
ទិដ្ឋភាពកុងតឺន័រដែលស្តុកទុកនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាពេលកន្លងមក។
ភ្នំពេញៈ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានសម្រេចការកែសម្រួលរយៈពេលស្តុកកុងតឺន័រនាំចេញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមិនគិតថ្លៃរហូតដល់រយៈពេល ១ សប្តាហ៍ ដែលនឹងអនុវត្តនៅខែក្រោយនេះតទៅ។
សេចក្តីជូនដំណឹងរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា សេចក្តីសម្រេចនេះ គឺយោងតាមស្មារតីអង្គប្រជុំរវាង កសស និងតំណាងក្រុមហ៊ុននាវា កាលពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ កន្លងមក។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយ លោក ថៃ ឫទ្ធី អគ្គនាយករង កសស បន្តថា ដើម្បីចូលរួមចំណែកក្នុងកិច្ចសម្របសម្រួលពាណិជ្ជកម្មក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម ក្នុងគោលដៅសម្រួលដល់ការធ្វើធុរៈកិច្ច និងការធ្វើពាណិជ្ជកម្មរបស់ធុរជន កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមធ្វើការកែសម្រួលរយៈពេលស្តុកកុងតឺន័រនាំចេញ ពីការអនុគ្រោះមិនគិតថ្លៃស្តុកក្នុងរយៈពេល ៥ថ្ងៃ មកអនុគ្រោះមិនគិតថ្លៃស្តុកក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃដែលកុងតឺន័រចូលដល់ទីលានរហូតដល់ថ្ងៃនាវាចេញដំណើរ។
ប៉ុន្តែប្រសិនបើ ហួសពីរយៈពេលកំណត់ខាងលើចាប់ពីថ្ងៃទី៨ គឺគិតថ្លៃស្តុកចំនួន ១ ថ្ងៃ និងកំណើនជាលំដាប់តាមចំនួនថ្ងៃស្តុក។ ចំពោះរយៈពេលស្តុកកុងតឺន័រ កែសម្រួលថ្មីនេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២១ តទៅ៕