ទីក្រុងហាណូយៈ នៅសន្និសីទតាមអនឡាញរបស់រដ្ឋាភិបាលជាមួយសហគមន៍ធុរកិច្ចកាលពីថ្ងៃទី ២៦ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines បានបន្តដាក់សំណើរជាច្រើនដោយស្នើសុំកញ្ចប់ប្រាក់គាំទ្រពិសេសទៅកាន់រដ្ឋាភិបាលវៀតណាម។
ក្រៅពីនោះ អាកាសចរណ៍វៀតណាមបានស្នើសុំអនុញ្ញាតឲ្យរដ្ឋាភិបាលចាត់ទុកជាករណីពិសេស ដើម្បីរក្សាចុះបញ្ជីនៅផ្សារមូលបត្រ HoSE អំឡុងពេលភាគហ៊ុនអវិជ្ជមាន។
ក្រុមហ៊ុននេះក៏បានដាក់សំណើទៅរដ្ឋាភិបាលនូវគោលនយោបាយអភិវឌ្ឍន៍ចំពោះកញ្ចប់គាំទ្របន្ទាប់សម្រាប់ក្រុមហ៊ុន ស្របជាមួយគម្រោងរៀបចំរចនាសម្ព័ន្ធឡើងជារួម។
នៅពេលជាមួយគ្នានោះ ក្រុមហ៊ុននេះបានស្នើរដ្ឋាភិបាលឲ្យអនុញ្ញាតក្រុមហ៊ុនដំណើរការហោះហើរអន្តរជាតិក្នុងពេលឆាប់ៗទៅកាន់ប្រទេសផ្សេងៗដែលមានសុវត្ថិភាពពីជំងឺកូវីដ ១៩។
ក្នុងពេលកន្លងមក នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួមដែលបានប្រកាសរបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរាយការណ៍ពីការខាតបង់ ១៧,៧ ពាន់ពាន់លានដុង (៧៧៨,៤ លានដុល្លារ) ដែលលើសពីដើមទុនគោលរបស់ខ្លួន និងបង្ហាញភាគហ៊ុនអវិជ្ជមានច្រើនជាង ២,៧៥ ពាន់ពាន់លានដុល្លារជាលើកដំបូង។
ទោះបីជាប្រាក់ចំណូលដុលប្រចាំត្រីមាសទី ២ នៅតែកើនឡើង ៩ ភាគរយដល់ជាង ៦,៥ ពាន់ពាន់លានដុង ការចំណាយថេរដ៏សម្បើមបានធ្វើឲ្យក្រុមហ៊ុនរងគ្រោះការខាតបង់សរុបជិត ៣,៥ ពាន់ពាន់លានដុង ដែលខ្ពស់ជាងការខាតបង់ ២,៩ ពាន់ពាន់លានដុងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងរយៈពេល ១ ឆមាសដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនមានចំនួនជិត ១៤ ពាន់ពាន់លានដុង ធ្លាក់ចុះ ៤៣,៦ ភាគរយធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។ ការខាតបង់សុទ្ធដែលប្រមូលបានក្នុងរយៈពេល ៦ ខែដំបូងមានចំនួនជាង ៨,៤ ពាន់ពាន់លានដុង។ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនការខាតបង់មានចំនួនជាង ៥,១ ពាន់ពាន់លានដុង។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានពន្យល់ថា ការរីករាលដាលកូវីដ ១៩ បន្តប៉ះពាល់ធ្ងន់ធ្ងរ និងដោយផ្ទាល់លើឧស្សាហកម្មអាកាសចរណ៍ក្នុងពិភពលោក៕ VNS-ANN/RR