
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ (កណ្ដាល) នាពេលកន្លងទៅ។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រាប់ឱ្យធុរជនត្រូវបំពេញកាតព្វកិច្ចការពារអ្នកប្រើប្រាស់ឱ្យស្របច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីរួមចំណែកក្នុងការកសាងសុខដុមនីយកម្ម និងអភិវឌ្ឍន៍ប្រទេសប្រកបដោយនិរន្តរភាព។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅក្រោមប្រធានបទ «ការធ្វើធុរកិច្ចប្រកបដោយក្រមសីលធម៌៖ សុខុមាលភាពរបស់អតិថិជន និងធុរកិច្ចរបស់លោកអ្នក» កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១។
សិក្ខាសាលានេះរៀបចំដោយក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ ដែលមានអ្នកចូលរួមពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ប្រមាណ ១៥០ នាក់។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកក្រមសីលធម៌ធុរកិច្ចតាមប្រព័ន្ធអនឡាញសម្រាប់អាស៊ាន ដែលបង្កើតឡើងដើម្បីលើកទឹកចិត្តដល់ការអនុវត្តធុរកិច្ចដោយត្រឹមត្រូវក្នុងបរិយាកាសពាណិជ្ជកម្មអេឡិចត្រូនិកដែលកំពុងវិវឌ្ឍទៅមុខជាប្រចាំ។
លោក សូរស័ក្តិ បានថ្លែងក្នុងសិក្ខាសាលានេះថា អ្នកធ្វើធុរកិច្ចទាំងអស់ដែលមិនទាន់បានអនុវត្តនូវកាតព្វកិច្ចការពារអ្នកប្រើប្រាស់ គឺត្រូវតែយកចិត្តទុកដាក់អនុវត្តឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីរួមចំណែកជាមួយស្ថាប័នមានសមត្ថកិច្ច និងអ្នកប្រើប្រាស់។
ក្នុងឱកាសនេះ លោកក៏បានលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យធ្វើសេចក្តីរាយការណ៍ពីធុរជនទាំងឡាយណា ដែលប្រព្រឹត្តសកម្មភាពមិនសុចរិតក្នុងធុរកិច្ចមកក្រសួងពាណិជ្ជកម្ម ឬគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកដំណោះស្រាយបញ្ហារួមគ្នាឱ្យបានទាន់ពេលវេលា។
លោកថ្លែងថា៖ «ការការពារអ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពតម្រូវឱ្យអាជីវករទទួលបានការជូនដំណឹងអំពីកាតព្វកិច្ចរបស់ខ្លួនចំពោះអ្នកប្រើប្រាស់ និងចៀសវាងសកម្មភាពណាដែលអាចភូតកុហក ពង្វាងការពិត ឬធ្វើឱ្យខូចដល់ប្រយោជន៍អ្នកប្រើប្រាស់ទាំងក្នុងប្រតិបត្តិការជាទម្លាប់ប្រពៃណី ឬក្នុងពាណិជ្ជកម្មអេឡិចត្រូនិក។ ការការពារផលប្រយោជន៍ និងសិទ្ធិរបស់អ្នកប្រើប្រាស់មិនគួរត្រូវបានចាត់ទុកថាជាឧបសគ្គដល់អាជីវកម្មឡើយ។ ផ្ទុយទៅវិញ អាជីវកម្មដែលលក់ផលិតផល ឬសេវាកម្មទៀងត្រង់ និងបម្រើអតិថិជនពួកគេដោយស្មើភាព»។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានអះអាងថា ច្បាប់នេះនឹងជួយបញ្ជ្រាបការយល់ដឹង និងការពារដល់ធុរជន អ្នកប្រើប្រាស់នៅកម្ពុជា ពិសេសក្នុងអំឡុងពេលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ លោកបន្ថែមថា តាមរយៈច្បាប់នេះ កម្ពុជា និងប្រទេសជាសមាជិកអាស៊ាន និងសកលលោកនឹងមានទំនាក់ទំនងគ្នា ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិមកធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា»។
ប្រធានក្រុមការងារអាស៊ាននៃ GIZ ប្រចាំកម្ពុជា លោក Frank Jattke បានលើកឡើងថា ការធ្វើធុរកិច្ចប្រកបដោយសុចរិត និងយុត្តិធម៌ គឺជាកត្តាសំខាន់ដើម្បីជំរុញភាពជោគជ័យក្នុងធុរកិច្ច ដោយសារក្រុមហ៊ុនដែលបានទទួលការពេញចិត្តពីអតិថិជន ឬអ្នកប្រើប្រាស់អាចពង្រីកមូលដ្ឋានអតិថិជនខ្លួនកាន់តែទូលំទូលាយ។
លោកបានអះអាងថា៖ «ក្រមសីលធម៌នេះ ត្រូវគេរំពឹងថានឹងត្រូវយកទៅផ្សព្វផ្សាយនៅទូទាំងប្រទេសជាសមាជិកអាស៊ានហើយវាក៏ជាផ្នែកមួយនៃកិច្ចខិតខំស្តារប្រទេសឡើងវិញពីវិបត្តិនៃជំងឺកូវីដ ១៩»។
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩។ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់មាន ១១ ជំពូក និង ៥១ មាត្រាមានគោលបំណងធានាការពារអ្នកប្រើប្រាស់ និងលើកកម្ពស់ការប្រកួតប្រជែងដោយសុចរិត៕ LA