ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ដែល​ជា​ធនាគារកណ្ដាល​របស់​ប្រទេស​កម្ពុជា​បានដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ជាង​ $១០០ ​លាន​នៅក្នុង​ខែកញ្ញា សម្រាប់​ក្រុមហ៊ុន​ប្តូរប្រាក់ និង​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​រូបិយប័ណ្ណ​ប្រាក់រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ក៏​ដូចជា​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​វិបត្តិ​សុខភាព​ឆ្ពោះទៅរក​ការងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ឆាប់រហ័ស​។

យោងតាម​ការសង្កេត​របស់​ភ្នំពេញ​ប៉ុស្តិ៍​ចាប់ពី​ថ្ងៃទី​ ២ ដល់​ថ្ងៃទី​ ២១ ខែកញ្ញា NBC បានប្រកាស​ដាក់​ដេញថ្លៃ​ចំនួន ៦ ​លើក គឺ​ថ្ងៃទី​ ២ ខែកញ្ញា ចំនួន ២០ ​លាន​ដុល្លារ ថ្ងៃទី​ ៦ ខែកញ្ញា ២០ ​លាន​ដុល្លារ ថ្ងៃទី​ ៨ ខែកញ្ញា ៣០ ​លាន​ដុល្លារ​ថ្ងៃទី​ ១៧ ខែកញ្ញា ២០ ​ដុល្លារ និង​ថ្ងៃទី​ ២១ ខែកញ្ញា ៤០ ​លាន​ដុល្លារ​។

អគ្គនាយក​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​មកនេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់រៀល​បាន​យ៉ាង​ល្អ​។ ជា​លទ្ធផល ស្ថិរភាព​ប្រាក់រៀល​បាន​ជួយ​រក្សា​អំណាច​ទិញ​របស់​ប្រាក់រៀល ពង្រឹង​ជំនឿ​ចិត្ត ព្រមទាំង​លើក​ទឹកចិត្ត​សាធារណជន​ឱ្យ​ប្រើប្រាស់ និង​សន្សំ​ជា​ប្រាក់រៀល​។

លោកស្រី​ពន្យល់ថា​៖ «​ការណ៍​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ការរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា​ប្រកប​ដោយ​ចីរភាព​»​។

លោកស្រី​បាន​បន្តថា ដើម្បី​ធានា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់រៀល ធនាគារជាតិ​នៃ​កម្ពុជា បាន​តាមដាន​យ៉ាង​ហ្មត់ចត់ ហើយ​បាន​ធ្វើការ​គ្រប់គ្រង​យ៉ាងសកម្ម​តាមរយៈ​ការប្រើប្រាស់​មធ្យោបាយ​ចម្បង ដូចជា​ការធ្វើ​អន្តរាគមន៍​អត្រា​ប្តូរប្រាក់​តាមរយៈ​ការទិញ-លក់​ប្រាក់រៀល​ដោយផ្ទាល់​ជាមួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ តាមរយៈ​ផ្លាតហ្វម​របស់​ធនាគារជាតិ​នៃ​កម្ពុជា និង​ការដាក់​ដេញថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេរិក​។

លោកស្រី​បន្តថា ទន្ទឹម​នឹងនេះ ការប្រើប្រាស់​ឧបករណ៍​នយោបាយ​រូបិយវត្ថុ តាមរយៈ​ការដំឡើង ឬ​បន្ថយ​នូវ​ទំហំ​ប្រតិបត្តិការ​ផ្ដល់​សន្ទនីយភាព​ដោយមាន​ការធានា (LPCO) អត្រា​លើ​អនុបាត​ប្រាក់​បម្រុង​កាតព្វកិច្ច និង​អត្រា​ការប្រាក់​លើ​មូលបត្រ​អាច​ជួញដូរ​បាន (NCD)​។

លោកស្រី​បញ្ជាក់ថា៖ «​ក្នុង​បរិបទ​បច្ចុប្បន្ន ផលប៉ះពាល់​សេដ្ឋកិច្ច​ដែល​បណ្ដាល​មកពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​បន្ត​ដាក់​សម្ពាធ​លើ​រូបិយប័ណ្ណ​នៃ​បណ្ដា​ប្រទេស​កំពុង​លូតលាស់ ក្នុង​នោះ​ក៏មាន​ប្រាក់រៀល​ផងដែរ បើ​ទោះ​មិនត្រូវ​បាន​រង​សម្ពាធ​ធ្ងន់ធ្ងរ​ដូច​រូបិយប័ណ្ណ​ផ្សេងៗ​ក៏ដោយ​»​។

លោកស្រី​បន្តថា​៖ «​ការផ្លាស់ប្តូរ​នយោបាយ​សារពើពន្ធ និង​រូបិយវត្ថុ​នៅ​ទូទាំង​សកលលោក និង​កម្ពុជា ដើម្បី​ជំរុញ​ការងើប​ឡើងវិញ​នៃ​កំណើន​សេដ្ឋកិច្ច បាន​ជះឥទ្ធិពល​ដូច​ការរំពឹងទុក​ទៅលើ​អត្រា​ប្តូរ​ប្រាក់រៀល ដែល​ត្រូវ​ទាមទារ​ឱ្យមាន​ការគ្រប់គ្រង​យ៉ាងសកម្ម​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ដូច្នេះ ការដាក់​ដេញថ្លៃ​ប្រាក់​ដុល្លារ​អាមេរិក គឺជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ទ្រទ្រង់​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់រៀល ដើម្បី​រួមចំណែក​ក្នុង​ការបង្កើត​បរិយាកាស​សេដ្ឋកិច្ច​អំណោយផល​ដល់​ការងើប​ឡើងវិញ​ឆាប់រហ័ស​នៃ​កំណើន​សេដ្ឋកិច្ច​»​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​និយាយថា គោលនយោបាយ​អន្តរាគមន៍​ដែល​ធ្វើឡើង​ដោយ​ធនាគារជាតិ​បាន​ជំរុញ​យ៉ាងសកម្ម​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​។

លោក​ថ្លែងថា​៖ «​វា​ជា​ព័ត៌មាន​ដ៏ល្អ ហើយ​ធនាគារ​អេស៊ីលីដា​តែងតែបា​ន​ចូលរួម​ការដេញថ្លៃ​នេះ​។ ការដេញថ្លៃ​មាន​ដំណើរការ​ល្អ​ណាស់ ដោយសារ​តែ​ធនាគារជាតិ​នៃ​កម្ពុជា​អាច​អនុវត្ត​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន ដើម្បី​ស្ថិរភាព​ប្រាក់រៀល​តាមរយៈ​ការបញ្ចេញ​នូវ​រូបិយប័ណ្ណ​បរទេស​ ដើម្បី​ទិញ​ប្រាក់រៀល​»​។

លោក​បន្ថែមថា​៖ «​ជាមួយ​នឹង​ប្រាក់​ដុល្លារ​អាមេរិក ធនាគារ​អេស៊ីលីដា អាច​បន្ត​ផ្ដល់​កម្ចី​ដល់​សហគ្រាស​ដែល​ត្រូវការ​រូបិយប័ណ្ណ​បរទេស ជា​ជម្រើស​របស់​ពួកគេ​។ ពិត​ហើយ ធនាគារ​អាចធ្វើ​ប្រតិបត្តិការ​ជា​រូបិយប័ណ្ណ​ជាច្រើន ទាំង​ប្រាក់រៀល ឬ​ដុល្លារ​។ សកម្មភាព​ធនាគារជាតិ​នៃ​កម្ពុជា​ក្នុង​ការដេញថ្លៃ ជួយ​ធ្វើឱ្យ​សាធារណជន​មាន​ជំនឿ​ទុកចិត្ត​លើ​ប្រាក់រៀល​។ ពិត​ហើយ វា​ជា​ផ្នែក​មួយ​នៃ​ស្ថិរភាព​សេដ្ឋកិច្ច​នៅក្នុង​បរិយាកាស​ណាមួយ ដែល​រួមទាំង​វិស័យ​សុខាភិបាល​»​។

លោកស្រី​ថ្លែងថា​៖ «​នៅក្នុង​បរិបទ​នេះ គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​សម្រេច​ចិត្ត​ដាក់ឱ្យ​ដេញថ្លៃ ១០០ ​លាន​ដុល្លារ​នៅ​ខែកញ្ញា ឆ្នាំ​ ២០២១ ក្នុង​គោលបំណង​ ដើម្បី​ស្រូបយក​ប្រាក់រៀល ដើម្បី​រក្សា​អត្រា​ប្តូរប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ដុល្លារ​។ ជាមួយ​គ្នា​នេះ ធនាគារជាតិ​នៃ​កម្ពុជា​ក៏​នឹង​បន្ត​ប្រើប្រាស់​នូវ​គោលនយោបាយ​រូបិយវត្ថុ​ដែលមាន​ស្រាប់ ព្រមទាំង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​រក្សា​សម្ពាធ​បញ្ចុះតម្លៃ​ប្រាក់រៀល​ក្នុង​គោលបំណង​រួមចំណែក​យ៉ាងសកម្ម ដើម្បី​លើកកម្ពស់​ភាពធន់ និង​ដើម្បី​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​អំឡុង និង​ក្រោយពេល​ជំងឺ​កូវីដ​ ១៩»៕ LA