The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រំចំពុះទា បង្ហាញ​វត្តមាន​នៅ​ផ្សារ​ម៉ាក្រូ




គ្រំចំពុះទា បង្ហាញ​វត្តមាន​នៅ​ផ្សារ​ម៉ាក្រូ

Content image - Phnom Penh Post
គ្រំចំពុះទា ដែល​ត្រូវបាន​គេ​យកទៅ​ចម្អិន​ជា​មុខម្ហូប​ច្រើន​មុខ​។ រូបថត សហការី

គ្រំចំពុះទា បង្ហាញ​វត្តមាន​នៅ​ផ្សារ​ម៉ាក្រូ

ភ្នំពេញៈ ផលិតផល​គ្រំចំពុះទា អាហារ​សមុទ្រ​មកពី​សហគមន៍​ខេត្ត​កោះកុង ដែល​មាន​វត្តមាន​នៅ​ផ្សារ​ម៉ាក្រូ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​គាំទ្រ​ការអភិរក្ស​ដើម​កោងកាង និង​បង្កើន​ចំណូល​សម្រាប់​ប្រជាសហគមន៍​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ក្នុងឱកាស​នៃ​ការចូលរួម​ពិធី​ផ្សព្វផ្សាយ​ផលិតផល​គ្រំចំពុះទា នៅ​ផ្សារម៉ាក្រូ​កាលពី​ថ្ងៃទី​ ២២ ខែ កញ្ញា​ថា នេះ​គឺជា​ជំហាន​ថ្មី​មួយ​សម្រាប់​ពង្រីក​ទីផ្សារ​គ្រំចំពុះទា​លើ​ទីផ្សារ​ក្នុងស្រុក និង​ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន​នៃ​ក្រសួងបរិស្ថាន​ក្នុង​ការជួយ​ដល់​ជីវភាព និង​សេដ្ឋកិច្ច​គ្រួសារ​របស់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។

លោក​ថ្លែងថា​៖ «​គ្រំចំពុះទា​ជា​ផលិតផល​ក្នុងស្រុក ដែល​សម្បូរ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ពាមក្រសោប​ខេត្តកោះកុង និង​ជា​និមិត្តរូប​នៃ​និរន្តរភាព​ធនធាន​ធម្មជាតិ​កើតចេញពី​សុខដុម​រមណីយកម្ម​រវាង​សកម្មភាព​សេដ្ឋកិច្ច និង​ការអភិរក្ស ពិសេស​ការអភិរក្ស​ព្រៃកោងកាង ចាប់ផ្តើម​មាន​វត្តមាន​នៅ​ទីផ្សារ​ទំនើប​ម៉ាក្រូ​ដើម្បី​ចូលរួម​ជា​ជម្រើស​មុខម្ហូប​ថ្មី​មួយ​សម្រាប់​អ្នក​ចូលចិត្ត​អាហារ​សមុទ្រ​»​។

លោក​បន្ថែមថា នេះ​គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​រក​ទីផ្សារ​ជូន​ផលិតផល​ក្នុងស្រុក និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​អភិរក្ស​សមុទ្រ​ជាពិសេស​ចូលរួម​ក្នុង​ការការពារ​ព្រៃកោងកាង​នៅក្នុង​តំបន់​ខេត្តកោះកុង​ដែលជា​ប្រភព​សុវត្ថិភាព​ស្បៀង​ដ៏សំខាន់​របស់​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​នោះ​។

ស្ថិតនៅក្រោម​កិច្ចសហការ​របស់​គម្រោង​និរន្តរភាព​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​ (CSLEP) ​នៃ​ក្រសួងបរិស្ថាន សហការ​ជាមួយ​ផ្សារម៉ាក្រូ​នៅ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សៀមរាប​បាន​រៀបចំ​បើក​លក់​ផលិតផល​គ្រំចំពុះទា​កោះកុង​ក្នុងតម្លៃ​ពិសេស​ចាប់ពី​ថ្ងៃទី​ ២២ ខែកញ្ញា ដល់​ថ្ងៃទី​ ៥ ខែតុលា ឆ្នាំ​ ២០២១​។

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ពាម​ក្រសោប ខេត្តកោះកុង​អាច​ផលិត​គ្រំចំពុះទា​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​បាន​ប្រមាណ ៣ ២១០ ​តោន​ក្នុង ១ ​រដូវ​ហើយ​ជាទូទៅ​សហគមន៍​អាច​ប្រមូលផល​គ្រំចំពុះទា ពី​ខែវិច្ឆិកា ដល់​ខែមីនា ឬក៏​អាច​ពន្យារពេល​តិចតួច​ដោយ​ផ្អែកទៅលើ​កត្តា​នៃ​តម្រូវការ​ពី​ទីផ្សារ​។

កញ្ញា ផល ចរិយា នាយិកា​ប្រតិបត្តិ​ផ្សារ​ស្នាដៃ​ម៉ែ​បាន​ឱ្យដឹងថា កន្លងមក​ទីផ្សារ​គ្រំចំពុះទា​មិនទាន់​ទូលំទូលាយ​ទេ ដូចនេះ​ការតាំង​លក់​នៅ​ផ្សារ​ម៉ាក្រូ​នឹង​ជួយ​ជំរុញ​ផលិតផល​នេះ​កាន់តែ​បើក​ទីផ្សារ​បន្ថែមទៀត​។ កញ្ញា​បាន​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ​នឹង​ជួយ​គាំទ្រ​ឱ្យបាន​ផុលផុស ដើម្បី​លើកស្ទួយ​ផលិតផល​ក្នុងស្រុក ហើយ​ក៏​ជួយ​ដល់​ជីវភាព​ប្រជាសហគមន៍​ដែលជា​អ្នក​ផលិត​គ្រំ​ប្រភេទ​នេះ​»​។

លោក ខៀវ បូរិន្ទ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគមន៍​មូលដ្ឋាន បានឱ្យដឹងថា ខេត្តកោះកុង​មាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន ៣ ស្ថិតនៅក្នុង​ដែនជម្រកសត្វព្រៃ​ពាម​ក្រសោប កំពុង​ប្រកបរបរ​ចិញ្ចឹម​គ្រំចំពុះទា ដែលជា​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​គ្រំចំពុះទា​។ បច្ចុប្បន្ននេះ​គម្រោង​និរន្តរភាព​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​ (CSLEP) ​កំពុង​គាំទ្រ​ដើម្បី​ផ្សព្វផ្សាយ និង​បង្កើត​ទីផ្សារ​ក្នុងស្រុក​ជាមួយនឹង​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​។

លោក​ប្រាប់ថា​៖ «​ដើម្បី​សម្រេចបាន​បំណង​ទាំងនេះ CSLEP និង​ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ដើម្បី​បង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ការវិនិយោគ​នានា លើ​សកម្មភាព​សេដ្ឋកិច្ច​ដែលមាន​មេត្រីភាព​ជា​មួយ​ការអភិរក្ស​។ ការរៀបចំ​គោលនយោបាយ​ការនាំចេញ​ផលិតផល​គ្រំចំពុះទា ក៏​ជា​អាទិភាព​សម្រាប់​គម្រោង CSLEP ដើម្បី​កែលម្អ​ស្ថានភាព​ទីផ្សារ​ក្រៅប្រទេស​។ គម្រោង​នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ស្នាដៃ​ម៉ែ និង​ក្រុមហ៊ុន​ម៉ាក្រូ​កម្ពុជា ដើម្បី​រៀបចំ​ដំណើរការ​កែច្នៃ​ផលិតផល​ប្រកប​ដោយ​គុណភាព និង​អនាម័យ សម្រាប់​ផ្គត់ផ្គង់​ចូលទៅ​កាន់​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​»៕ LA

អត្ថបទគួរចាប់អារម្មណ៍