
លោក អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា ធ្វើទស្សន:កិច្ចការងារហាទ្បាលនៅក្រុមហ៊ុន LYLY Food Industry Co., Ltd កាលពីថ្ងៃទី ២៧ កញ្ញា។ រូបថត FN
ភ្នំពេញៈ ក្រុមហ៊ុនផលិតទឹកដោះគោ អង្គរ ឌែរី ប្រូដាក ខូអិលធីឌី និងក្រុមហ៊ុនផលិតនំស្រួយ លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី បានទទួលវិញ្ញាបនបត្របញ្ជាក់ស្តង់ដាផលិតផលហាឡាល (HALAL) កម្ពុជា។ នេះបើយោងតាម លោក អូស្មាន ហាស្សាន់ អនុប្រធានគណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា។
នៅក្នុងពេលដឹកនាំប្រតិភូទៅទស្សនកិច្ចពិនិត្យ និងវាយតម្លៃផលិតផល ហាឡាលកម្ពុជា នៅក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក និងក្រុមហ៊ុន លីលី ហ៊្វូត កាលពីថ្ងៃទី ២៧ ខែកញ្ញា លោក អូស្មាន ហាស្សាន់ បានលើកឡើងថា អង្គរ ឌែរី ប្រូដាក គឺជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំមួយនៅកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ ២០១៣ ហើយបច្ចុប្បន្នមានបុគ្គលិកជាង ៥០០ នាក់កំពុងបម្រើការ។ ក្រុមហ៊ុននេះត្រូវបានទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើន។ លោកឱ្យដឹងទៀតថា ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក មានផលិតផលចំនួន ១៥ មុខក្នុងនោះមានទឹកដោះគោឆៅប្រមាណជាង ៥០ លានលីត្រ និងបានលក់ក្នុងតម្លៃទាបជាងទំនិញរបស់ប្រទេសជិតខាងចន្លោះពី ២០ ទៅ ៣០ ភាគរយ។
លោកនិយាយថា៖ «បន្ទាប់ពីមានការបញ្ជាក់ថាជាផលិតផលហាឡាលមក ការចរាចរលក់នៅទីផ្សារបានកើនឡើងជាង ៨ ភាគរយ»។
អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ លោកស្រី កែវ មុំ បានឱ្យដឹងថា ការទទួលបានវិញ្ញាបនបត្របញ្ជាក់ស្តង់ដា HALAL នឹងជំរុញទីផ្សារឱ្យផលិតផលនំស្រួយ លីលី កាន់តែមានទំនុកចិត្តពីអតិថិជន។ លោកស្រីបន្តថា ការចុះមកធ្វើការអនុវត្តស្តង់ដា HALAL នៅក្នុងក្រុមហ៊ុនផ្ទាល់បែបនេះ គឺជាការជួយផ្សព្វផ្សាយផលិតផលនំស្រួយលីលីដល់បងប្អូនជនជាតិអ៊ិស្លាមពីគុណភាពគួរឱ្យទុកចិត្តផងដែរ។
រោងចក្រទឹកដោះគោ អង្គរ ឌែរី បានវិនិយោគក្នុងទំហំទឹកប្រាក់ ២៣ លានដុល្លារពីការរួមគ្នារវាងភាគហ៊ុន Vietnam Dairy Product Joint-Stock ដែលមានឈ្មោះថា Vinamilk និងក្រុមហ៊ុន BPC Trading Co Ltd។ ការបណ្តាក់ទុនរួមគ្នានេះត្រូវបានចុះធ្វើក្នុងឆ្នាំ ២០១៣ និងបង្កើតផលិតផលក្រោមម៉ាកសញ្ញា អង្គរមីល។
យោងទៅតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន វៀតណាម ឌែរី (ឆ្នាំ ២០១៥) ដែលចុះបញ្ជីនៅផ្សារហ៊ុននៅហាណូយបានប្រកាសពីចំណូលបន្ទាប់ពីកាត់ពន្ធជិត ៣៥០ លានដុល្លារកាលពីឆ្នាំ ២០១៥ កើន ២៨ ភាគរយបើធៀបនឹងឆ្នាំ ២០១៤។ ចំណូលសរុបរបស់ក្រុមហ៊ុនក្នុងឆ្នាំ ២០១៥ កើនឡើងដល់ ១,៨ ពាន់លានដុល្លារ កើន ១៤ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០១៤។
គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំនេះក្រុមឯកទេសផលិតផលហាឡាលកម្ពុជា និងក្រសួងពាណិជ្ជកម្មបានចុះត្រួតពិនិត្យវាយតម្លៃលក្ខខណ្ឌបច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា និងសម្រេចចេញវិញ្ញាបនបត្រសរុប ១៧៣ ដែលរួមមាន អាហារដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនសិប្បកម្ម រោងចក្រ ជាដើម៕ LA