សាំង​រួច​) ​ឡើងវិញ​នាពេល​ឆាប់ៗ​ ប៉ុន្តែ​ស្របតាម​យន្តការ​ទេសចរណ៍​សុវត្ថិភាព​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា នាពេល​ខាងមុខ​ឆាប់ៗ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ប្រកាស​ពី​ការបើក​ទេសចរណ៍​សុវត្ថិភាព​នេះ​ជា​ផ្លូវការ​។

លោក​បញ្ជាក់ថា​៖ «​តាម​គម្រោង​ដូចដែល​សម្តេចតេជោ​មានប្រសាសន៍​គឺ​ចំពោះ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​នឹង​តម្រូវឱ្យធ្វើ​ចត្តាឡីស័ក​ត្រឹមតែ ៧ ​ថ្ងៃ​ប៉ុណ្ណោះ គឺត្រូវធ្វើ​ចត្តាឡីស័ក​នៅក្នុង​តំបន់​ទេសចរណ៍ ឬ​គោលដៅ​ទេសចរណ៍​ជាក់លាក់ ណាមួយ​ដែលមាន​សុវត្ថិភាព ពោល​គឺជា​តំបន់​ដែល​គ្មាន​ការរាតត្បាត​ពី​ជំងឺ​កូវីដ​ ១៩»​។

លោក Koo Taeoh អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Sky Angkor Airline បានឱ្យដឹងថា ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ពី​បំណង​បើក​ទេសចរណ៍​សុវត្ថិភាព​ឡើងវិញ​នៅ​កម្ពុជា អគ្គនាយក​ក្រុមហ៊ុន​លោក​បាន​រួសរាន់​ត្រឡប់​ទៅ​ប្រទេស​កូរ៉េ​ភ្លាម ដើម្បី​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ប្រទេស​កូរ៉េ និង​ចិន លើ​ការផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា ក្រោយពេល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​ទេសចរណ៍​ជា​ផ្លូវការ​នាពេលខាងមុខ​។

លោក​ក៏បាន​លើកឡើង​អំពី​គម្រោង​វិនិយោគ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​នៅ​តំបន់​សៀមរាបអង្គរ​បន្ថែម​ទៀតផង​ដែរ​៕ LA