The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នាំចេញ​កៅស៊ូ​កើន​ ៨% ខណៈ​ទីផ្សារ​ងើបឡើង​វិញ




កម្ពុជា​នាំចេញ​កៅស៊ូ​កើន​ ៨% ខណៈ​ទីផ្សារ​ងើបឡើង​វិញ

Content image - Phnom Penh Post
កសិករ​នៅ​ខេត្តរតនគិរី​ថ្លឹង​ជ័រកៅស៊ូ​ឆៅ​ ដើម្បី​លក់​ឱ្យ​ឈ្មួញកណ្តាល​។ រូបថត រ៉ាស់ហ៊ីម

កម្ពុជា​នាំចេញ​កៅស៊ូ​កើន​ ៨% ខណៈ​ទីផ្សារ​ងើបឡើង​វិញ

ភ្នំពេញៈ កម្ពុជា​ទទួលបាន​ចំណូល​ពី​ការនាំចេញ​កៅស៊ូ និង​ឈើ​កៅស៊ូ​ជាង​ ៣២៦ ​លាន​ដុល្លារ ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល​ ៨ ​ខែ​ដើមឆ្នាំ ២០២១ ​។ យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែសីហា កម្ពុជា​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​សរុប ៣២៦ ៣៣៨ ៧២៨.៨៤ ដុល្លារ​ពី​ការនាំចេញ​ជ័រកៅស៊ូ​ចំនួន​ ១៩៤ ៥២៥ ​តោន​កើន ៨ ភាគរយ បើ​ធៀប​នឹង​រយៈពេល​​ដូចគ្នា​កាលពី​ឆ្នាំមុន និង​ឈើ​កៅស៊ូ ចំនួន ៤ ៣៧៩ ម៉ែត្រគុប​។

ទិន្នន័យ​បាន​បន្តថា​ក្នុង​អំឡុង​ពេលនេះ តម្លៃ​កៅស៊ូ​ជា​មធ្យម​ថ្លៃ ១ ៦៧៣ ដុល្លារ​ក្នុង​ ១ ​តោន​កើន ៣៨៦ ដុល្លារ​ក្នុង​ ១ ​តោន​ស្មើនឹង​ ៣០ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

លោក ហ៊ឹម អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​ប្រាប់ ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៨ កញ្ញា​ថា កត្តា​ដែល​នាំឱ្យ​ការនាំចេញ​កៅស៊ូ​កើនឡើង​ក្នុងអំឡុង​ពេលនេះ​ ដោយសារ​ឧបសគ្គ​ចំពោះ​ការផ្គត់ផ្គង់​កៅស៊ូ​ធម្មជាតិ​ដែល​បណ្តាលមកពី​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​ជា​បណ្តើរៗ ហើយ​នៅតាម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ រដ្ឋាភិបាល​បាន​ដកចេញ​វិញ​នូវ​ការរឹតត្បិត​ប្រទេស ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន​ឡើងវិញ​។

លោក​បន្តថា​៖ «​តម្រូវការ​ផលិតផល​កៅស៊ូ​កើនឡើង​ និង​បណ្តា​ក្រុមហ៊ុន​ធំៗ​ត្រូវ​ការប្រមូលទិញ​ជ័រកៅស៊ូ​ ដើម្បី​បំពេញ​ស្តុក​ដូចជា​ក្រុមហ៊ុន​នៅ​ចិន​ជាដើម​»​។

លោក​បាន​ឱ្យដឹងទៀតថា ទន្ទឹមនឹងនេះ ផ្ទៃដី​ប្រមូលផល​ឆ្នាំ​ ២០២១ មាន​ការកើនឡើង​ប្រហែល ២១ ៨១៩ ហិកតា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២០​។ ចំណែក​តម្លៃ​កៅស៊ូ​ក្នុង​ឆ្នាំ​ ២០២១​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​។

កម្ពុជា​នាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​ទៅ​កាន់​ប្រទេស​គោលដៅ ​រួមមាន ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន ជប៉ុន ឥណ្ឌា និង​បរិមាណ​តិចតួច នាំ​ចេញទៅ​សហភាព​អឺរ៉ុប​។

លោក​បញ្ជាក់​៖ «​អគ្គនាយកដ្ឋាន​កៅស៊ូ​បន្ត​ខិតខំ​ជំរុញ​ការផលិត​កៅស៊ូ​តាម​ប្រភេទ​ស្របតាម​តម្រូវការ​ទីផ្សារ និង​ជំរុញ​ការផ្សព្វផ្សាយ​តម្លៃ​កៅស៊ូ​ប្រចាំថ្ងៃ​ដល់​កសិករ​ និង​ប្រតិបត្តិករ​កៅស៊ូ​ទាំងអស់​ហើយ​ជួយ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​រវាង​អ្នក​ផលិត និង​ពាណិជ្ជករ​កៅស៊ូ​បានធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​»​។

លោក ម៉ែន សុភក្តិ ប្រធាន​ក្រុមហ៊ុន​វិនិយោគ សុភក្តិនីកា ដែលជា​ក្រុមហ៊ុន​ដាំដុះ និង​នាំចេញ​កៅស៊ូ​ធ្លាប់​អះអាងថា តម្លៃ​កៅស៊ូ​នៅ​កម្ពុជា​ប្រែប្រួល​យ៉ាងរហ័ស​តាម​ចរន្ត​ទីផ្សារ​អន្តរជាតិ​។

លោក​បញ្ជាក់ថា​៖ «​កំណើន​តម្លៃ​ជ័រកៅស៊ូ​ពេលនេះ គឺ​ដោយសារ​តែ​ការចាប់ផ្តើម​បើក​ដំណើរការ​រោងចក្រ​ឧស្សាហកម្ម​កាន់តែច្រើន​នៅ​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ពិសេស​ប្រទេស​ចិន​»​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​ផ្ទៃដី​កៅស៊ូ ៤០៤ ១៦០ ហិកតា​ក្នុង​នោះ​ផ្ទៃដី​ចៀរជ័រ​មាន ២៩២ ៥០០ ​ហិកតា ស្មើនឹង ៧២ ​ភាគរយ និង​ផ្ទៃដី​ថែទាំ ១១១ ៦៦០ ហិកតា​៕ LA

អត្ថបទគួរចាប់អារម្មណ៍