
កម្ពុជាចុះ MoU ជាមួយអូស្ត្រាលីក្នុងក្របខ័ណ្ឌកម្មវិធីខ្សែចង្វាក់តម្លៃនៃ CAVAC II កាលពីម្សិលមិញ។ រូបថត CDC
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ស្តីពីការរៀបចំហិរញ្ញប្បទានសម្រាប់គាំទ្រការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារ (Agri-Food investment Desk-AFID) នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន CDC។
កម្មវិធីនេះធ្វើឡើងក្នុងក្របខ័ណ្ឌកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី CAVAC II ក្រោមអធិបតីភាព លោក សុក ចិន្តាសោភា អគ្គលេខាធិការ CDC និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី ២៩ ខែកញ្ញា តាមប្រព័ន្ធហ្ស៊ូម។
MoU នេះនឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការជំរុញវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិចំណីអាហារ ដើម្បីធ្វើឱ្យប្រសើរឡើងភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម។
ការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារ (មានការិយាល័យ) នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងជួយពង្រឹងមូលដ្ឋានកាន់តែរឹងមាំនៃវិស័យកសិចំណីអាហារឱ្យកាន់តែមានភាពធន់នៅកម្ពុជា តាមរយៈការធ្វើពិពិធកម្មធនធាន និងទម្រង់នៃការវិនិយោគ ដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យនេះ ព្រមទាំងបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនខ្មែរក្នុងវិស័យកសិ-ចំណីអាហារ។
លោក សុក ចិន្តាសោភា បានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ដែលបានផ្តល់ជំនួយបច្ចេកទេសដល់ CDC និងក្រសួងកសិកម្ម ដើម្បីធ្វើសកម្មភាពក្រោមកម្មវិធី CAVAC II។
លោកលើកឡើងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះស្ថានទូតសម្រាប់តួនាទីនៅក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្នុងគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិជំងឺកូវីដ ១៩»។
លោកថ្លែងទៀតថា៖ «ទន្ទឹមនឹងនេះច្បាប់ថ្មីស្ដីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានឹងផ្តល់ការលើកទឹកចិត្តឆ្លាតវៃដល់ការវិនិយោគតាមវិស័យ ខណៈការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ចំណីអាហារ ត្រូវបានកំណត់ជាវិស័យអាទិភាពដែលត្រូវជំរុញ និងលើកកម្ពស់ផលិតភាពបន្ថែមទៀត ដើម្បីធានាថាវិស័យទាំងនេះនឹងមានភាពធន់ និងចីរភាពក្នុងការរួមចំណែកដល់ការរក្សាលំនឹងសេដ្ឋកិច្ចឆ្លើយតបនឹងវិបត្តិកូវីដ ១៩»។
លោក Pablo Kang លើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីប្តេជ្ញាក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ពិសេសការលើកកម្ពស់ផលិតភាពក្នុងវិស័យកសិកម្ម តាមរយៈការរួមគ្នាជំរុញការវិនិយោគក្នុងវិស័យកសិ-ចំណីអាហារ។
លោកនិយាយថា៖ «ការផ្តល់ហិរញ្ញប្បទានដល់ការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហាររបស់ CDC នាពេលនេះ គឺជាការចូលរួមបន្ថែមទៀតរបស់អូស្ត្រាលីក្នុងការជួយបំពេញបន្ថែមដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងថែរក្សាការវិនិយោគក្នុងវិស័យកសិកម្ម កសិ-ធុរកិច្ច និងកសិ-ចំណីអាហារ»។
គិតត្រឹមខែសីហា ឆ្នាំ ២០២១ CDC បានសម្រេចបញ្ជីគម្រោង វិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣៧៦ ជាមួយនឹងទុនវិនិយោគ ៩,៧ ពាន់លានដុល្លារ។ នេះបើយោងតាម CDC៕ LA