
ស្ត្រីម្នាក់កំពុងញែកគ្រាប់ស្វាយចន្ទីធំៗ ចេញពីគ្រាប់ដែលបាក់បែក។ ហុង មិនា
ភ្នំពេញៈ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅទីផ្សារប្រទេសវៀតណាម ក្នុងតម្លៃប្រមាណ ១,៨៣ ពាន់លានដុល្លារក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២១។ នេះបើតាម Vietnam Plus។
សារព័ត៌មាន Vietnam Plus ចេញផ្សាយកាលពីថ្ងៃទី ២៧ ខែកញ្ញាឱ្យដឹងថា ប្រទេសវៀតណាមបានចំណាយប្រាក់ជិត ១,៨៣ ពាន់លានដុល្លារក្នុងការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា នារយៈពេល ៨ ខែដើមឆ្នាំ ២០២១ កើនឡើង ៧,១ ដងបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
លោក ខាន់ កុសល ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ខេត្តព្រះវិហារ បានកត់សម្គាល់ថា សព្វថ្ងៃនេះកម្ពុជាពុំទាន់មានច្រកនាំចេញផ្ទាល់ទៅកាន់ប្រទេសដែលមានសក្តានុពលទីផ្សារធំៗទេ ហេតុនេះកម្ពុជាត្រូវការប្រទេសជិតខាង ដើម្បីជាទីផ្សារសម្រាប់កែច្នៃ និងនាំចេញបន្តទៅទីផ្សារដែលមានសក្តានុពលនៅលើពិភពលោក។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍ថា សព្វថ្ងៃបញ្ហាប្រឈមនៃនាំចេញដោយផ្ទាល់របស់កម្ពុជា គឺថ្លៃដើមផលិតខ្ពស់ជាងបណ្តាប្រទេសជិតខាង ដែលនាំឱ្យកម្ពុជាពិបាកប្រកួតប្រជែងជាមួយគេ ខណៈវៀតណាមគឺប្រទេសមានបទពិសោធច្រើនឆ្នាំនៅក្នុងវិស័យស្វាយចន្ទី ហើយប្រទេសនេះក៏មានដៃគូជាច្រើននៅជុំវិញពិភពលោក។
លោកបន្តថា ម្យ៉ាងទៀតស្ថានភាពនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏បាននាំឱ្យវិស័យឯកជនដែលរកស៊ីក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាពិបាកនឹងរកដៃគូដែលមានសក្តានុពលធ្វើការនាំចេញផងដែរ។
លោកឱ្យដឹងថា៖ «ខ្ញុំគិតថា ក្នុងរយៈពេលមធ្យម យើងមិនទាន់អាចមានលទ្ធភាពធ្វើការនាំចេញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ទៅទីផ្សារប្រទេសធំៗទេ។ យើងត្រូវការពេលវេលាកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវិស័យនេះ ដើម្បីគាំទ្រដល់ការនាំចេញ»។
លោកបន្តទៀតថា បើកម្ពុជាពង្រីកការកែច្នៃក្នុងវិស័យផលិតកម្ម និងនាំចេញឱ្យមានភាពប្រកួតប្រជែងជាមួយវៀតណាមនោះ កម្ពុជានឹងនៅមានសក្តានុពលខ្លាំង ព្រោះមានផ្ទៃដីដាំដុះច្រើន។
លោកអះអាងថា៖ «បើយើងអាចកែច្នៃក្នុងស្រុកក្នុងតម្លៃផលិតមួយអាចប្រកួតប្រជែង ខ្ញុំគិតថា យើងនៅមានឱកាសសម្រាប់ការនាំចេញផ្ទាល់ទៅទីផ្សារអន្តរជាតិ ប៉ុន្តែបញ្ហានៅត្រង់ថា ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតក្នុងកម្រិតប្រកួតប្រជែងបានដើម្បីជំរុញការនាំចេញ»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង កាលពីថ្មីៗនេះ បានឱ្យដឹងថា ប្រទេសវៀតណាមភាគច្រើនទទួលទិញកសិផលពីប្រទេសកម្ពុជាមានដូចជាស្រូវ កៅស៊ូ សណ្តែក ពោត ល្ង និងស្វាយចន្ទី។ រីឯវៀតណាមនាំមកកម្ពុជាមាន ដែកថែប ប្រេង បន្លែ ផ្លែឈើ និងជីកសិកម្ម។ លោកនិយាយថា៖ «ខ្ញុំគិតថា ផលិតផលកសិកម្មកម្ពុជា បើអត់មានទីផ្សារប្រទេសជិតខាង យើងនឹងកកកុញនៅក្នុងទីផ្សារក្នុងស្រុក»។
យោងតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទី ៨៧៦ ៥២១,១៩ តោនក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២១ កើន ៣៤០,៦១ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ប្រទេសវៀតណាម គឺទីផ្សារឈានមុខគេ ដែលមានបរិមាណ ៨៦៩ ៥៤០ តោន និងតាមពីក្រោយដោយចិន ៣ ៦៣៩,៥០ តោន និងថៃ ៣ ២៣០,៤០ តោន។ ទីផ្សារផ្សេងទៀត រួមមាន កូរ៉េ ជប៉ុន ឥណ្ឌា អារ៉ាប់ ហូឡង់ បង់ក្លាដែស ឡាវ តូហ្គោ និងអារ៉ាប់រួម។
ក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២ សម្រេចបាន ៦ ០៣៤ លានដុល្លារកើន ១០៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងនោះទំនិញវៀតណាមនាំមកកម្ពុជាមាន ២ ៧៧៣ លានដុល្លារ កើនឡើង ១៨,៣ ភាគរយ ខណៈទំនិញកម្ពុជានាំទៅវៀតណាម មានតម្លៃ ៣ ២៦១ លានដុល្លារ កើន ៤៥២ ភាគរយ។ នេះបើតាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា៕ LA