The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​វិនិយោគ​តម្លៃ $១៣០ ​លាន​លើ​កោះទន្សាយ​ចាប់ផ្តើម​សាងសង់




គម្រោង​វិនិយោគ​តម្លៃ $១៣០ ​លាន​លើ​កោះទន្សាយ​ចាប់ផ្តើម​សាងសង់

Content image - Phnom Penh Post
ឆ្នេរ​ខ្សាច់​កន្លែង​ងូតទឹក​សមុទ្រ​នៅលើ​កោះទន្សាយ ខេត្ត​កែប​។ រូបថត ហ៊ឹន ពិសី

គម្រោង​វិនិយោគ​តម្លៃ $១៣០ ​លាន​លើ​កោះទន្សាយ​ចាប់ផ្តើម​សាងសង់

កែបៈ គម្រោង​វិនិយោគ​តម្លៃ ១៣០ ​លាន​ដុល្លារ លើ​ផ្ទៃដី ១៤៤ ​ហិកតា​នៅ​កោះទន្សាយ​របស់​ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ​រីសត ឯ.ក បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ ដើម្បី​ចាប់ផ្តើម​ដំណើរការ​សាងសង់​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​ ២៧ ខែកញ្ញា ឆ្នាំ​ ២០២១​។

កោះទន្សាយ​មាន​ទីតាំងនៅ​ប៉ែក​អាគ្នេយ៍​ទីក្រុង​កែប ដោយ​មាន​ចម្ងាយ​ប្រហែល ៤,៥ ​គីឡូម៉ែត្រ​។ កោះទន្សាយ​ដែលមាន​ផ្ទៃដី​សរុប ១៨៤ ​ហិកតា គឺជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏ល្អ​ប្រណីត ដោយមាន​ឆ្នេរ​ខ្សាច់​ស​ពី​ធម្មជាតិ និង​ខាងក្រោម​ទឹកសមុទ្រ មាន​ផ្កាថ្ម សត្វ​សមុទ្រ រុក្ខជាតិ​សមុទ្រ ជាច្រើន​។

លោក វ៉ៅ សុខា អភិបាលរង​ខេត្ត​កែប ដែល​បាន​ដឹកនាំ​ក្រុមការងារ និង​តំណាង​ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ​រីសត​ទៅ​ពិនិត្យ​ទីតាំង​ផ្ទាល់​កាលពី​សប្តាហ៍​មុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ២៧ ខែកញ្ញា ថា​ក្រុមហ៊ុន​ ទ្រី ភាព កោះទន្សាយ​រីសត​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជរដ្ឋាភិបាល​លើ​ផ្ទៃដី​ជាង ១០០ ​ហិកតា​នៅ​កោះទន្សាយ​។ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ជញ្ជូន​គ្រឿងចក្រ​ជា​បណ្តើរៗ​ទៅកាន់​កោះ​។ លោក​បន្តថា គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការលើក​មុខ​មាត់​ខេត្ត​កែប ព្រោះ​តាម​ផែនការ ក្រុមហ៊ុន​នឹង​រៀបចំ​ការសាងសង់​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅលើ​កោះ​មានដូចជា ផ្លូវថ្នល់​ជុំវិញ​កោះ តំបន់ឆ្នេរ សណ្ឋាគារ​ផ្កាយ​ ៥ បាងហ្គាឡូ ភូមិ​រមណីយដ្ឋាន​ទេសចរណ៍ និង​ទីកន្លែង​សម្រាប់​លេង​កីឡា​តាម​មាត់​ឆ្នេរ ជាដើម​។

លោក​ប្រាប់ថា​៖ «​គម្រោង​នេះ​នឹង​រួមចំណែក​ច្រើន​ក្នុង​ការលើក​កម្ពស់​មុខមាត់ ក៏ដូចជា​កំណើនសេដ្ឋកិច្ច​នៅ​ខេត្ត​កែប តាមរយៈ​ការទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​ឱ្យធ្វើ​ដំណើរ​មក​ទីនេះ ដែល​ជា​ទីតាំង​ទេសចរណ៍​មាត់សមុទ្រ​មួយ​ដ៏ស្រស់បំព្រង និង​មាន​សក្តានុពល​លើ​គ្រប់​វិស័យ​»​។

លោក​ប្រាប់ទៀតថា បើតាម​តំណាង​ក្រុមហ៊ុន ការវិនិយោគ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ ១៣០ ​លាន​ដុល្លារ ខណៈ​រយៈពេល​សាងសង់​មិន​ត្រូវបាន​ប្រាប់ឱ្យដឹង​នោះទេ​។

បើតាម​លោក សុខា កោះទន្សាយ​ជា​តំបន់​ទេសចរណ៍​មួយ​ដ៏ទាក់ទាញ ប៉ុន្តែ​បច្ចុប្បន្ន​នៅលើ​កោះ​មិនទាន់​មាន​ប្រព័ន្ធ​ទឹកស្អាត ភ្លើងអគ្គិសនី​ប្រើ​នៅឡើយ​ទេ​។ កន្លងមក រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ ២ រួចមកហើយ​ ដើម្បី​អភិវឌ្ឍ​ (​តាំងពី​ឆ្នាំ​ ២០០៩) ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​មិនបាន​ធ្វើ​សកម្មភាព​អ្វី​ទាល់តែសោះ​។ នៅ​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល បានសម្រេច​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ​រីសត ធ្វើការ​វិនិយោគ​រយៈពេល ៥០ ​ឆ្នាំ​។

ទាក់ទង​នឹង​ការដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាជន​រស់នៅ​ទីនោះ លោក សុខា ប្រាប់ថា ក្រុមការងារ​បច្ចេកទេស​បាន​ចុះទៅ​សម្របសម្រួល និង​ដោះស្រាយ​ផលប៉ះពាល់​ជាមួយ​ប្រជាជន​ជិត​រួចរាល់​ហើយ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​និយាយថា ការអភិវឌ្ឍ​ផលិតផល​/​តំបន់​ទេសចរណ៍​ឱ្យ​បាន​កាន់តែ​ច្រើន គឺជា​ចំណុច​សំខាន់​ដែល​ទីភ្នាក់ងារ​ទេសចរណ៍ ក៏ដូចជា​ភ្ញៀវទេសចរ​ចង់បាន ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើឱ្យ​ភ្ញៀវ​មាន​ជម្រើស​កាន់តែ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​អាច​ធ្វើឱ្យ​ការស្នាក់នៅ​របស់​ភ្ញៀវបរទេស​នៅ​កម្ពុជា​មាន​រយៈពេល​កាន់តែ​យូរទៀតផង​។ គម្រោង​នេះ​នឹង​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន​សម្រាប់​ភ្ញៀវទេសចរ ព្រោះ​ទីនោះ​មាន​ឆ្នេរសមុទ្រ​ស្រស់ស្អាត និង​មាន​ធម្មជាតិ​ស្រស់បំព្រង​។

លោកស្រី​បន្តថា ទោះយ៉ាងណា​ទន្ទឹមនឹង​ការអភិវឌ្ឍ​ផលិតផល​/​តំបន់​ទេសចរណ៍​ជា​បន្តបន្ទាប់​នេះ គេ​ក៏ត្រូវ​គិតពិចារណា​ពី​គុណភាព​នៃ​សេវាកម្ម​ឱ្យ​មាន​លក្ខណៈ​ស្តង់ដា និង​ការអនុវត្ត​ច្បាប់​ឱ្យបាន​​រឹងមាំ​ផងដែរ​។

លោកស្រី ស៊ីវលីន បាន​និយាយថា​៖ «​គម្រោង​នេះ​នឹង​រួមចំណែក​បង្កើន​ភាពទាក់ទាញ​ឱ្យ​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅ​កាន់តែ​ខេត្ត​កែប​។ តំបន់​ទេសចរណ៍​បែប​កម្សាន្ត​បាតសមុទ្រ​កំពុងមាន​សម្ទុះ​កើនឡើង​ជា​លំដាប់​»​។

បើតាម​ឯកសារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) នៅក្នុង​គម្រោង​នេះ​រួមមាន សណ្ឋាគារ​ផ្កាយ​ ៥ ចំនួន ៥៦៨ ​បន្ទប់​បាងហ្គាឡូ ១៦០ ​ខ្នង ក្យូស​ ៣០ ​ខ្នង កន្លែង​សម្រាប់​កីឡា​ជិះទូក-ម៉ូតូ កម្សាន្ត​ក្នុង​សមុទ្រ និង​កំពង់ផែ​ទេសចរណ៍​ជាដើម​។

តំណាង​ក្រុមហ៊ុន ទ្រី ភាព កោះទន្សាយ​រីសត ឯ.ក បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​សប្តាហ៍​មុន​ថា លោក ទ្រី ភាព មានបំណង​ចង់​អភិវឌ្ឍ​កោះទន្សាយ​ឱ្យក្លាយ​ទៅជា​ទីក្រុង​រណប​ថ្មី​មួយ សម្រាប់​លើកស្ទួយ និង​ទាក់ទាញ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​កែប​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍