កាលពី​សប្តាហ៍​មុន​តម្លៃ​ប្រេងឆៅ​បាន​ប្រែប្រួល​ក្នុង​ចន្លោះ​ពី ៦៩,៣២ ដល់ ៧៦ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។ ការកើនឡើង​នេះ​អាច​នឹង​បន្ត ខណៈ​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាពប្រសើរឡើង ស្របពេល​ការផ្គត់ផ្គង់​ទូទាំង​ពិភពលោក​ត្រូវបាន​រឹតបន្តឹង​ ដោយសារ​តែ​ការស្ទុះ​ងើបឡើង​វិញ​នៃ​តម្រូវការ​ប្រេងឥន្ធនៈ ហើយ​ផលប៉ះពាល់​នៃ​ព្យុះ IDA បាន​បង្ក​ផលប៉ះពាល់​ដល់​ផលិតកម្ម​ប្រេង​នៅ​អាមេរិក​។

កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ គេហទំព័រ​ Investing.com បាន​រាយការណ៍​ថា​៖ «​គិត​ត្រឹម​ថ្ងៃ​ចន្ទ តម្លៃ​ប្រេង​បាន​កើនឡើង​ ៥ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ចំពោះ​ប្រេង​ប្រភេទ Brent បាន​ឡើង​រយៈពេល ៣ ​សប្តាហ៍​ជាប់​គ្នា និង​មាន​អត្រា​ខ្ពស់បំផុត​បើ​គិត​ចាប់ពី​ខែតុលា​ឆ្នាំ​ ២០១៨ មក ហើយ​កំពុងមាន​ទំនោរ​ឆ្ពោះទៅរក​តម្លៃ ៨០ ​ដុល្លារ​។ ចំណែក​ប្រេងឆៅ​ប្រភេទ​កិច្ចសន្យា​អនាគត (US Crude Futures) បាន​កើនឡើង​ដល់ ៧៥.៤៥ ដុល្លារ​ដែល​ជា​តម្លៃ​ខ្ពស់បំផុត​បើ​រាប់​ចាប់ពី​ខែកក្កដា​មក​»​។

បន្ថែម​ពីនេះ គេហទំព័រ Dailyfx.com ក៏បាន​រាយការណ៍​ដែរ​ថា​៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​តម្លៃ​ប្រេង​បាន​បន្តដំណើរ​តាម​ទិសដៅ​កើនឡើង​ ខណៈ​កង្វះខាត​ទំនិញ​នៅតែ​ជា​កង្វល់​សំខាន់​សម្រាប់​សេដ្ឋកិច្ចពិភពលោក​។ ម្យ៉ាងទៀត ស្របពេល​កម្មវិធី​ចាក់​វ៉ាក់សាំង​បន្ត​ទទួលបាន​លទ្ធផល​ល្អ វិបត្តិ​ថាមពល​របស់​អឺរ៉ុប​ និង​ចិន គឺជា​កត្ដា​ដែល​ធ្វើឱ្យ​តម្លៃ​ប្រេង​កើនឡើង​ក្នុង​រយៈពេល ១ ​ខែ​ចុងក្រោយ​នេះ​។ បូករួម​នឹង​សម្ពាធ​អតិផរណា​ដែល​កំពុង​កើនឡើង​ទៀតសោត វា​ក៏​ជា​កត្តា​ដែល​អាច​ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent កើន​ដល់​ ៨០ ​ដុល្លារ​បាន​ផងដែរ​»​។

យោងតាម​ព័ត៌មាន​ខាងលើ វិនិយោគិន​អាច​នឹង​យល់ឃើញថា តម្លៃ​ប្រេងឆៅ​អាច​ធ្លាក់ចុះ​បាន​លុះត្រាតែ​ប្រទេស​មហាអំណាច និង​អង្គការ OPEC+ មាន​វិធានការ​លើ​ការដំឡើង​អត្រា​ទិន្នផល​ផលិត​ប្រេងឆៅ​ណាមួយ​ដែលមាន​ប្រសិទ្ធភាព​។ ដូច្នេះ សម្រាប់​ការវិភាគ​ជួញដូរ​នៅក្នុង​សប្តាហ៍​នេះ វិនិយោគិន​គួរតែ​ពិចារណា​ទិញ​ប្រេងឆៅ​ក្នុង​ចន្លោះ​តម្លៃ ៧២ ដុល្លារ ទៅ ៨០ ដុល្លារ​៕