ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា បច្ចុប្បន្ន​កម្ពុជា​បាននិងកំពុង​ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ៤ ក្នុង​ការចាប់ផ្តើម​បើក​ឡើងវិញ​នូវ​សកម្មភាព​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នាពេល​ខាងមុខ ដើម្បី​ឆ្ពោះទៅ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព បរិយាប័ន្ន និង​មាន​ភាពធន់​នឹង​វិបត្តិ​នានា​។

ថ្លែង​នៅក្នុង​សារលិខិត​ចូលរួម​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ​ «​ទេសចរណ៍​ដើម្បី​កំណើន​ប្រកបដោយ​បរិយាប័ន្ន​» ដែល​នឹង​រៀបចំ​នៅ​ប្រទេស​កូតឌីវ័រ នា​ថ្ងៃទី​ ២៧ ខែកញ្ញា ខាងមុខ លោក ហ៊ុន សែន បាន​ឱ្យ​ដឹងថា វិបត្តិ​ជំងឺ​កូវីដ ​១៩ បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​លើ​គ្រប់ផ្នែក​ក្នុង​វិស័យ​ទេសចរណ៍​នៅលើ​ពិភពលោក ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០២០ ចំនួន​ទេសចរ​អន្តរជាតិ​លើ​ពិភពលោក​បាន​ធ្លាក់ចុះ​ប្រមាណ​ ៧៣ ​ភាគរយ​ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​ការងារ​ផ្ទាល់​ចន្លោះ​ពី ១០០ ​ទៅ​ ១២០ ​លាន​នាក់ និង​ការងារ​មិនផ្ទាល់​ជាច្រើន​រយ​លាន​នាក់​ទៀត​។

លោក​បាន​បន្តថា ដោយឡែក​កម្ពុជា​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​ថយចុះ​ដល់ ៨០,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ ដែល​ធ្វើឱ្យប៉ះពាល់​ការងារ​ផ្ទាល់​ជាង ១១ ​ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់ម៉ឺន​នាក់​ទៀត​។ និន្នាការ​នេះ​ក៏​កំពុង​បន្ត​ធ្លាក់ចុះ​ថែមទៀត​ក្នុង​ឆ្នាំ​ ២០២១​នេះ​។

លោក​ថ្លែងថា​៖ «​ក្នុង​បរិការណ៍​បច្ចុប្បន្ន ខណៈ​មេរោគ​កូវីដ​ ១៩ បំប្លែង​ថ្មី​កំពុង​បន្ត​រីករាលដាល​ក្នុង​ពិភពលោក និង​មាន​ភាពមិន​ច្បាស់លាស់​នៅ​ថ្ងៃ​អនាគត រាជរដ្ឋាភិបាល​បាន​កំណត់​ជា​មុំ​យុទ្ធសាស្ត្រ​គន្លឹះ​យ៉ាង​ម៉ឺងម៉ាត់ តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​ចាក់​ស្រោច​វ៉ាក់សាំង​កូវីដ​ ១៩ ឱ្យបាន​លឿន​តាម​គោលដៅ​កំណត់ បន្ត​ជំរុញ​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​សុខាភិបាល ជាពិសេស​វិធាន «៣កុំ ៣ការពារ​» ​ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការបើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ពេញលេញ​ឡើងវិញ​ជា​ជំហានៗ​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី និង​ការទទួល​ខុសត្រូវ​ខ្ពស់​»​។

បើតាម​លោក ហ៊ុន សែន យុទ្ធសាស្ត្រ​អាទិភាព​សំខាន់ៗ​ដែល​កម្ពុជា​បានកំណត់​ដើម្បី​ផ្តើម​បើក​ឡើងវិញ​នូវ​សកម្មភាព​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​នាពេល​ខាងមុខ​មាន​ដូចជា ការពង្រីក​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ដើម្បី​ធានា​បាន​សុវត្ថិភាព ទំនុកចិត្ត និង​ភាពជឿជាក់​របស់​ទេសចរ​ជាតិ-អន្តរជាតិ​, ការលើកទឹកចិត្ត​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន ផ្នែក​ឯកជន យុវជន និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្តរជាតិ ចូលរួម​ជំរុញ​ការបង្កើត​ និង​ផ្គត់ផ្គង់​សេវាកម្ម​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរបែប​, ការសហការ​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការបណ្តុះបណ្តាល​ជំនាញ​បន្ថែម និង​ជំនាញ​ថ្មី​ដល់​យុវជន​ស្របតាម​យន្តការ​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​ការគិតគូរ​ពី​សុវត្ថិភាព និង​ផាសុកភាព តាមរយៈ​ការដាក់ចេញ​យុទ្ធនាការ​ «​កម្ពុជា​សុវត្ថិភាព​» ដើម្បី​ជា​មុំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ផ្ទៃក្នុង និង​អន្តរជាតិ​ក្នុងដំណាក់កាល​បើក​ឡើង​វិញ និង​ពេលអនាគត​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន ក្នុង​កិច្ចប្រជុំ​របស់​ក្រសួង​ទេសចរណ៍ កាលពី​ថ្ងៃទី​ ២២ ខែកញ្ញា បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ក្រសួង​ទេសចរណ៍​កំពុង​ខិតខំ​ពង្រឹង​បន្ថែម​លើ​ការអនុវត្ត «​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​» ដើម្បី​ជំរុញ​ឱ្យ​គ្រប់​គោលដៅ​ទេសចរណ៍​នៅតាម​រាជធានី-ខេត្ត​កាន់តែ​មាន​សុវត្ថិភាព​ពី​ការរីករាលដាល​ជំងឺ​កូវីដ-១៩​។ លោក​លើកឡើង​ទៀតថា ចំណែក​ការចាក់​វ៉ាក់សាំង​សម្រាប់​អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស​ពេលនេះ ក៏បាន​គ្របដណ្តប់​ស្ទើរ ១០០ ​ភាគរយ​ហើយ​។

លោក​និយាយថា​៖ « បន្ទាប់ពី​ទទួលបាន​អនុសាសន៍​របស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ក្រសួងទេសចរណ៍​បាន​បន្ថែម​ពង្រឹង​នូវ​ការអនុវត្ត «​ស្តង់ដា​ប្រតិបត្តិ​អប្បបរមា​ (SOP) តាម​គន្លង​ប្រក្រតីភាព​ថ្មី​» កាន់តែខ្លាំង​ឡើង ដើម្បី​ជំរុញ​ឱ្យ​គ្រប់​គោលដៅ​ទេសចរណ៍​នៅតាម​រាជធានី-ខេត្ត​កាន់តែ​មាន​សុវត្ថិភាព​ពី​ការរីករាលដាល​នៃ​កូវីដ-១៩ និង​ដើម្បី​ជួយ​ជំរុញ​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ខ្លាំង​»​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២៣ ខែកញ្ញា ថា ចំណុច​វិជ្ជមាន​ដែល​កម្ពុជា​កំពុងមាន​សម្រាប់​ការពង្រឹង និង​បើក​ដំណើរការ​វិស័យ​ទេសចរណ៍​ឡើងវិញ គឺ​អត្រា​នៃ​ចំនួន​ប្រជាជន​ដែល​បាន​ចាក់​វ៉ាក់សាំង​បាន​ច្រើន​។ លោក​អះអាងថា​៖ «​ការសម្រេច​មាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នឹង​ជំរុញ​ឱ្យ​ដំណើរការ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​កាន់តែ​លឿន ហើយ​វិស័យ​ដទៃទៀត​ក៏​នឹងមាន​កំណើន​ទៅតាម​នោះដែរ ព្រោះ​នៅ​វិស័យ​ទេសចរណ៍​អន្តរជាតិ​បើក​នឹងមាន​វិនិយោគិន​បរទេស​ជាច្រើន​ធ្វើដំណើរ​មក​កម្ពុជា​»​។

ទិន្នន័យ​ក្រសួង​សុខាភិបាល​ឱ្យ​ដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី​ ២២ ខែកញ្ញា ឆ្នាំ​ ២០២១ ការចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ១៩ សម្រេចបាន​សរុប ១២ ៦៦៦ ៨១៧ ​នាក់ ស្មើនឹង ៧៩,១៧ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​ទូទាំងប្រទេស​៕ LA

វីដេអូ៖