ភ្នំពេញៈ ភាពល្អប្រសើរ​នៃ​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ និង​អនុវត្តបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួង​ទេសចរណ៍ និង​សុខាភិបាល​បាន​ធ្វើឱ្យ​ចលនា​នៃ​ការធ្វើ​ដំណើរ​កម្សាន្ត​ក្នុងស្រុក​ចាប់ផ្តើម​មាន​សម្ទុះ​ឡើងវិញ​ជា​បន្តបន្ទាប់ ជាក់ស្តែង​ចំនួន​ភ្ញៀវទេសចរ​ដើរ​កម្សាន្ត​នា​ថ្ងៃ​ចុង​សប្តាហ៍​ទី​ ៤ ខែកញ្ញា នេះ​កើនឡើង​ជិត ៣០ ​ភាគរយ​បើ​ធៀប​នឹង​ចុង​សប្តាហ៍​ទី​ ៣ ខែកញ្ញា​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា រយៈពេល ៣ ​ថ្ងៃ ចុង​សប្តាហ៍​ទី​ ៤ ខែកញ្ញា (​ថ្ងៃទី​ ២៤-២៥-២៦) ភ្ញៀវទេសចរ​ផ្ទៃក្នុង ដែល​ចេញ​ដើរ​កម្សាន្ត​ទូទាំងប្រទេស​មាន​ចំនួន ១០២ ០៦៣ ​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ ១០០ ៥១២ ​នាក់ និង​ភ្ញៀវ​បរទេស​ (​ផ្ទៃក្នុង​) ១ ៥៥១ ​នាក់​។ តួលេខ​នេះ​បាន​កើនឡើង​ប្រមាណ ២៩,១៦ ​ភាគរយ​បើ​ធៀប​នឹង​សប្តាហ៍​ទី​ ៣ ខែកញ្ញា​។

បើតាម​ក្រសួងទេសចរណ៍​គោលដៅ​ទេសចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន ៣២ ៧៩៣ ​នាក់​, កំពត ២៤ ៣២៩ នាក់​, ព្រះសីហនុ ៨ ១៩៨ ​នាក់​, កែប ៦ ៧៥០ ​នាក់​, កំពង់ស្ពឺ ៥ ៦០៧ ​នាក់​, តាកែវ ៤ ៥៩៨ ​នាក់​, មណ្ឌលគិរី ៤ ២៦២ ​នាក់ និង​ខេត្តពោធិ៍សាត់ ៣ ៦៣១ ​នាក់​។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន បានឱ្យដឹងថា ការកើនឡើង​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​នៅពេលនេះ គឺ​ដោយសារ​ប្រជាជន​មួយចំនួន​បាន​យក​ចង្ហាន់ និង​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ប្រគេន​ព្រះសង្ឃ​នៅតាម​វត្ត រួច​បន្តដំណើរ​ដើរលេង​កម្សាន្ត​។ ចលនា​នៃ​ការធ្វើដំណើរ​កម្សាន្ត​ក្នុងស្រុក​កំពុងមាន​សម្ទុះ​កើនឡើង​វិញ​ហើយ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​ដោយសារ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩​។

លោក​បន្តថា ជាមួយ​គ្នា​នេះ ក្រសួង​ទេសចរណ៍​ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បាននិង​កំពុង​សហការ​គ្នា​ចុះ​ជំរុញ​ការអនុវត្ត​វិធាន ៣ ការពារ ៣ កុំ សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ស្តង់ដា​អប្បបរមា​ (SOP) នៅតាម​មូលដ្ឋាន​អាជីវកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំង​ប្រទេស​ផងដែរ​។

លោក​ថ្លែងថា​៖ «​នៅតាម​គោលដៅ​ទេសចរណ៍​នានា ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​អនុវត្ត​កាន់តែ​សកម្ម​នូវ​វិធានការ «៣ កុំ និង ៣ ការពារ​» ជាពិសេស​បាន​ពាក់​ម៉ាស់​ជាប្រចាំ និង​ការជ្រើសរើស​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ធម្មជាតិ សហគមន៍ និង​អេកូ​ទេសចរណ៍​»​។

បើតាម​លោក ថោង ខុន គោលដៅ​ទេសចរណ៍​ខេត្ត​តំបន់​ឆ្នេរសមុទ្រ និង​គោលដៅ​ទេសចរណ៍ធម្មជាតិ និង​អេកូទេសចរណ៍​នៅក្នុង​ខេត្តកំពង់ស្ពឺ មណ្ឌលគិរី និង​ខេត្តពោធិ៍សាត់ បាន​ក្លាយជា​គោលដៅ​ពេញនិយម​សម្រាប់​ការដើរ​កម្សាន្ត​នាសប្តាហ៍​កន្លងមក លើកលែងតែ​តំបន់​សៀមរាប​អង្គរ ដែល​កំពុង​បិទខ្ទប់​។

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៍អិចប្រេស បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា​ថា សកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ចាប់ផ្តើម​មានដំណើរ​ឡើងវិញ​ជា​លំដាប់ ពិសេស​តំបន់​មាត់សមុទ្រ និង​ធម្មជាតិ​។ កំណើន​នេះ​នឹងមាន​សម្ទុះ​បន្ថែមទៀត​ពេល​ស្ថានភាព​ជំងឺ​កូវីដ ១៩ កាន់តែ​ធូរស្រាល ហើយ​វិធានការ​ដែល​ដាក់ចេញ​ដោយ​ក្រសួង​ទេសចរណ៍ សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​។

លោក​និយាយថា​៖ «​កំណើន​នេះ​នឹង​បន្ត​ភាពរឹងមាំ​របស់ខ្លួន ខណៈ​ថ្មីៗ​នេះ​ក្រសួង​ទេសចរណ៍​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍ ដើម្បី​ទាក់ទាញ​កំណើន​ទេសចរ​ប្រកប​ដោយ​បរិយាប័ន្ន​»​។

លោក​បន្ថែមថា តំបន់​ទេសចរណ៍​មាត់សមុទ្រ និង​អេកូទេសចរណ៍ នឹង​ទទួល​ការចាប់អារម្មណ៍​កាន់តែច្រើន​ពី​សំណាក់​ប្រជាជន​ក្នុងស្រុក​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដល់​កុមារ​អាយុ​ចាប់ពី ៦-១២ ​ឆ្នាំ កាលពីពេល​ថ្មីៗ​នេះ​បាន​បង្ហើប​ថា កម្ពុជា​មាន​ផែនការ​បើកទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួច​ឱ្យ​ចូលមក​កម្សាន្ត​ក្នុងពេល​ខាងមុខ​ឆាប់ៗ ដោយ​អាច​ចាប់ផ្តើម​ពី​ភ្ញៀវទេសចរ​ចិន ដែលជា​ប្រទេស​មានការ​គ្រប់គ្រង​ជំងឺ​កូវីដ-១៩ បានល្អ​ជាងគេ​៕ LA