
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់ស្តីពី «ថាមពល» ក្រោមប្រធានបទ «ការបង្កើនសកម្មភាព ដើម្បីសម្រេចការទទួលបានថាមពលប្រើប្រាស់ជាសកល និងការបញ្ចេញឧស្ម័នកាបូនសូន្យ» ដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤ ខែកញ្ញា។ ហ្វេសប៊ុក
ភ្នំពេញៈ កម្ពុជានឹងធ្វើការផ្ទេរបច្ចេកវិទ្យាថ្មីៗទៅលើគម្រោងអភិវឌ្ឍន៍ថាមពល និងបង្កើនការអភិវឌ្ឍថាមពលកកើតឡើងវិញជាអតិបរមា ដើម្បីធានាការផ្គត់ផ្គង់ថាមពលដែលមានតម្លៃសមរម្យ អាចទុកចិត្ត និងកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលក្នុងកិច្ចសន្ទនាថ្នាក់ខ្ពស់ស្តីពី «ថាមពល» ក្រោមប្រធានបទ «ការបង្កើនសកម្មភាព ដើម្បីសម្រេចការទទួលបានថាមពលប្រើប្រាស់ជាសកល និងការបញ្ចេញឧស្ម័នកាបូនសូន្យ» ដែលរៀបចំដោយអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៤ ខែកញ្ញា។
លោក ស៊ុយ សែម បានលើកឡើងថា ក្នុងរយៈពេលកន្លងមក កម្ពុជាសម្រេចបានគោលដៅនៃការផ្គត់ផ្គង់ថាមពលគួរឱ្យកត់សម្គាល់ ដោយភូមិជាង ៩៧ ភាគរយទទួលបានការផ្គត់ផ្គង់ថាមពលពីប្រព័ន្ធបណ្តាញ និងផ្ទះជាង ៨១ ភាគរយទទួលបានការតភ្ជាប់បណ្តាញប្រើប្រាស់។ ក្នុងន័យនេះ រដ្ឋាភិបាលនឹងខិតខំអភិវឌ្ឍវិស័យថាមពលបន្តទៀត ដើម្បីពង្រីកលទ្ធភាពទទួលបានការផ្គត់ផ្គង់ថាមពលអគ្គិសនីមួយដែលទំនើប មានតម្លៃសមរម្យអាចទុកចិត្តបាន និងមាននៅគ្រប់ទីកន្លែង។
លោកបន្តថា ការកាត់បន្ថយដង់ស៊ីតេការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ គឺមានភាពចាំបាច់សម្រាប់ប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅ និងរបៀបវារៈនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា និងគោលដៅអន្តរកាលឆ្ពោះទៅការកាត់បន្ថយឧស្ម័នកាបូន។ ការអភិវឌ្ឍថាមពលបន្តទៀត កម្ពុជានឹងបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យបានជាអតិបរមាតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាស ព្រមទាំងធានាភាពគ្រប់គ្រាន់នៃសន្តិសុខថាមពល ដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន។
លោកថ្លែងថា៖ «សម្រាប់គោលដៅ នេះយើងកំពុងធ្វើសមាហរណកម្មអភិវឌ្ឍន៍គម្រោងថាមពលកកើតឡើងវិញឱ្យកាន់តែច្រើនក្នុងផែនការអភិវឌ្ឍន៍របស់យើង។ អភិវឌ្ឍប្រព័ន្ធអាគុយស្តុកថាមពលទ្រង់ទ្រាយធំ ដើម្បីបង្កើនការទទួលគម្រោងអភិវឌ្ឍន៍ថាមពលកកើតឡើងវិញបន្ថែមទៀត និងធ្វើការអនុម័តគោលនយោបាយ និងផែនការសកម្មភាពសម្រាប់ការងារប្រសិទ្ធភាពថាមពល»។
លោកបន្តថា ទោះជាយ៉ាងណាក្នុងការរៀបចំផែនការអភិវឌ្ឍន៍ថាមពល កម្ពុជានឹងនៅបន្តពឹងផ្អែកលើការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលខ្លះដោយចៀសពុំរួច ដូចនេះហើយនៅពេលដ៏ខ្លីខាងមុខ កម្ពុជាមានភាពចាំបាច់ក្នុងការកែច្នៃឥន្ធនៈហ្វូស៊ីលដែលមានស្រាប់ឱ្យមានលក្ខណៈស្អាតជាងមុន។
លោកថ្លែងថា៖ «យើងមានភាពចាំបាច់ណាស់ក្នុងការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាហ្វូស៊ីលស្អាតដូចជា បច្ចេកវិទ្យាធ្យូងថ្មស្អាត និងបច្ចេកវិទ្យាចាប់យកកាបូន ការប្រើប្រាស់ និងស្តុកទុកកាបូន និងបច្ចេកវិទ្យាអ៊ីដ្រូហ្ស៊ែន។ ការស្តុកអាគុយថាមពលនឹងផ្តល់នូវកាលានុវត្តភាពនៃហិរញ្ញប្បទានសម្រាប់វិនិយោគលើការកែច្នៃបច្ចេកវិទ្យាទាំងនេះ គឺពិតជាសំខាន់ណាស់សម្រាប់កម្ពុជាក្នុងអន្តរកាលឆ្ពោះទៅកាន់ការកាត់បន្ថយឧស្ម័នកាបូន»៕ LA