ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​ដាក់ឱ្យ​ដំណើការ​ជា​ផ្លូវការ​នូវ​ឧបករណ៍​ផ្តល់​សន្ទនីយភាព​រយៈពេល​ខ្លី​ (Marginal Liquidity Facility-MLF) ក្នុង​គោលបំណង​ ដើម្បី​ជួយ​ឱ្យមាន​សន្ទនីយភាព​គ្រប់គ្រាន់​សម្រាប់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដើម្បី​យកទៅ​បំពេញ​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា​៖ «​ធនាគារជាតិ​នៃ​កម្ពុជា​សូម​ជម្រាបជូន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ជ្រាបថា ក្នុង​គោលបំណង​បន្ត​អភិវឌ្ឍ​ឧបករណ៍​នយោបាយ​រូបិយវត្ថុ ស្របតាម​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​ធនាគារ​បច្ចុប្បន្ន និង​ដើម្បី​ជំរុញ​ទីផ្សារ​អន្តរ​ធនាគារ​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ឡើងវិញ​ថែមទៀត ធនាគារជាតិ​នៃ​កម្ពុជា​ដាក់ឱ្យ​ដំណើការ​នូវ​ឧបករណ៍​នយោបាយ​រូបិយវត្ថុ​ថ្មី​មួយ​គឺ ឧបករណ៍​ផ្តល់​សន្ទនីយភាព​រយៈពេល​ខ្លី​ (MLF) ជា​ប្រាក់រៀល​ចាប់ពី​ថ្ងៃ​ពុធ ទី​ ១៥ ខែ កញ្ញា ឆ្នាំ​ ២០២១»​។

«​ឧបករណ៍​ផ្តល់​សន្ទនីយភាព​រយៈពេល​ខ្លី​ (MLF) នេះ​មាន​រយៈពេល​មួយ​យប់​ (Overnight) និង​អាច​ពន្យារពេលបាន​តិចជាង ឬ​ស្មើ​ ៥ ​ថ្ងៃ ដោយមាន​មូលបត្រ​អាច​ជួញដូរ​បាន​ (NCD) ជា​វត្ថុ​ធានា ដើម្បី​ជួយ​បំពេញ​កង្វះ​សន្ទនីយភាព​រយៈពេល​ខ្លី ដែល​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​មាន​តម្រូវការ​»​។ នេះ​បើតាម NBC​។

លោក សាយ សូនី នាយក​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ថ្មី​របស់ NBC ព្រោះ​វា​នឹង​ជួយ​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ជាពិសេស​គ្រឹះស្ថាន​ដែល​ខ្វះ​សន្ទនីយភាព​។

លោក​បាន​ប្រាប់ថា​៖ «​ប្រាសាក់​មិនមាន​បញ្ហា​ជាមួយនឹង​កង្វះ​សន្ទនីយភាព​នៅឡើយ​ពេលនេះ​។ NBC គ្រាន់តែ​បន្ថែម​ឧបករណ៍​ថ្មី​ ដើម្បី​ពង្រឹង​ប្រតិបត្តិការ​ធនាគារ​ក៏ដូចជា​ការពារ​វិស័យ​នេះ និង​អតិថិជន​ប៉ុណ្ណោះ​។ ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​កំពុង​បន្ត​ផ្តល់​ប្រាក់កម្ចី ហើយ​អ្នក​ដាក់​ប្រាក់​បញ្ញើ​រក្សា​ប្រាក់​ការដាក់​ប្រាក់​របស់​ពួកគេ​។ ចំណែក​វិនិយោគិន​ក៏​កំពុង​ស្វែងរក​ការវិនិយោគ​នៅក្នុង​វិស័យនេះ​ផងដែរ​។ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់ NBC ដែល​បានធ្វើការ​យ៉ាងសកម្ម​ភាព​គាំទ្រ​ដល់​វិស័យនេះ​ជាមួយនឹង​ការដាក់ឱ្យ​ដំណើរការ​នូវ​ឧបករណ៍​ថ្មី​នេះ​»​។

គិត​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ២៨ ខែកញ្ញា ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បានដាក់​ដេញថ្លៃ​ប្រមាណ​ជា ១៥០ ​លាន​ដុល្លារ សម្រាប់​ឱ្យ​ក្រុមហ៊ុន​ប្តូរប្រាក់ និង​វិស័យ​ហិរញ្ញវត្ថុ​ចូលមក​ដេញថ្លៃ​ក្នុង​គោលបំណង​រក្សា​ស្ថិរភាព​អត្រា​ប្តូរប្រាក់​ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក ក៏ដូចជា​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងអំឡុងពេល​វិបត្តិ​សុខភាព​ឆ្ពោះទៅរក​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ឆាប់រហ័ស​។

អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា លោកស្រី ជា សិរី បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍​ថា ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​កន្លងមក​នេះ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រក្សា​ស្ថិរភាព​តម្លៃ​ប្រាក់រៀល​បាន​យ៉ាងល្អប្រសើរ​។ ជា​លទ្ធផល​ស្ថិរភាព​ប្រាក់រៀល​បាន​ជួយ​រក្សា​អំណាច​ទិញ​របស់​ប្រាក់រៀល ពង្រឹង​ជំនឿ​ទុកចិត្ត ព្រមទាំង​លើកទឹកចិត្ត​សាធារណជន​ឱ្យ​ប្រើប្រាស់ និង​សន្សំ​ជា​ប្រាក់រៀល​។

លោកស្រី​ពន្យល់ថា​៖ «​ការណ៍​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការរក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ភាពរីកចម្រើន​សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​ចីរភាព​»៕ LA