ភ្នំពេញៈ អ្នក​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​សប្តាហ៍​មុន ដែលថា កម្ពុជា​អាច​នឹង​បើកទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ រួចរាល់ ដោយ​ពួកគេ​ក៏បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ប្រកាស​បើក​ឱ្យបាន​ឆាប់ៗ​។

ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​រៀបចំ​ដោយ Cambodia Airports កាលពី​ថ្ងៃទី​ ២៣ ខែកញ្ញា​។

លោក Alain Brun នាយក​ប្រតិបត្តិ​នៃ Cambodia Airports បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថា ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី គឺជា​ដំណឹង​ល្អ ដែល​នេះ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ភាពវិជ្ជមាន​នៅក្នុង​វិស័យ​សេវាកម្ម ដូចនេះ​វិស័យ​ឯកជន​នឹង​គាំទ្រ​រាជរដ្ឋាភិបាល​លើ​ការងារ​នេះ ដើម្បី​ធានា​ដល់​ភ្ញៀវទេសចរ​ធ្វើដំណើរ​មក​កម្ពុជា​ដោយ​សុវត្ថិភាព​។

លោក​ប្រាប់ថា​៖ «​យើង​មានសំណាង​ដែល​បានមក​រកស៊ី​នៅ​ស្រុក​ខ្មែរ ព្រោះ​ប្រទេស​កម្ពុជា​បានធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ បាន​យ៉ាង​ជោគជ័យ យើង​មាន​សុវត្ថិភាព​ហើយ​។ សារ​គន្លឹះ​នៅថ្ងៃនេះ គឺ​ឧស្សាហកម្ម​ដឹក​អ្នកដំណើរ​តាមផ្លូវ​អាកាស​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ស្វាគមន៍​អ្នកដំណើរ​របស់​យើង អ្នក​គ្រប់គ្នា​សុទ្ធតែ​ត្រៀមខ្លួន​រាល់​ហើយ​»​។

លោក​ឱ្យដឹងទៀតថា ទោះ​ក្រុមហ៊ុន Cambodia Airports រង​ផលប៉ះពាល់​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ-១៩ ក៏​ក្រុមហ៊ុន​នៅតែ​ប្រតិបតិ្តការ​ព្រលានយន្តហោះ​ទាំង ៣ ​ដោយ​ពេញលេញ​រហូតមក​ដល់ពេលនេះ​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​គិតថា ការធ្វើ​ដំណើរ​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា គឺមាន​សុវត្ថិភាព ដោយសារ​ការងារ​ដ៏អស្ចារ្យ​របស់​រាជរដ្ឋាភិបាល​ដែល​បានធ្វើ​នាពេល​កន្លងមក​។ ព្រលាន​យន្តហោះ​បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការទទួល​ស្វាគមន៍​អ្នកដំណើរ​»​។

លោក Hamish Snow ប្រធាន​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific បាន​លើកឡើង​ក្នុង​កម្មវិធី​នេះ​ថា ក្រុមហ៊ុន​លោក​បានចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​ឡើងវិញ​តាំងពី​ខែកក្កដា ដូច្នេះ​ក្រុមហ៊ុន​បាន​ត្រៀម​រួចហើយ​ ដើម្បី​សហការ​ជាមួយ​ធុរកិច្ច​ផ្សេងទៀត​សម្រាប់​ដឹក​អ្នកដំណើរ​មក​កម្ពុជា​ឡើងវិញ​។

លោក​បន្ថែមថា​៖ «​ក្រុមហ៊ុន​មាន​ជើងហោះហើរ ៤ ដង​ក្នុង ១ សប្តាហ៍ ភ្ជាប់​ពី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ហុងកុង និង​ពី​ហុងកុង​ទៅ​ទិសដៅ​ផ្សេងទៀត​។ យើង​ប្រើប្រាស់​យន្តហោះ​ទំនើបៗ​និង​មាន​បរិស្ថាន​ស្អាត ហើយ​បុគ្គលិក​យើង​បាន​អនុវត្ត​វិធាន​សុវត្ថិភាព​ត្រឹមត្រូវ​ ដើម្បី​ធានាថា អ្នកដំណើរ​មាន​សុវត្ថិភាព​។ ដើម្បី​ធ្វើការ​ហោះហើរ​ឡើងវិញ​នាពេល​អនាគត​យើង​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ផ្តល់​ដំណោះស្រាយ​ប្រកប​ដោយ​សុវត្ថិភាព​ដល់​អ្នកដំណើរ​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ក៏​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ជា​ផ្លូវការ​ពី​កាលបរិច្ឆេទ​ជាក់លាក់​អំពី​ផែនការ​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ​ឱ្យបាន​ឆាប់ៗ​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​អ្នក​ក្នុង​វិស័យនេះ​បាន​ត្រៀមខ្លួន និង​រៀបចំ​ផែនការ​នៃ​កញ្ចប់​ទស្សនកិច្ច ឬក៏​ការផ្សព្វផ្សាយ​បាន​ទូលំទូលាយ​។

លោកស្រី​ប្រាប់ថា​៖ «​ក្នុង​ត្រីមាស​ទី​ ១ គឺជា​ពេល​វិស្សមកាល​គេច​ចេញពី​រដូវរងា​ដែល​យើង​ត្រូវ​ប្រញាប់​ដាក់​កម្ពុជា​ជា​ជម្រើស​គោលដៅ​ទេសចរណ៍​មួយ​នៅ​អាស៊ី​ដែល​ភ្ញៀវទេសចរ​ទាំងនោះ​កំពុង​ស្វែងរក​ប្រទេស​ដែលមាន​លក្ខខណ្ឌ​ស្រាលៗ​នៅក្នុង​ការធ្វើ​ទេសចរណ៍​បាន​»​។

លោក Nick Ray ទីប្រឹក្សា​ក្រុមហ៊ុន​គ្រប់គ្រង​ទិសដៅ​កម្ពុជា CamDme កត់សម្គាល់ថា បើ​កម្ពុជា​បើក​ប្រទេស​ឡើងវិញ​សម្រាប់​ស្វាគមន៍​ទេសចរ​កាន់តែ​ឆាប់ កម្ពុជា​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​តែមួយ​ដោយ​មិនបាច់​ពឹងផ្អែក​ប្រទេស​ដទៃ​។ លោក​និយាយថា​៖ «​យើង​ចង់ឱ្យ​មាន​ការបើក​ប្រទេស​ឡើងវិញ​ជា​ជំហានៗ​ចាប់​ពេលនេះ រហូត​ដល់​ដើមឆ្នាំ​ក្រោយ​។ យើង​បើក​ឱ្យបាន​ពេញលេញ​តែម្តង ស្របពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​»​។

លោក​កត់សម្គាល់​ថា ពេលនេះ​មាន​ប្រទេស​ប្រមាណ​ ៦០ លើ​ពិភពលោក​បាន​បើក​ប្រទេស​ឡើងវិញ​ដោយ​មិន​តម្រូវឱ្យ​ភ្ញៀវ​ធ្វើ​ចត្តាឡីស័ក​នោះទេ​។

ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​នាំឱ្យ​មូលដ្ឋាន​ទេសចរណ៍​ប្រមាណ ៣ ០០០ ទីតាំង​ត្រូវបាន​បិទ រួមមាន​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែង​ម៉ាស្សា និង​ទីភ្នាក់ងារ​ទេសចរណ៍​ជាដើម ដោយមាន​បុគ្គលិក​បម្រើការ​ជាង​ ៦ ​ម៉ឺន​នាក់ ឬ​ ៤០ ​ភាគរយ​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​។ នេះ​បើតាម​លោកស្រី ស៊ីវលីន​៕ LA