
គ្រំចំពុះទាអាហារសមុទ្រមកពីខេត្តកោះកុង មានវត្តមាន នៅផ្សារទំនើបម៉ាក្រូ ជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ផលិតផលគ្រំចំពុះទា អាហារសមុទ្រមកពីសហគមន៍ខេត្តកោះកុង មានវត្តមាននៅផ្សារទំនើបម៉ាក្រូក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាផ្នែកមួយចូលរួមគាំទ្រការអភិរក្សដើមកោងកាង និងបង្កើនចំណូលសម្រាប់ប្រជាសហគមន៍។ នេះបើតាមមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងក្នុងឱកាសនៃការចូលរួមពិធីផ្សព្វផ្សាយផលិតផលគ្រំចំពុះទា នៅក្នុងផ្សារទំនើបម៉ាក្រូ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា នេះគឺជាជំហានថ្មីមួយសម្រាប់ពង្រីកទីផ្សារគ្រំចំពុះទាលើទីផ្សារក្នុងស្រុក និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានក្នុងការជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសាររបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យកាន់តែល្អប្រសើរឡើង។
លោកថា៖ «គ្រំចំពុះទាជាផលិតផលក្នុងស្រុក ដែលសម្បូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុង និងជានិមិត្តរូប នៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងសកម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូ ដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ»។
ក្នុងឱកាសនេះ លោកបានថ្លែងអំណរគុណដល់ផ្សារស្នាដៃម៉ែ និងផ្សារម៉ាក្រូដែលបានជួយចូលរួមសហការ ជាមួយក្រសួងបរិស្ថាននាំយកនូវផលិតផលក្នុងស្រុកមួយនេះមកលក់នៅលើទីផ្សារ។
លោកលើកឡើងថា៖ «នេះគឺជាផ្នែកមួយនៃការចូលរួមរកទីផ្សារជូនផលិតផលក្នុងស្រុក និងក៏ជាផ្នែកមួយនៃការចូលរួមអភិរក្សសមុទ្រជាពិសេសចូលរួមក្នុងការការពារព្រៃកោងកាងនៅក្នុងតំបន់ខេត្តកោះកុងដែលជាប្រភពសុវត្ថិភាពស្បៀងអាហារដ៏សំខាន់ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ»។

ស្ថិតក្រោមកិច្ចសហការរបស់គម្រោងនិរន្តរភាពទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន ជាមួយផ្សារម៉ាក្រូទាំងនៅភ្នំពេញ និងខេត្តសៀមរាប បានរៀបចំបើកលក់ផលិតផលគ្រំចំពុះទាកោះកុងក្នុងតម្លៃពិសេស ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។
សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ក្នុងខេត្តកោះកុងអាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ៣.២១០ តោន ក្នុង ១ រដូវហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទា ពីខែ វិច្ឆិកា ដល់ខែ មីនា ឬក៏អាចការពន្យារពេលតិចតួចដោយផ្អែកទៅលើកត្តានៃតម្រូវការពីទីផ្សារ។ នេះបើតាមក្រសួង បរិស្ថាន៕