ភ្នំពេញៈ កម្ពុជា​បាន​ជំរុញ​ឱ្យ​ប្រទេស​ដែនកោះ​នៅ​ភាគ​ខាងកើត​នៃ​ទ្វីប​អាហ្វ្រិក សាធារណ​រដ្ឋ​ម៉ូរីស​ (Republic of Mauritius) បង្កើន​ទំនាក់ទំនង និង​ការដោះដូរ​ពាណិជ្ជកម្ម ព្រមទាំង​ការវិនិយោគ​ជាមួយ​កម្ពុជា​ឱ្យបាន​ច្រើន​បន្ថែមទៀត​។

ការលើកឡើង​នេះ​បាន​ធ្វើឡើង​ក្នុងជំនួប​រវាង លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​មកពី​ក្រសួង-ស្ថាប័ន​ចំនួន ៩ ដើម្បី​ជួបពិភាក្សា​ជាមួយ​គណៈប្រតិភូ​របស់​សាធារណរដ្ឋ​ម៉ូរីស ដែល​ដឹកនាំ​ដោយ​លោក Virednra Kumarsingh Daby នាយកប្រតិបត្តិ​ក្រសួង​អភិវឌ្ឍន៍​ឧស្សាហកម្ម សហគ្រាស​ធុន​តូច និង​មធ្យម និង​កិច្ចសហប្រតិបត្តិការ​នៃ​សាធារណរដ្ឋ​ម៉ូរីស​កាលពី​ថ្ងៃទី​ ២១ ខែកញ្ញា ឆ្នាំ​ ២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

លោក សុវិជាតិ បានឱ្យដឹងថា កន្លងមក​ភាគី​ទាំង​ ២ ​បាន​ធ្វើ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ចំនួន ៣ ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឧស្សាហកម្ម បច្ចេកវិទ្យា​ព័ត៌មាន និង​សេវាកម្ម​ហិរញ្ញវត្ថុ​។ ក្នុង​ស្មារតី​នេះ​កម្ពុជា​ស្នើឱ្យ​ភាគី​សាធារណរដ្ឋ​ម៉ូរីស​ជួយ​ពន្លឿន​ការពិនិត្យ ដើម្បី​ភាគី​ទាំង​ ២ ​អាច​បន្ត​នីតិវិធី​បន្ត​លើ MoU ទាំង ៣​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ស្នើឱ្យ​ភាគី​សាធារណរដ្ឋ​ម៉ូរីស​បន្ត​ទំនាក់ទំនង​ជាមួយ​ភាគី​កម្ពុជា តាម​យន្តការ​ផ្លូវការ​បន្ថែមទៀត និង​ស្នើឱ្យ​ភាគី​ម៉ូរីស​ពិចារណា​លើ​ការពង្រឹង​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយនឹង​កម្ពុជា តាមរយៈ​ការរួម​គ្នា​បង្កើត​វេទិកា​ធុរកិច្ច​សម្រាប់​ធុរជន និង​វិនិយោគិន​នៃ​ប្រទេស​ទាំង​ ២ ដើម្បី​បង្ហាញ​ពី​ផលិតផល និង​វិស័យ​សក្តានុពល​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ ដោយមាន​ការសម្របសម្រួល​ដោយ​សភាពាណិជ្ជកម្ម​កម្ពុជា ខណៈ​កន្លងមក​ស្ថាប័ន​នេះ​បាន​ធ្វើការ​ដ៏ជោគជ័យ​ជាមួយ​ធុរជន និង​វិនិយោគិន​មកពី​បណ្តា​ប្រទេស​ជាច្រើន រួមមាន​ចិន សិង្ហបុរី ថៃ រុស្ស៊ី ជាដើម​»​។

លោក Virednra បាន​លើកឡើង​ពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​នៃ​រដ្ឋាភិបាល​ខ្លួន​ដែល​បានធ្វើ​កំណែទម្រង់​ផ្នែក​ស្ថាប័ន និង​បទប្បញ្ញត្តិ​នានា​ដើម្បី​ពង្រឹង​ការគាំទ្រ​ការអភិវឌ្ឍ​ផ្នែក SME និង​បង្កើន​ទំនុក​ចិត្ត​ដល់​ធុរជន និង​វិនិយោគិន​ឯកជន​នៅ​ម៉ូរីស​។

លោក​បន្តថា សាធារណរដ្ឋ​ម៉ូរីស​ក៏​ទទួលបាន​ការរីកចម្រើន​លើ​សន្ទស្សន៍​ភាពងាយស្រួល​ក្នុង​ការធ្វើ​ធុរកិច្ច (Ease of Doing Business) ​ដែល​កើតចេញពី​កំណែទម្រង់​ទាំងនេះ​។

លោក​ថ្លែងថា​៖ «​សាធារណរដ្ឋ​ម៉ូរីស​សន្យា​នឹង​ពន្លឿន​ការពិនិត្យ​ទាក់ទង​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​»​។

តួលេខ​ពី​ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ក្នុង​ឆ្នាំ​ ២០១៩ មានតម្លៃ​ត្រឹម ២,៤ ​លាន​ដុល្លារ​ក្នុងនេះ​កម្ពុជា​នាំចេញ ២,២៦ ​លាន​ដុល្លារ​៕ LA