ភ្នំពេញៈ ធនាគារ​ពិភពលោក (WB) បាន​កែតម្រូវ​ការព្យាករ​របស់ខ្លួន​ ដោយ​ទម្លាក់​ការព្យាករ​កំណើន​សេដ្ឋកិច្ច​សម្រាប់​កម្ពុជា​មក​នៅត្រឹម ២,២ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ នេះ ធ្លាក់ចុះ​ពី ៤ ​ភាគរយ​នៃ​ការព្យាករ​កាលពី​ខែមេសា ដោយសារ​ការកើនឡើង​ការឆ្លង​វីរុស​បំប្លែង​ថ្មី​ដែលតា ខណៈ​ការឆ្លង និង​ស្លាប់​បាន​កើនឡើង​យ៉ាង​រហ័ស​។

ការកែតម្រូវ​របស់​ធនាគារ​ពិភពលោក គឺ​ស្រប​គ្នា​នឹង​ការព្យាករ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ទម្លាក់​ការព្យាករ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០២១ ពី ៤,១ ​ភាគរយ​មក​នៅត្រឹម ២,៥ ​ភាគរយ ដែល​ប្រកាស​កាលពីដើម​ឆ្នាំនេះ​។

ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ​បំផុត​របស់ខ្លួន​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា WB បាន​ព្យាករ​សម្រាប់​ឆ្នាំ​ ២០២១ គឺ​កែតម្រូវ​កំណើន​មក​នៅត្រឹម ២,២ ​ភាគរយ ទោះបីជា​ការនាំចេញ​របស់​កម្ពុជា​មាន​ភាពរឹងមាំ ដែល​គាំទ្រ​ដោយ​លក្ខខណ្ឌ​តម្រូវការ​ខាងក្រៅ​ក៏ដោយ​។

WB បាន​ឱ្យ​ដឹងថា​៖ «​ទស្សន​វិស័យ​របស់​កម្ពុជា​នៅតែ​មាន​ភាពមិន​ច្បាស់លាស់ ហើយ​ហានិភ័យ​សំដៅ​ទៅរក​ការធ្លាក់ចុះ​។ ទោះបី​ការចាក់​វ៉ាក់សាំង​មាន​វឌ្ឍនភាព​លឿន ក៏ហានិភ័យ​នៃ​ការផ្ទុះ​ឡើង​នៃ​ការឆ្លង​ដែល​អូសបន្លាយ និង​ការរាំងស្ទះ​បន្ត​នៅតែ​មាន​កម្រិត​ខ្ពស់ ដោយសារ​ចំនួន​នៃ​ការឆ្លង និង​ស្លាប់​បន្ត​មាន​ចំនួន​ច្រើន​»​។

ជាមួយ​គ្នា​នេះ WB ក៏​អង្កេត​ឃើញថា ការផ្ទុះ​ឡើង​នូវ​ការឆ្លង​ដែល​បានអូសបន្លាយ​តាំងពី​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ បានធ្វើឱ្យ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​នៅមាន​ភាពយឺតយ៉ាវ ពិសេស​វិស័យ​សេវាកម្ម សំណង់ និង​អចលនទ្រព្យ​។

លោក លី សូដេត សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា បានឱ្យដឹង​នៅក្នុង​សន្និសីទ​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា តាម​ប្រព័ន្ធ​អនឡាញ​ថា ការធ្វើដំណើរ និង​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ផ្ដល់​ការងារ​ប្រហែល​ ២ ​លាន​កន្លែង​ក្នុងអំឡុង​ពេល​មុន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ស្ទើរតែ​ធ្លាក់ចុះ​ទាំងស្រុង​។

លោក​លើកឡើងថា​៖ «​ការបាត់បង់​ការងារ​មាន​កាន់តែ​ច្រើន​នៅក្នុង​វិស័យនេះ​បាន​ធ្វើឱ្យ​មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ខណៈ​យើង​ក៏បាន​មើលឃើញ​ការបាត់បង់​ការងារ​កើនឡើង ដោយ​កំណើន​ពលករ​ចំណាក​ស្រុក​ដែល​ត្រឡប់​មកពី​បរទេស​វិញ ជាពិសេស​មកពី​ប្រទេស​ថៃ ក៏​បន្ថែម​ការគ្មាន​ការងារ​ធ្វើ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​»​។

លោក​បន្ថែមថា​៖ «​យើង​ក៏បាន​មើលឃើញ​គោលនយោបាយ​មួយចំនួន​ដែល​កម្ពុជា​អាច​ទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា និង​ចិន និង​ច្បាប់​វិនិយោគ​ថ្មី ដូច្នេះ​កម្ពុជា​ត្រូវតែ​ត្រៀមខ្លួន​ឱ្យ​រួចរាល់​សម្រាប់​អត្ថប្រយោជន៍​នោះ តាមរយៈ​ការដោះស្រាយ​បញ្ហា​រាំងស្ទះ​ផ្នែក​ផ្គត់ផ្គង់ ដោយ​កាត់បន្ថយ​តម្លៃ​លើ​ការធ្វើ​អាជីវកម្ម ឡូជីស្ទិក និង​ថាមពល ខណៈ​ការលុបបំបាត់​ភាពតឹងរ៉ឹង​នៅក្នុង​បទប្បញ្ញតិ្ត​ដែល​ជាប់ទាក់ទង​នឹង​ការងារ​សំខាន់ៗ បាន​រារាំង​ការស្ទុះ​ងើបឡើង​វិញ​ដ៏រឹងមាំ​នៃ​ទីផ្សារការងារ​»​។

យោងតាម​ការស្ទង់មតិ​របស់ HFPS ការងារ និង​ប្រាក់ចំណូល​មិនត្រូវ​បាន​ស្តារ​ឱ្យដល់​កម្រិត​មុន​ជំងឺ​រាតត្បាត​ទេ សូម្បីតែ​មុនពេល​ការផ្ទុះ​ឡើង​ជំងឺ​កូវីដ-១៩ ចុងក្រោយ​នេះ​ក៏ដោយ​។ ប្រហែល ៦៩ ភាគរយ​នៃ​អ្នករក​ប្រាក់ចំណូល​ចម្បង​របស់​គ្រួសារ​មាន​ការងារ​ធ្វើ​នៅ​ខែមីនា ឆ្នាំ​ ២០២១ គឺ ១៣ ​ពិន្ទុ​ភាគរយ ទាប​ជាង​កម្រិត​មុន​ជំងឺ​រាតត្បាត​។ ប្រហែល ៤៥ ​ភាគរយ​នៃ​គ្រួសារ​បន្ត​បាត់បង់​ប្រាក់​ចំណូល​នៅ​ខែមីនា ឆ្នាំ​ ២០២១​។

ការរំខាន​សកម្មភាព​សេដ្ឋកិច្ច​ដោយសារ​វិធានការ​រឹតត្បិត ដើម្បី​ទប់ស្កាត់​ការចម្លង​មេរោគ​បង្ក​ឱ្យ​បាត់បង់​ការងារ ឬ​ការកាត់បន្ថយ​ម៉ោង​ធ្វើការ ដែល​ប៉ះពាល់​ដល់​ប្រាក់ចំណូល​។ ការបិទ​សាលារៀន​បាន​ប៉ះពាល់​ដល់​ការអប់រំ ចាប់តាំងពី​ចុងខែ​មីនា ឆ្នាំ​ ២០២១ ជាពិសេស​សម្រាប់​សិស្ស​ក្រីក្រ​ដែលមាន​លទ្ធភាព​តិចតួច​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​»​។

ការស្ទង់មតិ HFPS បន្តថា​៖ «​ហានិភ័យ​ឆ្ពោះទៅរក​ការធ្លាក់ចុះ ហើយ​ទស្សនវិស័យ​របស់​កម្ពុជា​នៅតែមាន​ភាព​មិន​ច្បាស់លាស់​ខ្ពស់​។ ទោះបី​ការចាក់​វ៉ាក់សាំង​មាន​វឌ្ឍនភាព​លឿន​ក៏ដោយ ហានិភ័យ​នៃ​ការរាំងស្ទះ​នៅ​បន្ត​តែមាន​កម្រិត​ខ្ពស់ ដោយសារ​ការឆ្លង​ និង​ស្លាប់​បន្ត​មាន​ចំនួន​ច្រើន​។ លើសពីនេះ កំណើន​ឥណទាន​ខ្ពស់ និង ការប្រមូលផ្ដុំ​ឥណទាន​ក្នុង​ស្រុក នៅក្នុង​វិស័យ​សំណង់ និង អចលនទ្រព្យ​នៅតែ​ជា​ហានិភ័យ​ដ៏សំខាន់​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​»​។

យោងតាម WB វិស័យ​កសិកម្ម​នៅតែមាន​ភាពធន់ និង​ការនាំចេញ​ទំនិញ​បាន​ងើបឡើង​ដែល​គាំទ្រ​ពី​លក្ខខណ្ឌ​តម្រូវការ​ខាងក្រៅ​ល្អប្រសើរ​ក៏ដោយ កត្តា​ជំរុញ​កំណើន​ផ្សេងទៀត ពិសេស​វិស័យ​ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ​បន្ត​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ការរីករាលដាល​នៃ​ជំងឺ​រាតត្បាត​។

ធនាគារ​អភិវឌ្ឍន៍អាស៊ី កាលពី​ថ្ងៃ​ទី​ ២២ ខែកញ្ញា បាន​ឱ្យ​ដឹងថា សេដ្ឋកិច្ច​កម្ពុជា ត្រូវ​ព្យាករ​ថា នឹង​កើនឡើង ១,៩ ​ភាគរយ​ប៉ុណ្ណោះ​នៅ​ឆ្នាំនេះ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ​ដែល​អូសបន្លាយពេល ប៉ុន្តែ​វា​នឹង​កើនឡើង​ដល់ ៥,៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២៕ LA